អ៊ីរ៉ង់ និងអ្នកសម្របសម្រួលកាតា បើកកិច្ចចរចាជាថ្ងៃទី៣ ដើម្បីបញ្ចប់សង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់
បរទេស៖ ក្រុមអ្នកចរចាអ៊ីរ៉ង់បានស្ថិតនៅទីក្រុងដូហា កាលពីថ្ងៃអាទិត្យ សម្រាប់កិច្ចចរចាជាថ្ងៃទី៣ ជាប់ៗគ្នាជាមួយក្រុមអ្នកសម្របសម្រួលកាតា ក្នុងគោលបំណងជំរុញឱ្យមានកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាមរបស់អាមេរិក និង អ៊ីស្រាអែល មកលើអ៊ីរ៉ង់។ នេះបើតាមមន្ត្រីម្នាក់ដែលក្តាប់ បានព័ត៌មានអំពីកិច្ចពិភាក្សានេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters។
កិច្ចចរចានេះធ្វើឡើង ចំពេលមានក្តីបារម្ភថា ជម្លោះអាចនឹងកើនឡើងកម្តៅជាថ្មី បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាល អាណត្តិរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី៣ ខែវិច្ឆិកា ខាងមុខនេះ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកនឹងមិនបើកការវាយប្រហារថ្មីណាមួយមកលើអ៊ីរ៉ង់មុនការបោះឆ្នោតនោះទេ ហើយលោកបានបញ្ជាក់ថា កិច្ចពិភាក្សាជា មួយទីក្រុងតេអេរ៉ង់ ទទួលបានផ្លែផ្កា ទោះបីជាលោកមិនបានទាត់ ចោលលទ្ធភាពនៃប្រតិបត្តិការយោធាបន្ថែមទៀតនៅពេលក្រោយក៏ដោយ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស អារ៉ាក់ឈី (Abbas Araqchi) បានថ្លែងកាលពីថ្ងៃអាទិត្យថា គោលបំណងនៃកិច្ចចរចា “ដែលកំពុងបន្ត និងមានវឌ្ឍនភាព” នេះ គឺដើម្បីបន្តការពិគ្រោះយោបល់ ជាមួយអ្នកសម្របសម្រួលកាតា ដោយលោកបានបន្ថែមថា ទីក្រុងតេអេរ៉ង់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ “ទាំងការការពារជាតិ និងការទូត”។
ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោក Araqchi បានបញ្ជាក់ថា ការពិភាក្សាលើ “សំណើដែលមានរយៈពេលពីរថ្ងៃ” (two-day proposal) កំពុងតែបន្តនៅឡើយ ប៉ុន្តែមិនទាន់ឈានដល់សេចក្តីសន្និដ្ឋានចុងក្រោយណាមួយទេ។ ស្ថានីយទូរទស្សន៍កាតា អាល់ហ្សាហ្ស៊ីរ៉ា (Al Jazeera) បានដកស្រង់ សម្តីលោក Araqchi នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃសៅរ៍ ដែលលោកបានលើកឡើងថា អ្នកចរចាអ៊ីរ៉ង់ និងកាតា បានរៀបចំសំណើមួយដើម្បីបើកច្រកសមុទ្រ ហ័រមូស (Hormuz) ឡើងវិញ ក្នុងរយៈពេលពីរថ្ងៃ បន្ទាប់ពីអាចមានកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន។
អ៊ីរ៉ង់បានព្រមានជាច្រើនលើកច្រើនសារថា ខ្លួននឹងវាយបកឆ្លើយតបចំពោះការវាយប្រហារថ្មីណាមួយ ដោយកំណត់គោលដៅវាយប្រហារ លើទីតាំងនានារបស់អាមេរិក និងអ៊ីស្រាអែល ដែលស្ថិតនៅក្នុងប្រទេសជិតខាង ខណៈដែលសង្គ្រាមដែលមានអាយុកាល ៨ ខែនេះ នៅតែបន្តរំខានដល់ការផ្គត់ផ្គង់ប្រេងពិភពលោក និងរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា។
លោក Araqchi បានថ្លែងទាក់ទិននឹងកិច្ចពិភាក្សា ជាមួយមន្ត្រីកាតាថា៖ “យើងកំពុងប្រឹងប្រែងឱ្យអស់ ពីសមត្ថភាពនៅក្នុងដំណើរការនេះ ហើយយើងសង្ឃឹមថា ភាគីម្ខាងទៀតនឹងមានហេតុផលសមស្រប ដែលជំរុញឱ្យពួកគេផ្តល់អាទិភាពលើការទូត ជាជាងជ្រើសរើសផ្លូវផ្សេងទៀត”។
ប្រែសម្រួល៖ គីរី
