សហរដ្ឋអាមេរិក នឹងបញ្ឈប់ជំនួយ ៤ ពាន់លានដុល្លារ ដល់អ៊ីស្រាអែល នៅចុងឆ្នាំនេះ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកបានព្រមព្រៀងជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ថា ទីក្រុងវ៉ាស៊ីនតោន នឹងបញ្ឈប់ការផ្តល់មូលនិធិចំនួន ៤ ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល បន្ទាប់ពីឆ្នាំនេះបានបញ្ចប់ទៅ។
នៅក្នុងការថ្លែងទៅកាន់កម្មវិធី “Fox and Friends” នៃបណ្តាញព័ត៌មាន Fox News លោក ត្រាំ បានលើកឡើងថា អ៊ីស្រាអែល លែងត្រូវការថវិកាជំនួយទាំងនោះទៀតហើយ។
លោកបានបន្ថែមថា សមាជិកគណបក្សប្រជាធិបតេយ្យមួយចំនួន និងអ្នកនយោបាយដែលមាននិន្នាការឆ្វេងនិយម បានយកជំនួយហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក ដែលផ្តល់ឱ្យអ៊ីស្រាអែល មកធ្វើជាប្រធានបទ សម្រាប់រិះគន់សមាជិកគណបក្សសាធារណរដ្ឋ។
លោក ត្រាំ បានប្រាប់កម្មវិធីនោះថា៖ «ទាក់ទងនឹងការផ្តល់ប្រាក់ដល់អ៊ីស្រាអែល ខ្ញុំ និងលោក ណេតាន់យ៉ាហ៊ូ ធ្លាប់បានព្រមព្រៀងគ្នាផ្តល់ថវិកាចំនួន ៤ ពាន់លានដុល្លារក្នុងមួយឆ្នាំដល់អ៊ីស្រាអែល ប៉ុន្តែយើងបានព្រមព្រៀងគ្នារួចហើយកាលពីប៉ុន្មានខែមុនថា យើងនឹងបញ្ឈប់ការផ្តល់ប្រាក់នេះ»។
លោកបានបន្តថា៖ «យើងបានព្រមព្រៀងគ្នាហើយថា នៅត្រឹមចុងឆ្នាំនេះ យើងនឹងលែងផ្តល់ប្រាក់ដល់អ៊ីស្រាអែលទៀត។ ទោះជាយ៉ាងណាក៏ដោយ យើងនឹងនៅតែជួយអ៊ីស្រាអែល ប្រសិនបើពួកគេត្រូវការ»។
លោក ត្រាំ បានបន្ថែមថា៖ «ក្រុមឆ្វេងនិយមបានយកការផ្តល់ប្រាក់ចំនួន ៤ ពាន់លានដុល្លារនោះ ដែលគ្រប់គ្នាដឹងហើយថាវាមិនមែនជារឿងសម្ងាត់អ្វីទេ មកលើកឡើងថាជាសញ្ញានៃភាពមិនយុត្តិធម៌ ហើយយើងមិនអាចអនុញ្ញាតឱ្យរឿងនេះកើតឡើងបានឡើយ»៕
ប្រែសម្រួល ឈូក បូរ៉ា
