ព័ត៌មានអន្តរជាតិ

វៀតណាមកាត់ បន្ថយពន្ធប្រេងឥន្ធនៈដល់សូន្យ រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៧

បរទេស៖ ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ប្រទេសវៀតណាមបានកាត់បន្ថយពន្ធលើការប្រើប្រាស់ពិសេស (Special Consumption Tax) សម្រាប់ប្រេងឥន្ធនៈគ្រប់ប្រភេទមកនៅត្រឹម ០ ភាគរយ។ ការកាត់បន្ថយពន្ធនេះបានធ្វើឱ្យតម្លៃលក់រាយប្រេងឥន្ធនៈថយចុះជាង ១ ៨០០ ដុងក្នុងមួយលីត្រ ដែលជាវិធានការរបស់រដ្ឋាភិបាលក្នុងគោលបំណងសម្រាលបន្ទុកថ្លៃប្រេងឥន្ធនៈ និងទប់ស្កាត់សម្ពាធអតិផរណានៅក្នុងអំឡុងពេលចុងឆ្នាំនេះ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ថា យោងតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាលលេខ ៤៥/២០២៦/NQ-CP ដែលបានចុះហត្ថលេខានៅថ្ងៃទី ៣១ ខែតុលា អត្រាពន្ធ ០ ភាគរយនេះនឹងត្រូវអនុវត្តរហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៧។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់វៀតណាមបានឱ្យដឹងថា ការកាត់បន្ថយពន្ធនេះបាននាំឱ្យមានការកែសម្រួលតម្លៃប្រេងឥន្ធនៈក្នុងស្រុកយ៉ាងខ្លាំង ដោយតម្លៃប្រេង E5 RON 92 បានថយចុះ ១ ៨០៤ ដុងក្នុងមួយលីត្រ មកនៅត្រឹមមិនលើសពី ២៤ ២២៣ ដុង (ស្មើនឹង ០,៩៤ ដុល្លារអាមេរិក) ខណៈដែលតម្លៃប្រេង E10 RON 95-III បានថយចុះ ១ ៥៧៥ ដុង មកនៅត្រឹម ២៤ ១៥៩ ដុងក្នុងមួយលីត្រ។

តម្លៃថ្មីនេះបានចាប់ផ្តើមអនុវត្តនៅម៉ោង ១២ យប់ ថ្ងៃទី ១ ខែវិច្ឆិកា។

មុនពេលមានការកែសម្រួលនេះ យោងតាមច្បាប់ស្តីពីពន្ធលើការប្រើប្រាស់ពិសេសដែលបានចូលជាធរមានកាលពីថ្ងៃទី ១ ខែកក្កដា អត្រាពន្ធលើការប្រើប្រាស់ពិសេសសម្រាប់ប្រេងសាំងធម្មតាគឺ ១០ ភាគរយ, សម្រាប់ប្រេងឥន្ធនៈជីវៈ E5 គឺ ៨ ភាគរយ និងសម្រាប់ប្រេងឥន្ធនៈជីវៈ E10 គឺ ៧ ភាគរយ។
ប្រែសម្រួលៈ តុលា

To Top