ព័ត៌មានអន្តរជាតិ

តើការថយចុះប្រជាប្រិយភាពរបស់លោក ត្រាំ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ អាចមានន័យយ៉ាងណាសម្រាប់អ៊ីរ៉ង់ អ៊ីស្រាអែល និងអ៊ុយក្រែន?

បរទេស៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក អាចនឹងមានផលវិបាកដែលជះឥទ្ធិពលឆ្ងាយហួសពីព្រំដែនរបស់ខ្លួន។ ប្រធានាធិបតី ដូណាល់ ត្រាំ បានចំណាយពេលជិតពីរឆ្នាំ ក្នុងការកែប្រែគោលនយោបាយការបរទេសអាមេរិក ដែលមានអាយុកាលជាច្រើនទសវត្សរ៍មកហើយ ដោយធ្វើឱ្យសម្ព័ន្ធមិត្ត និងសត្រូវមានការព្រួយបារម្ភដូចៗគ្នា។ ពេលនេះ ពួកគេកំពុងរង់ចាំមើលថា តើការថយចុះការគាំទ្រនៅក្នុងស្រុក នឹងជះឥទ្ធិពលដល់សកម្មភាពរបស់លោកនៅក្រៅប្រទេសយ៉ាងដូចម្តេចខ្លះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNN ថ្ងៃទី៥ ខែវិច្ឆិកា  ឆ្នាំ២០២៦ ។ ​សម្រាប់ប្រទេសអ៊ីរ៉ង់ អ៊ីស្រាអែល និងអ៊ុយក្រែន អ្វីដែលពួកគេបារម្ភគឺមានទំហំធំធេងជាងការគ្រប់គ្រងសភាទៅទៀត។ លទ្ធផលនេះអាចជះឥទ្ធិពលទៅលើការសម្រេចចិត្តរបស់លោក ត្រាំ ថាតើលោកនឹងបន្តស្វែងរកកិច្ចព្រមព្រៀងជាមួយទីក្រុងតេហេរ៉ង់ ឬជ្រើសរើសយកសង្គ្រាមបន្តទៀត។ម្យ៉ាងវិញទៀត វាក៏នឹងកំណត់ថាតើការគាំទ្រជាយូរយារណាស់មកហើយរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះអ៊ីស្រាអែល នឹងធ្លាក់ចុះកម្រិតណា ហើយថាតើលោកនឹងដាក់សម្ពាធកម្រិតណាលើទីក្រុងកៀវ ឱ្យទទួលយកលក្ខខណ្ឌដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ី។ ​គណបក្សប្រជាធិបតេយ្យនឹងមានឧបករណ៍ថ្មីៗដើម្បីប្រជែងជាមួយលោក…

បរទេស៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក អាចនឹងមានផលវិបាកដែលជះឥទ្ធិពលឆ្ងាយហួសពីព្រំដែនរបស់ខ្លួន។ ប្រធានាធិបតី ដូណាល់ ត្រាំ បានចំណាយពេលជិតពីរឆ្នាំ ក្នុងការកែប្រែគោលនយោបាយការបរទេសអាមេរិក ដែលមានអាយុកាលជាច្រើនទសវត្សរ៍មកហើយ ដោយធ្វើឱ្យសម្ព័ន្ធមិត្ត និងសត្រូវមានការព្រួយបារម្ភដូចៗគ្នា។ ពេលនេះ ពួកគេកំពុងរង់ចាំមើលថា តើការថយចុះការគាំទ្រនៅក្នុងស្រុក នឹងជះឥទ្ធិពលដល់សកម្មភាពរបស់លោកនៅក្រៅប្រទេសយ៉ាងដូចម្តេចខ្លះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNN ថ្ងៃទី៥ ខែវិច្ឆិកា  ឆ្នាំ២០២៦ ។

​សម្រាប់ប្រទេសអ៊ីរ៉ង់ អ៊ីស្រាអែល និងអ៊ុយក្រែន អ្វីដែលពួកគេបារម្ភគឺមានទំហំធំធេងជាងការគ្រប់គ្រងសភាទៅទៀត។ លទ្ធផលនេះអាចជះឥទ្ធិពលទៅលើការសម្រេចចិត្តរបស់លោក ត្រាំ ថាតើលោកនឹងបន្តស្វែងរកកិច្ចព្រមព្រៀងជាមួយទីក្រុងតេហេរ៉ង់ ឬជ្រើសរើសយកសង្គ្រាមបន្តទៀត។ម្យ៉ាងវិញទៀត វាក៏នឹងកំណត់ថាតើការគាំទ្រជាយូរយារណាស់មកហើយរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះអ៊ីស្រាអែល នឹងធ្លាក់ចុះកម្រិតណា ហើយថាតើលោកនឹងដាក់សម្ពាធកម្រិតណាលើទីក្រុងកៀវ ឱ្យទទួលយកលក្ខខណ្ឌដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ី។

​គណបក្សប្រជាធិបតេយ្យនឹងមានឧបករណ៍ថ្មីៗដើម្បីប្រជែងជាមួយលោក ត្រាំ។ ប៉ុន្តែ លោកនៅតែមានសិទ្ធិសេរីភាពជាច្រើនក្នុងការធ្វើសកម្មភាពនៅក្រៅប្រទេស ដែលបន្សល់ទុកនូវសំណួរសម្រាប់មេដឹកនាំពិភពលោកថា៖ តើការបរាជ័យនេះនឹងធ្វើឱ្យលោកមានឆន្ទៈក្នុងការសម្របសម្រួលកាន់តែច្រើន ឬកាន់តែមានការតាំងចិត្តដើម្បីសម្រេចគោលដៅរបស់លោកតាមរបៀបផ្ទាល់ខ្លួន?

