ព័ត៌មានអន្តរជាតិ

កងកម្លាំងរដ្ឋាភិបាលយេម៉ែន វាយដណ្តើមបានទីតាំង យុទ្ធសាស្ត្រសំខាន់ៗនៅខេត្ត Al-Jawf ពីក្រុមហូធី

បរទេស ៖ រដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ដោយអន្តរជាតិ បានប្រកាសថា កងកម្លាំងរបស់ខ្លួនបានវាយដណ្តើមយកមកវិញនូវទីតាំងយោធា និងតំបន់ខ្ពង់រាបយុទ្ធសាស្ត្រ នៅភាគខាងកើតនៃទីក្រុងអាល់ហាហ្សឹម (al-Hazm) ដែលជារដ្ឋធានីនៃខេត្តអាល់ហ្សាហ្វភាគខាងជើង។ ទន្ទឹមនឹងនោះ ការប្រយុទ្ធគ្នានៅតែបន្តធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើង នៅក្នុងទីក្រុងតាហ្ស៊ី (Taiz) ដែលកំពុងស្ថិតក្រោមការឡោមព័ទ្ធ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Aljazeera ថ្ងៃទី១ ខែវិច្ឆិកា  ឆ្នាំ២០២៦ ។

មជ្ឈមណ្ឌលព័ត៌មានកងទ័ពបានបង្ហោះសារនៅលើបណ្តាញសង្គម X កាលពីថ្ងៃសៅរ៍ថា កងពលតូចសង្គ្រោះបន្ទាន់ទី១ (1st Emergency Brigade) បានរឹបអូសឃ្លាំងអាវុធ និងគ្រាប់រំសេវ បន្ទាប់ពីបានបាញ់ឱ្យរបួស សម្លាប់ និងចាប់ខ្លួនអ្នកប្រយុទ្ធក្រុមហូធី (Houthi) ជាច្រើននាក់។ ប្រភពដដែលនេះ ក៏បានបញ្ជាក់ផងដែរថា ការវាយប្រហារនេះបានបណ្តាលឱ្យមានការបំផ្លាញរថពាសដែកជាច្រើនគ្រឿង។

​ចំណែកឯក្រុមហូធីវិញ បានអះអាងថា ពួកគេបានរារាំងការរុលទៅមុខរបស់កងកម្លាំងរដ្ឋាភិបាល នៅក្នុងខេត្តអាល់ហ្សាហ្វ និងខេត្តម៉ារីប (Marib) ដែលនៅជិតខាង។

​ខេត្តអាល់ហ្សាហ្វ មានព្រំប្រទល់ជាប់ប្រទេសអារ៉ាប៊ីសាអូឌីត និងស្ថិតនៅទន្ទឹមនឹងខេត្តសានណា (Sanaa) និងខេត្តសាដា (Saada) ដែលគ្រប់គ្រងដោយក្រុមហូធី ដែលនេះធ្វើឱ្យវាក្លាយជាសមរភូមិយុទ្ធសាស្ត្រដ៏សំខាន់ នៅក្នុងយុទ្ធនាការរបស់រដ្ឋាភិបាលដើម្បីដណ្តើមយកទឹកដីមកវិញ។ ការប្រយុទ្ធគ្នានេះ គឺជាផ្នែកមួយនៃប្រតិបត្តិការព្រឹកព្រលឹមនៃយេម៉ែន (Operation Dawn of Yemen) ដែលត្រូវបានចាប់ផ្តើមក្នុងខែតុលា ដើម្បីវាយបក និងដណ្តើមយកមកវិញនូវការគ្រប់គ្រងរបស់រដ្ឋាភិបាល លើទឹកដីដែលត្រូវបានក្រុមហូធីដណ្តើមកាន់កាប់ តាំងពីការវាយលុកយកទីក្រុងសានណាក្នុងឆ្នាំ២០១៤។

​ការប្រយុទ្ធគ្នាក៏នៅតែបន្តផងដែរនៅជុំវិញទីក្រុងតាហ្ស៊ី ភាគខាងត្បូងប្រទេសយេម៉ែន ដោយកងកម្លាំងរដ្ឋាភិបាលបានអះអាងថា ពួកគេបានវាយបកទប់ទល់នឹងការវាយប្រហាររបស់ក្រុមហូធីនៅតំបន់ អាល់អាគ្រុត (al-Aqroudh) ភាគអាគ្នេយ៍នៃទីក្រុង និងនៅសមរភូមិ ទួរ អាល់បាហា (Tur al-Baha) ក្នុងខេត្តឡាហ៊ីក (Lahij) ដែលនៅក្បែរនោះ។

​ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រក្រុមហូធីបានរាយការណ៍ថា មានការវាយប្រហារតាមផ្លូវអាកាសចំនួនពីរលើក ទៅលើទីតាំងក្រុមហ៊ុនប្រេងមួយកន្លែងនៅក្នុងស្រុក បាជីល (Bajil) នៃខេត្តហូដេដា (Hodeidah)។

ប្រែសម្រួល៖ គីរី

To Top