សមាជិកគណបក្ស សាធារណរដ្ឋ ចាប់ផ្ដើមបែរខ្នង ដាក់លោក Pete Hegseth យ៉ាងឆាប់រហ័ស ក្រោយរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោត ពាក់កណ្តាលអាណត្តិ
បរទេស ៖ ទោះបីជាប្រធានាធិបតី ដូណាល់ ត្រាំ អាចជាអ្នកធ្វើការសម្រេចចិត្ត ក្នុងការចាប់ផ្ដើមសង្គ្រាម ដែលបានធ្វើឱ្យបាត់បង់ការគាំទ្រ ពីសំណាក់ម្ចាស់ឆ្នោត ចំពោះគណបក្សសាធារណរដ្ឋ (GOP) និងនាំទៅរកការបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិក៏ដោយ ការខាតបង់ជាប្រវត្តិសាស្ត្រនេះ កំពុងជំរុញឱ្យមានការស្វែងរកអ្នកផ្សេងទៀតមកទទួលកំហុសជំនួស ដែលនោះគឺ រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNN ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ទន្ទឹមនឹងនេះ សភាតំណាងរាស្ត្រអាចនឹងបើកការបោះឆ្នោតដើម្បីចោទប្រកាន់ដកតំណែង (impeach) មេដឹកនាំកំពូល នៃមន្ទីរបញ្ចកោណរូបនេះ នៅដើមសប្តាហ៍ក្រោយ។ ក្រុមសមាជិកសភា និងសម្ព័ន្ធមិត្ត របស់គណបក្សសាធារណរដ្ឋជាច្រើន ដែលមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបរាជ័យទាំងស្រុង កាលពីថ្ងៃអង្គារ កំពុងចាត់វិធានការយ៉ាងលឿនក្នុងការទម្លាក់កំហុសនៃលទ្ធផលបោះឆ្នោតទៅលើលោក Hegseth។ នៅពីក្រោយឆាក ពួកគេបានលើកឡើងថា លោក Hegseth មានតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចុះបញ្ចូលលោក ត្រាំ ឱ្យបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ដោយគ្មានយុទ្ធសាស្ត្រដកថយច្បាស់លាស់ និងគ្មានផែនការទប់ទល់នឹងផលប៉ះពាល់នយោបាយដែលចៀសមិនរួចនោះឡើយ។
យុទ្ធនាការវាយប្រហារផ្ទៃក្នុងនេះបានកើតឡើង ទោះបីជាមានការទទួលស្គាល់ដោយសម្ងាត់ ពីសំណាក់ក្រុមអ្នកយុទ្ធសាស្ត្រ របស់គណបក្សសាធារណរដ្ឋ ទាំងនៅសភាតំណាងរាស្ត្រ និងព្រឹទ្ធសភាថា បញ្ហារបស់គណបក្សគឺមានទំហំធំធេងហួសពីបញ្ហាសង្គ្រាមនេះទៅទៀត ដែលបង្កឱ្យមានការខាតបង់ស្មើនឹងកម្រិតឆ្នាំ ២០០៨ ហើយនឹងត្រូវចំណាយពេលរាប់ឆ្នាំដើម្បីស្រោចស្រង់ឡើងវិញ។ ប៉ុន្តែសម្រាប់ពេលបច្ចុប្បន្ន ថ្នាក់ដឹកនាំគណបក្ស រួមទាំងសមាជិកជាច្រើនក្នុងជួររបស់ពួកគេ នៅតែមិនទាន់មានឆន្ទៈក្នុងការបន្ទោសលោក ត្រាំ ដោយផ្ទាល់ចំពោះទុក្ខលំបាកទាំងនេះនៅឡើយទេ។
សូម្បីតែក្នុងចំណោមសមាជិកសភាមកពីគណបក្សសាធារណរដ្ឋដែលបានរួចផុតពីការវាយបកកាលពីថ្ងៃអង្គារ ក៏គ្មានការរំពឹងទុកណាមួយថាពួកគេនឹងងាកចេញពីលោកប្រធានាធិបតីភ្លាមៗនោះដែរ ខណៈដែលអាណត្តិរបស់លោកនៅសល់រយៈពេលពីរឆ្នាំទៀត។ ប៉ុន្តែ ភក្តីភាពនោះមិនបានគ្របដណ្ដប់ទៅដល់លោក Hegseth ឡើយ ដែលជារដ្ឋមន្ត្រីការពារជាតិមានចរិតតឹងរ៉ឹង និងមិនសូវមានទំនាក់ទំនងជិតស្និទ្ធជាមួយសមាជិកសភាលើវិមាន Capitol Hill តាំងពីចូលកាន់កាប់បញ្ជាការដ្ឋាននៃមន្ទីរបញ្ចកោណមក។
សមាជិកសភាបក្សសាធារណរដ្ឋត្រូវបានរំពឹងថានឹងបោះឆ្នោតដើម្បីបដិសេធ និងថ្កោលទោសរដ្ឋមន្ត្រីការពារជាតិរូបនេះដោយផ្ទាល់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ តំណាងរាស្ត្រ Thomas Massie មកពីរដ្ឋ Kentucky ដែលជាអ្នកនយោបាយបក្សសាធារណរដ្ឋល្បីឈ្មោះខាងប្រឆាំងនឹងលោក ត្រាំ បានប្រាប់បណ្តាញព័ត៌មាន CNN ថា លោកគ្រោងនឹងផ្តួចផ្តើមឱ្យមានការបោះឆ្នោតទម្លាក់លោក Hegseth នៅពេលសភាបើកកិច្ចប្រជុំឡើងវិញនៅសប្តាហ៍ក្រោយ ហើយប្រភពជាច្រើនក្នុងបក្សសាធារណរដ្ឋបានលើកឡើងថា ពួកគេរំពឹងថាសេចក្តីស្នើនេះនឹងទទួលបានការអនុម័ត។
សមាជិកបក្សសាធារណរដ្ឋជាច្រើនរូប បានបញ្ជាក់ប្រាប់ CNN ដោយសុំមិនបញ្ចេញឈ្មោះអំពីមូលហេតុ ដែលមនុស្សជាច្រើនក្នុងបក្សបែរមកប្រឆាំងនឹងរដ្ឋមន្ត្រីការពារជាតិថា លោក Hegseth ដែលជាអ្នកគាំទ្រនិងជំរុញសង្គ្រាមយ៉ាងខ្លាំងក្លា បាននិយាយបំផ្លើសហួសហេតុ អំពីសមត្ថភាពរបស់សហរដ្ឋអាមេរិកក្នុង ការយកឈ្នះជម្លោះនេះ យ៉ាងឆាប់រហ័សនិងងាយស្រួល។ លើសពីនេះ ពួកគេបានចោទប្រកាន់លោកថា បានបន្តគាំទ្រឱ្យមានការបង្កើនកម្រិតសង្គ្រាម បើទោះបីជាមានសញ្ញាតិចតួចបំផុតដែលបង្ហាញថា ការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ បានជំរុញឱ្យអ៊ីរ៉ង់ ខិតជិតដល់ការចុះចាញ់ក៏ដោយ៕
ប្រែសម្រួល៖ គីរី
