ទីក្រុងតូក្យូ ៖ ការវិភាគ ដោយក្រុមហ៊ុន GMO Internet Group Inc. បានរកឃើញថា ក្រុមហេគឃ័រ (Hacker) ដែលមានទំនាក់ទំនង ជាមួយប្រទេសកូរ៉េខាងជើង ទំនងជាអ្នកនៅពីក្រោយការវាយប្រហារ តាមអ៊ីនធឺណិត មកលើក្រុមហ៊ុនកាលពីខែមុន ។ នេះបើតាមប្រភពជិតស្និទ្ធនឹងបញ្ហានេះបានឱ្យដឹងកាលពីថ្ងៃអាទិត្យ ដោយយោងទៅលើលក្ខណៈនៃមេរោគ (Malware) ដែលត្រូវបានប្រើប្រាស់ និងដានផ្សេងៗទៀត ដែលបន្សល់ទុកដោយជនល្មើស នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Kyodo ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ក្រុមហ៊ុនហាក់ដូចជាបានរាយការណ៍បញ្ហានេះ ទៅកាន់រដ្ឋាភិបាលរួចរាល់ហើយ ហើយបច្ចុប្បន្ននឹងផ្តោតការយកចិត្តទុកដាក់ លើការកំណត់ស្ថានភាពជាក់ស្តែង នៃការវាយប្រហារនេះឱ្យបានពេញលេញ។
សារព័ត៌មាន Kyodo News ដោយសហការជាមួយអ្នកជំនាញផ្នែកសន្តិសុខ ក៏បានរកឃើញផងដែរថា អាសយដ្ឋាន IP ចំនួន ៥ ដែលត្រូវបានប្រើប្រាស់ ដើម្បីចូលប្រើប្រាស់គេហទំព័រមួយ ដែលបានចេញមុខអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារ ភ្លាមៗបន្ទាប់ពីគេហទំព័រនោះបានដំណើរការ គឺស្របគ្នាទៅនឹង IP ដែលធ្លាប់ត្រូវបានប្រើប្រាស់ពីមុន ដោយក្រុមហេគឃ័រកូរ៉េខាងជើង។
យោងតាមប្រភពសន្តិសុខអ៊ីនធឺណិតបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា គេហទំព័រនេះមានផ្ទុកនូវដានដែលភ្ជាប់ទៅនឹងប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក និងជប៉ុន ដែលបង្ហាញថា ហេគឃ័រអាចនឹងព្យាយាមបំភាន់អ្នកស៊ើបអង្កេត តាមរយៈប្រតិបត្តិការក្លែងបន្លំទិសដៅ (False Flag Operation)។
ការវិភាគដោយឡែកមួយទៀតលើគេហទំព័រនេះបានរកឃើញថា ឈ្មោះដែន (Domain) របស់វា ត្រូវបានទិញពីក្រុមហ៊ុនអាមេរិកមួយកាលពីថ្ងៃទី១ ខែកញ្ញា ហើយម៉ាស៊ីនមេ (Hosting Server) របស់វា ក៏ត្រូវបានផ្តល់ដោយក្រុមហ៊ុនដដែលនោះផងដែរ។ ពេលវេលានៃការបង្កើតឯកសារត្រូវបានកំណត់ជាម៉ោងនៅសហរដ្ឋអាមេរិក ខណៈដែលប្រព័ន្ធប្រតិបត្តិការត្រូវបានកំណត់ជាភាសាអង់គ្លេស។
ផ្នែកមួយនៃកម្មវិធីដែលត្រូវបានប្រើប្រាស់ដើម្បីប្រមូលកំណត់ហេតុអ្នកចូលមើល (Visitor Logs) មានផ្ទុកអត្ថបទជាភាសាជប៉ុន និងបង្ហាញពីលក្ខណៈដែលបញ្ជាក់ថាវាត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ ឯកសារដែលបានបង្ហោះនៅលើគេហទំព័រនេះ ត្រូវបានបង្កើតឡើងដោយប្រើកម្មវិធីសូហ្វវែរដែលអភិវឌ្ឍនៅក្នុងប្រទេសចិន និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅទីនោះ។
