មេបញ្ជាការយោធាអ៊ីរ៉ង់ ព្រមានថា ការឆ្លើយតបចំពោះការគំរាមកំហែង ណាមួយនឹងធ្វើឡើងភ្លាមៗ ដោយគ្មានដែនកំណត់ភូមិសាស្ត្រនោះឡើយ
តេអេរ៉ង់៖ មេបញ្ជាការយោធាអ៊ីរ៉ង់ បានព្រមានថា កងកម្លាំងប្រដាប់អាវុធ របស់ប្រទេសនេះនឹងឆ្លើយតបភ្លាមៗ ចំពោះការគំរាមកំហែងគ្រប់កម្រិតពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយគ្មានដែនកំណត់ភូមិសាស្ត្រណាមួយឡើយ។
លោក អាលី អាប់ដុលឡាហ៊ី ប្រធានសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានថ្លែងនៅក្នុងសារមួយ ដែលត្រូវបានចុះផ្សាយដោយប្រព័ន្ធ ផ្សព្វផ្សាយអ៊ីរ៉ង់ថា កងកម្លាំងអ៊ីរ៉ង់ «នឹងឆ្លើយតបចំពោះការគំរាមកំហែងគ្រប់កម្រិត ឬគ្រប់ទម្រង់ ដោយការឆ្លើយតបភ្លាមៗប្រកបដោយប្រសិទ្ធភាព និងគ្មានដែនកំណត់ភូមិសាស្ត្រ»។
លោក អាប់ដុលឡាហ៊ី បានបញ្ជាក់ថា អ៊ីរ៉ង់មិនចង់បានសង្គ្រាមនោះទេ ប៉ុន្តែយុទ្ធសាស្ត្ររបស់ប្រទេសនេះបានផ្លាស់ប្តូរពីការការពារខ្លួន ទៅជា «យុទ្ធសាស្ត្រផ្តួចផ្តើមវាយលុក» វិញ។
លោកក៏បានលើកឡើងផងដែរថា «សណ្តាប់ធ្នាប់ពិភពលោកដែលមានមជ្ឈមណ្ឌលអំណាចតែមួយ » ត្រូវបានបង្ខំឱ្យទទួលយកការពិតថ្មីមួយថា «បណ្តាប្រទេស និងមហាអំណាច ក្នុងតំបន់ មានសមត្ថភាពធានាសន្តិសុខផ្ទាល់ខ្លួន ដោយមិនចាំបាច់ពឹងផ្អែកលើឆ័ត្រ សន្តិសុខរបស់សហរដ្ឋអាមេរិកឡើយ»៕
