ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ធំៗ ទាំងបីរបស់ចិន ទំនងជានឹងជួបប្រទះ ការខាតបង់ពេញមួយឆ្នាំ ដោយសារការកើនឡើងនៃថ្លៃប្រេងឥន្ធនៈយន្តហោះ

បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ធំៗ ទាំងបីរបស់ចិន កំពុងប្រឈមមុខនឹងការខាតបង់ពេញមួយឆ្នាំ បន្ទាប់ពីលទ្ធផលប្រតិបត្តិការ ក្នុងត្រីមាសទីបីមានភាពទន់ខ្សោយជាងឆ្នាំមុនយ៉ាងខ្លាំង ។ ស្ថានភាពនេះបណ្តាលមកពីការកើនឡើងនៃថ្លៃប្រេងឥន្ធនៈយន្តហោះ តម្លៃសំបុត្រក្នុងស្រុកទាប និងការរំខានដោយសារព្យុះទីហ្វុង ដែលបានប៉ះពាល់ដល់ រយៈពេលដែលជាធម្មតាជាពេលវេលាដែលពួកគេរកប្រាក់ចំណេញបានច្រើនបំផុត។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ថា យោងតាមការប៉ាន់ប្រមាណរបស់អ្នកវិភាគដែលចងក្រងដោយ LSEG គឺ ក្រុមហ៊ុន Air China និង China Eastern Airlines ទំនងជានឹងជួបប្រទះការខាតបង់សុទ្ធប្រចាំឆ្នាំជាលើកទីប្រាំពីរជាប់ៗគ្នា ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតកូវីដ-១៩ មក។

ការប៉ាន់ប្រមាណដដែលបានបង្ហាញថា ក្រុមហ៊ុន China Southern Airlines ដែលធ្លាប់បានងើបមកទទួលបានប្រាក់ចំណេញវិញនៅឆ្នាំ ២០២៥ (ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៩) នោះ ឥឡូវនេះក៏ទំនងជានឹងធ្លាក់ចូលទៅក្នុងស្ថានភាពខាតបង់វិញផងដែរ។

ប្រាក់ចំណេញសុទ្ធក្នុងត្រីមាសទីបីរបស់ក្រុមហ៊ុន Air China បានធ្លាក់ចុះ ៩២,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយនៅសល់ត្រឹម ២៧០,៦ លានយន់ (៤០,៦២ លានដុល្លារអាមេរិក)។ ចំណែកក្រុមហ៊ុន China Eastern វិញ បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធចំនួន ៦៤ លានយន់សម្រាប់ត្រីមាសនេះ ដែលជាការធ្លាក់ចុះ ៩៨,២% បើធៀបនឹងឆ្នាំ ២០២៥។

ក្រុមហ៊ុន China Southern បានជួបប្រទះ ការខាតបង់សុទ្ធចំនួន ៦០៩ លានយន់នៅក្នុងត្រីមាសទីបី ខណៈដែលកាលពីឆ្នាំមុនក្រុមហ៊ុននេះ ទទួលបានប្រាក់ចំណេញសុទ្ធចំនួន ៣,៨៤ ពាន់លានយន់។

ក្រុមហ៊ុនអាកាសចរណ៍ទាំងបី សុទ្ធតែបានរាយការណ៍ពីការខាតបង់ សម្រាប់រយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ ដែលជាអំឡុងពេលដែលពួកគេធ្លាប់ រកប្រាក់ចំណេញបានកាលពីឆ្នាំ ២០២៥។
ប្រែសម្រួលៈ តុលា

To Top