ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង​ ច្រានចោលការចោទ ប្រកាន់របស់អាមេរិក ពាក់ព័ន្ធនឹងករណីលួចរូបិយប័ណ្ណគ្រីបតូ​ តម្លៃ ៦ ពាន់លានដុល្លារ

ព្យុងយ៉ាង៖​ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង​ បានច្រានចោលការចោទប្រកាន់ របស់សហរដ្ឋអាមេរិក ដែលថាខ្លួនជាអ្នកនៅពីក្រោយការលួចរូបិយប័ណ្ណគ្រីបតូ ក្នុងទំហំទឹកប្រាក់ ៦ ពាន់លានដុល្លារពីវេទិកា Binance ដោយចាត់ទុកការចោទប្រកាន់នោះថាជា «វោហាសាស្ត្រគ្មានហេតុផល»។ ទីក្រុងព្យុងយ៉ាង​ បានឧ្យដឹងថា ការចោទប្រកាន់នេះ​ គឺជាភស្តុតាងបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន​ នៅតែបន្តមានអាកប្បកិរិយាអរិភាពចំពោះខ្លួន។

ការបដិសេធដែលចេញដោយលោកស្រី​ គីម​ យូជុង​ ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំលោក​ គម​ ជុងអ៊ុន​ បានកើតឡើងនៅពេលដែលទីក្រុងព្យុងយ៉ាង​ នៅស្ងៀមមិនអើពើនឹងសំណើរបស់ប្រធានាធិបតីអាមេរិកលោក​ ដូណាល់​ ត្រាំ​ ដើម្បីបន្តការទូតកិច្ចប្រជុំកំពូល។ លោកស្រី​ គីម​ យូជុង បានព្រមានថា​ កូរ៉េខាងជើង​ មានបញ្ហាដែលត្រូវពិចារណាឡើងវិញលើអ្វីដែលខ្លួនហៅថាអរិភាពរបស់សហរដ្ឋអាមេរិក។

FBI បានឧ្យដឹងកាលពីចុងសប្តាហ៍ថា​ កូរ៉េខាងជើង​ ទទួលខុសត្រូវចំពោះការលួចទ្រព្យសម្បត្តិនិម្មិតជាង 6 ពាន់លានដុល្លារពីវេទិកា​ Binance ដែលជាការផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូធំបំផុតរបស់ពិភពលោក ដែលអាចជាការលួចហិរញ្ញវត្ថុដ៏ធំបំផុតមិនធ្លាប់មាន។

KCNA បានដកស្រង់សម្តី លោកស្រី​ គីម​ យូជុង​ ថា “FBI កំពុងព្យាយាមដាក់ឈ្មោះ កូរ៉េខាងជើង ថាជា ‘រដ្ឋឧក្រិដ្ឋជនតាមអ៊ីនធឺណិត’ ដោយអះអាងថា​ ខ្លួនទទួលបានព័ត៌មានថា​ អង្គការលួចចូល ‘គាំទ្រ’ ដោយកូរ៉េខាងជើង មានជាប់ពាក់ព័ន្ធនឹងហេតុការណ៍នេះ”។

លោកស្រីបានលើកឡើងថា​ “ប៉ុន្តែការអះអាងរបស់សហរដ្ឋអាមេរិក​ គឺជាវោហាសាស្ត្រមិនសមហេតុផល ហើយគ្មានអ្វីថ្មីនោះទេ”។

លោកស្រីបន្ដថា​ “វាជាការញុះញង់នយោបាយយ៉ាងធ្ងន់ធ្ងរ ប្រឆាំងនឹងកូរ៉េខាងជើង ដែលសហរដ្ឋអាមេរិក​ បំភាន់មតិសាធារណៈអន្តរជាតិ ដូចជាឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតទាំងអស់ នៅក្នុងតំបន់ផ្សេងៗគ្នា នៃពិភពលោកគឺជាទង្វើរបស់យើង”។

អ្នកជំនាញសន្តិសុខ តាមអ៊ីនធឺណិតឧ្យដឹងថា ក្រុម Hacker កូរ៉េខាងជើង​ ស្ថិតក្នុងចំណោមចោរលួច រូបិយប័ណ្ណឌីជីថល ដែលមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ពិភពលោក ហើយប្រាក់ចំណូលនេះ ជួយផ្តល់មូលនិធិដល់កម្មវិធីអាវុធ របស់ប្រទេស​ ប៉ន្ដែកូរ៉េខាងជើង​ បដិសេធការចោទប្រកាន់ទាំងអស់ អំពីទំនាក់ទំនងរបស់ខ្លួនទៅនឹងការលួចរូបិយប័ណ្ណឌីជីថល និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតផ្សេងទៀត៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top