អនុប្រធានាធិបតីអាមេរិក លោក វែនស៍ មិនគាំទ្រសង្គ្រាមអ៊ីរ៉ង់ បន្ទាប់ពីការបរាជ័យក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិក
បរទេស៖ អនុប្រធានាធិបតីអាមេរិក លោក ជេ ឌី វែនស៍ (JD Vance) កាលពីថ្ងៃពុធ បានរក្សាគម្លាតខ្លួន ពីសង្គ្រាមរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ទៅលើប្រទេសអ៊ីរ៉ង់ ដោយចោទសួរថា តើវាសក្តិសមនឹងការខាតបង់ដែរឬទេ ហើយបានបន្ទោសសង្គ្រាមនេះ ចំពោះការចាញ់ឆ្នោតរបស់គណបក្សសាធារណរដ្ឋ ដែលបានធ្វើឱ្យគណបក្ស ប្រជាធិបតេយ្យអាចក្តោបក្តាប់អំណាចគ្រប់គ្រងសភាទាំងពីរ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
សេចក្តីអត្ថាធិប្បាយ ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក Vance នៅក្នុងការបង្ហោះលើបណ្តាញសង្គម X អាចនឹងធ្វើឱ្យមាន ភាពស្មុគស្មាញថែមទៀតដល់ការពិចារណារបស់លោក ត្រាំ ខណៈដែលលោកកំពុងថ្លឹងថ្លែងថា តើត្រូវចាប់ផ្តើមប្រតិបត្តិការប្រយុទ្ធទ្រង់ទ្រាយធំឡើងវិញ ប្រឆាំងនឹងអ៊ីរ៉ង់ដែរឬទេ ដែលនេះជាជំហានមួយ ដែលមន្ត្រីអាមេរិក បានប្រាប់រ៉យទ័រថា នៅតែស្ថិតក្រោមការពិចារណានៅឡើយ។
ការលើកឡើងនេះក៏បានចោទជាសំណួរអំពីជោគវាសនានយោបាយរបស់មន្ត្រីជាន់ខ្ពស់នៅមន្ទីរបញ្ចកោណផងដែរ ជាពិសេសរដ្ឋមន្ត្រីការពារជាតិ លោក ភីត ហេកសែត (Pete Hegseth)។ លោក ត្រាំ ធ្លាប់បានពណ៌នាថា លោក Hegseth គឺជាអ្នកតស៊ូមតិគាំទ្រដំបូងគេសម្រាប់សង្គ្រាមនេះ។
លោក Hegseth ក៏ធ្លាប់បានប្រឈមមុខនឹងការរិះគន់យ៉ាងចាស់ដៃពីសំណាក់សមាជិកសភាផងដែរ។
លោក Vance បានសរសេរលើបណ្តាញសង្គម X ថា៖ “មូលហេតុដែលយើងចាញ់ គឺដោយសារសង្គ្រាម។ ប្រសិនបើអ្នកចង់ប្រកែកថាវាជារឿងសក្តិសម ដែលការបាត់បង់ព្រឹទ្ធសភាសម្រាប់រយៈពេល ៦ឆ្នាំខាងមុខជារឿងសក្តិសម នោះសូមធ្វើចុះ។”
លោក Vance ដែលត្រូវបានគេមើលឃើញថា ជាបេក្ខភាពប្រធានាធិបតី ដ៏លេចធ្លោសម្រាប់ឆ្នាំ ២០២៨ ក៏បាននិយាយផងដែរថា អនុសាសន៍មុននេះ ក្នុងការបញ្ចប់សង្គ្រាម គឺជា “ដំបូន្មានដ៏ត្រឹមត្រូវ”។
នៅពេលសួរអំពីការលើកឡើងរបស់លោក Vance លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា លោកគិតថាវាជារឿងល្អ ដោយមានប្រសាសន៍ថា៖ “ខ្ញុំដឹងពីអារម្មណ៍របស់គាត់ចំពោះរឿងនេះ។” ប៉ុន្តែបន្ទាប់មក លោក ត្រាំ បានការពារកិច្ចប្រឹងប្រែងសង្គ្រាមនេះ ដោយមានប្រសាសន៍ថា៖ “យើងបានបញ្ឈប់ពួកគេមិនឱ្យមានអាវុធនុយក្លេអ៊ែរ។”
ទីប្រឹក្សាសេតវិមានម្នាក់បានប្រាប់រ៉យទ័រថា មន្ត្រី និងបុគ្គលិកមួយចំនួននៅក្នុងសេតវិមាន បានចាត់ទុកការបង្ហោះរបស់លោក Vance ថាជាការបែកបាក់គោលនយោបាយការបរទេសពីប្រធានាធិបតី និងជាការទទួលស្គាល់ជាសាធារណៈថា សង្គ្រាមនេះបានបន្សល់ទុកនូវផលវិបាកសេដ្ឋកិច្ចក្នុងស្រុក។
លោក Vance បានព្យាយាមបន្ធូរបន្ថយភាពខុសគ្នានៃទស្សនៈជាមួយលោក ត្រាំ ដោយនិយាយថា ប្រធានាធិបតីក៏បានទទួលស្គាល់ផងដែរថា សង្គ្រាមអ៊ីរ៉ង់បានធ្វើឱ្យគណបក្សសាធារណរដ្ឋ បាត់បង់ការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីថ្ងៃអង្គារ។ ប៉ុន្តែ លោក ត្រាំ មានការថ្លឹងថ្លែងជាងនេះ ដោយមានប្រសាសន៍ថា សង្គ្រាមអ៊ីរ៉ង់គឺគ្រាន់តែជាមូលហេតុមួយក្នុង ចំណោមមូលហេតុជាច្រើន សម្រាប់ការបរាជ័យក្នុងការបោះឆ្នោតនេះ។
លោក ត្រាំ បានប្រាប់កាសែត Wall Street Journal ថា៖ “ខ្ញុំបានធ្វើរឿងត្រឹមត្រូវ។ ខ្ញុំនឹងធ្វើវាឡើងវិញម្តងទៀត។”
លោក ម៉ាកូ រូប៊ីអូ (Marco Rubio) ដែលអាចជាគូប្រជែងឆ្នាំ ២០២៨ របស់លោក Vance នៅតែរក្សាភាពស្ងៀមស្ងាត់ចាប់តាំងពីការបោះឆ្នោតពាក់កណ្តាលអាណត្តិមក។
សេតវិមានមិនបានផ្តល់ការអត្ថាធិប្បាយ សម្រាប់អត្ថបទព័ត៌មាននេះទេ ប៉ុន្តែបានណែនាំសារព័ត៌មានរ៉យទ័រ ឱ្យយោងទៅលើការអត្ថាធិប្បាយរបស់លោក ត្រាំ កាលពីព្រឹកថ្ងៃពុធ ដែលយល់ស្របជាមួយការវាយតម្លៃរបស់លោក Vance ថា សង្គ្រាមអ៊ីរ៉ង់គឺជាកត្តាចម្បងមួយក្នុងការបរាជ័យ របស់គណបក្សសាធារណរដ្ឋកាលពីថ្ងៃអង្គារ។
ប្រែសម្រួល៖ គីរី
