វ៉ាស៊ីនតោន៖ ការចែករំលែកព័ត៌មានសម្ងាត់ របស់សហរដ្ឋអាមេរិក ស្តីពីបញ្ហាអ៊ីរ៉ង់ និងការគំរាមកំហែងជាសកល ផ្សេងៗទៀត ជាមួយសភា និងរដ្ឋាភិបាលសហព័ន្ធ មានភាពយឺតយ៉ាវ ហើយក្នុងករណីខ្លះ ត្រូវបានបញ្ឈប់ជា បណ្តោះអាសន្ន ក្នុងអំឡុងអាណត្តិទីពីររបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ (Donald Trump)។ នេះបើយោងតាមមន្ត្រីបច្ចុប្បន្ន និងអតីតមន្ត្រីចំនួនប្រាំបីរូប ព្រមទាំងអ្នកដែលទទួលបានព័ត៌មានជុំវិញបញ្ហានេះ។
អតីតមន្ត្រី និងអ្នកជំនាញខាងក្រៅបានលើកឡើងថា ការរអាក់រអួលទាំងនេះបង្កហានិភ័យដោយទុក ឱ្យអ្នកបង្កើតគោលនយោបាយទទួលបានរូបភាព មិនពេញលេញអំពីការគំរាមកំហែងដែលប្រទេសជាតិកំពុងប្រឈម ដែលឆ្លុះបញ្ចាំងពីភាពបរាជ័យផ្នែកព័ត៌មានសម្ងាត់ ដូចដែលធ្លាប់បានលាតត្រដាងក្រោយការវាយប្រហាររបស់ក្រុម អាល់កៃដា (Al Qaeda) កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ (ព្រឹត្តិការណ៍ 9/11)។ ភាពយឺតយ៉ាវនេះកើតឡើង ស្របពេល ដែលរដ្ឋបាលអាមេរិកកំពុងថ្លឹងថ្លែងថា តើត្រូវបន្តការវាយប្រហារលើ ប្រទេសអ៊ីរ៉ង់ឡើងវិញឬយ៉ាងណា បន្ទាប់ពីការបោះឆ្នោត ពាក់កណ្តាលអាណត្តិនាថ្ងៃអង្គារ នេះបើយោងតាមការ ចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០២៦ ។
បញ្ហាទាំងនេះបានលេចឡើង ក្នុងអំឡុងពេលដែលអ្នកស្រី ធុលស៊ី ហ្គាបបាដ (Tulsi Gabbard) កាន់តំណែងជាប្រធាន ស៊ើបការណ៍សម្ងាត់ជាតិ (Director of National Intelligence) ចំពេលមានភាពតានតឹងយ៉ាងខ្លាំង រវាងការិយាល័យរបស់អ្នកស្រី និង ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (CIA)។ ទោះបីជាភាពតានតឹងទាំងនោះ បានថយចុះ ចាប់តាំងពីការលាលែង ពីតំណែងរបស់អ្នកស្រីកាលពីខែមិថុនាក៏ដោយ ប៉ុន្តែបញ្ហាដែលកើតចេញពីការ ប៉ះទង្គិចគ្នានោះ នៅតែបន្តកើតមាន នេះបើតាមការបញ្ជាក់របស់មន្ត្រីអាមេរិកពីររូបដែលដឹងរឿងនេះច្បាស់។
មន្ត្រីដដែលបានឱ្យដឹងថា ទីភ្នាក់ងារ CIA បានបញ្ឈប់ការសហការសរសេរ របាយការណ៍វាយតម្លៃរួមគ្នា ជាមួយក្រុមប្រឹក្សាស៊ើបការណ៍សម្ងាត់ជាតិ (NIC) ដែលជាក្រុមអ្នកវិភាគស្ថិតនៅក្រោមការិយាល័យ ប្រធានស៊ើបការណ៍សម្ងាត់ជាតិ (ODNI) ដែលជាហេតុធ្វើឱ្យមានការថយចុះនូវចំនួនរបាយការណ៍ ដែលប្រមូលផ្តុំទស្សនៈរួមរបស់សហគមន៍ព័ត៌មានសម្ងាត់ ដើម្បីផ្តល់ជូនអ្នកធ្វើសេចក្តីសម្រេចចិត្តលើប្រធានបទនានា រួមទាំងបញ្ហាអ៊ីរ៉ង់ផងដែរ។
យោងតាមប្រភពពីររូបដែលដឹងរឿងនេះ បានឱ្យដឹងថា សមាជិកសភា និងបុគ្គលិករបស់ពួកគេ ក៏ត្រូវបានផ្អាកមិនឱ្យទទួលរបាយការណ៍ព័ត៌មានសម្ងាត់ពីការិយាល័យរបស់អ្នកស្រី Gabbard មួយរយៈពេលខ្លីផងដែរ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីការអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់កាលពីខែមិថុនា ឆ្នាំ២០២៥ និងម្តងទៀតបន្ទាប់ពីការចាប់ខ្លួនអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolás Maduro) នៅក្នុងខែមករា ឆ្នាំ២០២៦ ។ ក្រុមការងាររបស់អ្នកស្រី Gabbard បានចោទប្រកាន់សមាជិកសភាថា បានទម្លាយព័ត៌មានសម្ងាត់ទៅកាន់សារព័ត៌មាន។
ការរអាក់រអួលក្នុងការចែករំលែកព័ត៌មានសម្ងាត់នេះ មិនត្រូវបានរាយការណ៍ជាសាធារណៈពីមុនមកនោះទេ។
អ្នកនាំពាក្យ CIA លោកស្រី លីស ឡាយអន (Liz Lyons) បានថ្លែងថា ទីភ្នាក់ងារ CIA «បានចូលរួមយ៉ាងពេញលេញ» នៅក្នុងដំណើរការផ្តល់ការវាយតម្លៃព័ត៌មានសម្ងាត់ តាមរយៈសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃរបស់ប្រធានាធិបតី (Presidential Daily Brief) ដែលដឹកនាំដោយ ODNI និងតាមរយៈស្ថាប័ន NIC ។
បច្ចុប្បន្ននេះ អតីតមន្ត្រីមួយចំនួនកំពុងធ្វើការរួមគ្នាដោយមានការចូលរួមពីគណបក្សទាំងពីរ (Bipartisan basis) នៅវិទ្យាស្ថាន Hoover នៃសាកលវិទ្យាល័យ Stanford ដើម្បីរៀបចំផែនការកសាងសហគមន៍ព័ត៌មានសម្ងាត់ឡើងវិញ សម្រាប់រដ្ឋបាលអាណត្តិបន្ទាប់ នេះបើតាមសម្តីរបស់អតីតមន្ត្រីអាមេរិកចំនួនបួនរូប។
អ្នកស្រី បេត សានន័រ (Beth Sanner) អតីតនាយករងផ្នែកស៊ើបការណ៍សម្ងាត់ជាតិ ក្នុងអំឡុងអាណត្តិទីមួយរបស់លោក ត្រាំ បានមានប្រសាសន៍ថា៖ «រឿងរ៉ាវទាំងអស់នេះកំពុងបូកបញ្ចូលគ្នានៅក្នុងពិភពលោកដ៏ស្មុគស្មាញមួយ ដែលអ្នកបង្កើតគោលនយោបាយចាំបាច់ត្រូវមានទស្សនៈប្រកបដោយភាពស៊ីជម្រៅ ល្អិតល្អន់ និងសមាហរណកម្មលើពិភពលោក ប៉ុន្តែពួកគេបែរជាទទួលបានព័ត៌មានតិចតួចទៅវិញ»។
ប្រែសម្រួល៖ គីរី