ការវិភាគរបស់អ្នកជំនាញផ្នែកសន្តិសុខដែលបានរកឃើញកាលពីថ្ងៃសៅរ៍ បានបញ្ជាក់ថា គេហទំព័រមួយដែលបង្កើតឡើងសម្រាប់ជនរងគ្រោះនៃការវាយប្រហារលើក្រុមហ៊ុន GMO ដើម្បីចែករំលែកព័ត៌មាននោះ ក៏អាចត្រូវបានបង្កើតឡើងដោយអ្នកវាយប្រហារនេះតែម្តង ដោយសារតែរចនាសម្ព័ន្ធគេហទំព័រនេះមានភាពស្រដៀងគ្នាយ៉ាងច្រើនទៅនឹងគេហទំព័រដែលបានប្រើដើម្បីអះអាងពីការទទួលខុសត្រូវចំពោះការវាយប្រហារ។ អ្នកជំនាញបានលើកឡើងថា អ្នកវាយប្រហារប្រហែលជាស្វែងរកការទាញយកព័ត៌មានបន្ថែមពីជនរងគ្រោះតាមរយៈគេហទំព័រ “វេទិកាចែករំលែកព័ត៌មានជនរងគ្រោះ” នេះ។
យោងតាមការវិភាគ គេហទំព័រនេះត្រូវបានចុះឈ្មោះនៅថ្ងៃទី១៩ ខែតុលា គឺពីរថ្ងៃមុនពេលក្រុមហ៊ុនផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតជប៉ុនមួយនេះ បានប្រកាសជាសាធារណៈអំពីការវាយប្រហារនេះ។ គេហទំព័រចែករំលែកព័ត៌មាននេះ ត្រូវបានបញ្ជាក់ថាបានបើកដំណើរការត្រឹមថ្ងៃទី២២ ខែតុលា។
អ្នកជំនាញម្នាក់បាននិយាយថា គេហទំព័រទាំងពីរនេះមានរចនាបថទូទៅស្រដៀងគ្នា និងមានការចែករំលែកផ្នែកខ្លះនៃកូដប្រភព (Source Code) របស់ពួកវា ដែលធ្វើឱ្យពួកវាមានលក្ខណៈ “ស្ទើរតែដូចគ្នាទាំងស្រុង” ។
កាលពីសប្តាហ៍មុន ក្រុមហ៊ុនបានបញ្ជាក់ថា ព័ត៌មានអតិថិជនដែលទាក់ទងនឹងសេវាកម្មជួញដូររូបិយប័ណ្ណបរទេស (Foreign Exchange) របស់ខ្លួន ត្រូវបានបែកធ្លាយដោយគ្មានការអនុញ្ញាត និងត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការបោកប្រាស់។
Hacker បានគំរាមបញ្ចេញព័ត៌មានអតិថិជន និងធ្វើការវាយប្រហារដោយមេរោគទារប្រាក់ (Ransomware)។ ក្រុមហ៊ុន GMO មិនបានឆ្លើយតបទៅនឹងការទាមទារនេះទេ ដែលជាហេតុធ្វើឱ្យព័ត៌មានអតិថិជនមួយចំនួនត្រូវបានគេបញ្ចេញកាលពីថ្ងៃអង្គារ។
ជនរងគ្រោះម្នាក់បាននិយាយថា ពួកគេទទួលបានអ៊ីមែលជាច្រើននៅយប់ថ្ងៃទី២២ ខែតុលា ពីនរណាម្នាក់ដែលប្រើឈ្មោះស្តាប់ទៅដូចជាជនជាតិរុស្ស៊ី ដោយអះអាងថាខ្លួនជាអ្នកវាយប្រហារ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន GMO GlobalSign K.K. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធទទួលបន្ទុកអាជីវកម្មផ្ទៀងផ្ទាត់សិទ្ធិរបស់ក្រុមហ៊ុនខាងលើ បាននិយាយថា ព័ត៌មានផ្ទាល់ខ្លួនរបស់មនុស្សយ៉ាងហោចណាស់ ៤៥.០០០ នាក់នៅតាមក្រុមហ៊ុនជាអតិថិជន ត្រូវបានបែកធ្លាយតាមរយៈសេវាកម្មគ្រប់គ្រងអត្តសញ្ញាណប័ណ្ណបុគ្គលិករបស់ខ្លួន។
ប្រែសម្រួល៖ គីរី