​ខាងក្រោមនេះជារបៀបដែលការបោះឆ្នោតនេះអាចប៉ះពាល់ដល់កង្វល់គោលនយោបាយការបរទេសដ៏សំខាន់បំផុតរបស់ទីក្រុងវ៉ាស៊ីនតោន៖

​អ៊ីរ៉ង់កំពុងអបអរសាទរចំពោះការធ្លាក់ចុះការគាំទ្ររបស់លោក ត្រាំ ប៉ុន្តែពួកគេក៏កំពុងត្រៀមខ្លួនសម្រាប់អ្វីដែលអាចនឹងកើតឡើងបន្ទាប់៖ ការវាយប្រហារថ្មីរបស់អាមេរិក ឬការជំរុញថ្មីសម្រាប់កិច្ចព្រមព្រៀង។

​ទីក្រុងតេហេរ៉ង់មិនបានរំពឹងថានឹងមានការផ្លាស់ប្តូរគោលនយោបាយភ្លាមៗពីទីក្រុងវ៉ាស៊ីនតោននោះទេ។ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាលី ខាមេណី បានថ្លែងថា អ្នកដែលជឿថាលទ្ធផលបោះឆ្នោតនឹងផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក គឺជាការយល់ខុសយ៉ាងខ្លាំង។ មន្ត្រីអ៊ីរ៉ង់បានបញ្ជាក់ថា យុទ្ធសាស្ត្ររបស់ពួកគេមិនពឹងផ្អែកលើការបោះឆ្នោតរបស់អាមេរិកនោះទេ ខណៈដែលពួកគេត្រៀមខ្លួនសម្រាប់សង្គ្រាមកាន់តែច្រើន ទន្ទឹមនឹងការជំរុញកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត។ ការពិភាក្សាដែលនៅទ្រឹងតាំងពីរដូវក្តៅមក បានចាប់ផ្តើមឡើងវិញ ដោយមានការសម្របសម្រួលពីប្រទេសកាតា។

​នៅអ៊ីស្រាអែល សេចក្តីប្រកាសដ៏ភ្ញាក់ផ្អើលរបស់លោក ត្រាំ ក្នុងថ្ងៃបោះឆ្នោត អំពីការកាត់ផ្តាច់ជំនួយយោធារបស់សហរដ្ឋអាមេរិកភ្លាមៗ គឺជាការព្រមានដ៏ធំមួយ។ ជ័យជំនះដ៏លើសលប់របស់គណបក្សប្រជាធិបតេយ្យដែលគ្រប់គ្រងសភាទាំងពីរ បានធ្វើឱ្យអ៊ីស្រាអែលមានការព្រួយបារម្ភយ៉ាងខ្លាំង។ ការគាំទ្រពីគណបក្សទាំងពីរចំពោះអ៊ីស្រាអែល ដែលធ្លាប់តែមានភាពរឹងមាំ ឥឡូវនេះកំពុងធ្លាក់ចុះ ដោយគណបក្សប្រជាធិបតេយ្យខឹងសម្បារចំពោះចំនួនអ្នកស្លាប់ក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សា ខណៈដែលគណបក្សសាធារណរដ្ឋមួយចំនួនក៏គិតថាអាមេរិកផ្តល់ជំនួយច្រើនពេក។

​លោក Michael Oren អតីតឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិក បានព្រមានថា នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ដោយសហរដ្ឋអាមេរិកអាចនឹងបញ្ឈប់ការចែករំលែកព័ត៌មានសម្ងាត់ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រព័ន្ធយោធា ព្រមទាំងលែងប្រើសិទ្ធិវេតូ (Veto) ការពារអ៊ីស្រាអែលនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៀតផង។ ស្ថានភាពនេះកាន់តែស្មុគស្មាញដោយសារជម្លោះជាមួយអ៊ីរ៉ង់ និងវិបត្តិនយោបាយផ្ទៃក្នុងរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)។

​សម្រាប់ទីក្រុងកៀវ (Kyiv) ប្រតិកម្មបានកើតឡើងមុនការបោះឆ្នោតទៅទៀត ហើយកាលពីថ្ងៃពុធមានភាពស្ងៀមស្ងាត់។ ទំនាក់ទំនងរវាងប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី និងលោក ត្រាំ បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ លោក ត្រាំ បានទាមទារឱ្យផ្លាស់ប្តូរលោក ហ្សេលេនស្គី និងបានកាត់បន្ថយជំនួយបច្ចេកវិទ្យា និងព័ត៌មានសម្ងាត់។ ទីក្រុងកៀវត្រូវបង្ខំចិត្តរង់ចាំមើលពិភពលោកក្រោយអាណត្តិរបស់លោក ត្រាំ។ ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីអ៊ុយក្រែនបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការរក្សាទំនាក់ទំនងល្អជាមួយរដ្ឋបាលថ្មី និងបន្តស្វែងរកការគាំទ្រផ្នែកយោធា។ ទីក្រុងកៀវសង្ឃឹមថា ការចុះខ្សោយអំណាចរបស់លោក ត្រាំ នឹងផ្តល់ផលប្រយោជន៍ដល់ពួកគេ បន្ទាប់ពីរងការគាបសង្កត់ និងការផ្លាស់ប្តូរគោលជំហរជាញឹកញាប់ពីសំណាក់ប្រធានាធិបតីអាមេរិករូបនេះ។

ប្រែសម្រួល៖ គីរី

To Top