ខណៈការបោះឆ្នោត ពាក់កណ្តាលអាណត្តិ នៅអាមេរិកកំពុងដំណើរការ តុលាការច្រានចោលការ ដាក់សម្ពាធរបស់លោក ត្រាំ លើមន្ត្រីរៀបចំការបោះឆ្នោតរដ្ឋ
បរទេស ៖ នៅប៉ុន្មានម៉ោងមុនពេលការិយាល័យបោះឆ្នោត បើកទ្វារសម្រាប់ការបោះឆ្នោត ពាក់កណ្តាលអាណត្តិ នៅសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ចៅក្រមសហព័ន្ធបានចេញ សេចក្តីសម្រេចជាបន្តបន្ទាប់ ដើម្បីរឹតត្បិតកិច្ចខិតខំប្រឹងប្រែង ដែលមិនធ្លាប់មានពីមុនមករបស់រដ្ឋបាលលោក ត្រាំ ក្នុងការដាក់សម្ពាធលើមន្ត្រី រៀបចំការបោះឆ្នោតតាមរដ្ឋជុំវិញការចោទប្រកាន់ថាមានការបោះឆ្នោតដោយជនអន្តោប្រវេសន៍ (អ្នកមិនមែនជាពលរដ្ឋអាមេរិក) នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦
។
ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ខណៈដែលសមាជិកគណបក្សសាធារណរដ្ឋរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានត្រៀមខ្លួនការពារសំឡេងភាគ ច្រើនរបស់ពួកគេនៅក្នុងសភាទាំងពីរ រដ្ឋបាលនេះបានបង្កើនការបង្ក្រាប ទៅលើការបោះឆ្នោតដោយអ្នកមិនមែនជាពលរដ្ឋ ដែលសម្ព័ន្ធមិត្តរបស់លោក ត្រាំ អះអាងថាជាបញ្ហាដ៏ធំមួយ ទោះបីជាភស្តុតាងបង្ហាញថាវាជារឿងកម្របំផុតក៏ដោយ។
ការជំរុញនេះបានជួបប្រទះនឹងការរារាំងជាបន្តបន្ទាប់នៅក្នុងតុលាការ។ ចៅក្រមសហព័ន្ធបានរកឃើញថា រដ្ឋបាលលោក ត្រាំ បានបំពានអំណាចរបស់ខ្លួន ដោយលូកដៃចូលក្នុងការគ្រប់គ្រងការបោះឆ្នោត ដែលនេះជាការទទួលខុសត្រូវ ដែលរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកប្រគល់ឱ្យរដ្ឋនីមួយៗ ហើយបញ្ជីឈ្មោះជនអន្តោប្រវេសន៍ ដែលត្រូវបានចោទប្រកាន់ថា បានចុះឈ្មោះបោះឆ្នោតនោះ គឺមិនត្រឹមត្រូវ និងប្រឈមនឹងការដកហូតសិទ្ធិបោះឆ្នោតពីពលរដ្ឋអាមេរិក ដែលបានចូលសញ្ជាតិ។
ភាពបរាជ័យផ្នែកច្បាប់របស់រដ្ឋបាលលោក ត្រាំ នៅតែបន្តកាលពីថ្ងៃចន្ទ។ នៅរដ្ឋធានីវ៉ាស៊ីនតោន ចៅក្រមសហព័ន្ធម្នាក់បានរារាំងរដ្ឋបាលនេះមិនឱ្យទាមទារមន្ត្រីរដ្ឋកាលីហ្វ័រញ៉ាបញ្ឈប់ការរាប់សន្លឹកឆ្នោតដែលទទួលបានពីមនុស្សដែលមានឈ្មោះក្នុងបញ្ជីដែលត្រូវបានចោទប្រកាន់ថាមិនមែនជាពលរដ្ឋអាមេរិក ខណៈដែលចៅក្រមម្នាក់ទៀតបានរារាំងរដ្ឋបាលនេះមិនឱ្យបញ្ជូនបញ្ជីបែបនេះទៅកាន់មន្ត្រីនៅរដ្ឋណាមួយឡើយ។
សេចក្តីសម្រេចទាំងនោះបានធ្វើឡើង បន្ទាប់ពីតុលាការកំពូលសហរដ្ឋអាមេរិកបានច្រានចោលយ៉ាងឆាប់រហ័សនូវសំណើរបស់រដ្ឋបាលនេះ ដែលសុំឱ្យមានការអន្តរាគមន៍នៅក្នុងបណ្តឹងរបស់ក្រសួងយុត្តិធម៌ ដើម្បីបញ្ជាឱ្យមន្ត្រីរៀបចំការបោះឆ្នោតរដ្ឋកាលីហ្វ័រញ៉ា មិនរាប់សន្លឹកឆ្នោតតាមប្រៃសណីយ៍ដែលទទួលបានពីមនុស្សជាង ២ម៉ឺននាក់ ដែលក្រសួងនេះអះអាងថាអាចជាជនអន្តោប្រវេសន៍។
លោក David Becker នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្រាប់ការច្នៃប្រឌិត និងស្រាវជ្រាវការបោះឆ្នោត ដែលជាក្រុមមិនលម្អៀងខាងនយោបាយ និងផ្តល់ប្រឹក្សាដល់មន្ត្រីរៀបចំការបោះឆ្នោត បានមានប្រសាសន៍ថា “តុលាការកំពូលបានចូលរួមជាមួយតុលាការសហព័ន្ធទូទាំងប្រទេសក្នុងការបញ្ជាក់ឡើងវិញនូវអធិបតេយ្យភាពរបស់រដ្ឋ។ រាល់ពេលដែលការអះអាងរបស់រដ្ឋបាលពាក់ព័ន្ធនឹងអ្នកបោះឆ្នោតមិនមែនជាពលរដ្ឋ ត្រូវបានពិនិត្យមើលយ៉ាងល្អិតល្អន់ ការអះអាងទាំងនោះតែងតែត្រូវរលាយបាត់ភ្លាមៗ។”
អ្នកស្រី Kiersten Pels អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា ក្រសួងមានការខកចិត្តចំពោះសេចក្តីសម្រេចរបស់តុលាការកំពូល។
អ្នកស្រី Pels បានបញ្ជាក់ថា “ប៉ុន្តែនេះមិនមែនជាទីបញ្ចប់នៃកិច្ចខិតខំប្រឹងប្រែងរបស់យើងទេ។ យើងកំពុងដាក់ពង្រាយអ្នកតាមដានការបោះឆ្នោតនៅរដ្ឋកាលីហ្វ័រញ៉ា និងទូទាំងប្រទេស ដើម្បីសង្កេតមើលការអនុលោមតាមច្បាប់សហព័ន្ធ ដោយចោទប្រកាន់អ្នកលួចបន្លំការបោះឆ្នោតជារៀងរាល់ថ្ងៃ ហើយនឹងស្វែងរកមធ្យោបាយផ្លូវច្បាប់ផ្សេងទៀត ដើម្បីធានាថាមានតែពលរដ្ឋអាមេរិកដែលមានសិទ្ធិប៉ុណ្ណោះ ទើបអាចបោះឆ្នោតបាន។”
ប្រែសម្រួល៖ គីរី
