រោងចក្រកាត់ដេរ នៅបង់ក្លាដែសបើកដំណើរការឡើងវិញ ខណៈការតវ៉ាទាមទារដំឡើង ប្រាក់ឈ្នួលធ្វើឱ្យវិស័យនេះ ស្ថិតក្នុងភាពតានតឹង
បរទេស៖ រោងចក្រកាត់ដេរនៅប្រទេសបង់ក្លាដែស បានបើកដំណើរការឡើងវិញហើយនៅថ្ងៃចន្ទ បន្ទាប់ពីមានការបិទទ្វារ ជាទ្រង់ទ្រាយធំ និងការរំខានដល់ផលិតកម្មកាលពីថ្ងៃមុន ។ ទោះជាយ៉ាងណាក៏ដោយ ម្ចាស់រោងចក្រនៅតែមានក្តីបារម្ភអំពីភាពចលាចល ដែលអាចកើតមានបន្តទៀត ពាក់ព័ន្ធនឹងការទាមទាររបស់កម្មករឱ្យដំឡើងប្រាក់ឈ្នួល។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ថា វិស័យកាត់ដេរនេះ គឺជាប្រភពចំណូលជាង ៨០% នៃការនាំចេញសរុបរបស់ប្រទេសបង់ក្លាដែស ដោយផ្តល់ការងារដល់កម្មករប្រមាណ ៤ លាននាក់ និងរួមចំណែកប្រហែល ១០% នៃផលិតផលក្នុងស្រុកសរុប (GDP)។
ភាពចលាចលថ្មីៗនេះ បានរំខានដល់ប្រតិបត្តិការនៅក្នុងមជ្ឈមណ្ឌលផលិតកម្មសំខាន់ៗ និងបង្កក្តីបារម្ភអំពីការនាំចេញ ក៏ដូចជាទំនុកចិត្តរបស់អ្នកទិញដែលមានចំពោះប្រទេសបង់ក្លាដែស ដែលជាប្រទេសនាំចេញសម្លៀកបំពាក់ធំជាងគេទីពីររបស់ពិភពលោក បន្ទាប់ពីប្រទេសចិន។ ភាពតានតឹងនេះកើតឡើង ខណៈដែលកម្មករទាមទារឱ្យដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំខែដល់ ៣០.០០០ តាកា (ស្មើនឹង ២៤៣ ដុល្លារអាមេរិក) ពីចំនួន ១២.៥០០ តាកា។
ការទាមទារនេះឆ្លុះបញ្ចាំងពីសម្ពាធកាន់តែខ្លាំងឡើង ដែលបណ្តាលមកពីការកើនឡើងនៃថ្លៃចំណាយលើការរស់នៅ និងអតិផរណាដែលនៅតែបន្តកើតមាន។ កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលបានបង្កើតគណៈកម្មការកំណត់ប្រាក់ឈ្នួលអប្បបរមាដែលមានសមាជិកចំនួន ៦ រូប ដើម្បីពិនិត្យមើលសំណើនេះ ប៉ុន្តែវិធានការនេះមិនអាចបញ្ឈប់ភាពចលាចលបានភ្លាមៗនោះទេ។
ប្រែសម្រួលៈ តុលា
