ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ទំនាក់ទំនងរវាងប្រទេសនិងប្រទេស គឺឈរលើមូលដ្ឋាន នៃការរាប់អានគ្នារវាងប្រជាជននិងប្រជាជន “អារម្មណ៍នឹករលឹកចំពោះស្រុកកំណើត” របស់បុរសវ័យចំណាស់ជនជាតិអាមេរិក ធ្វើឱ្យពិភពលោករំភើបចិត្ត

"មនុស្សម្នាក់ក្នុងមួយជីវិត មានស្រុកកំណើតតែមួយគត់ របស់ខ្លួន ​ហើយស្រុក ​Huang​yuan ​គឺ​ជាស្រុកកំណើតតែមួយគត់​និងអស់កល្បជានិច្ចរបស់ខ្ញុំ" ​។ ​"គ្រួ​សារ​ខ្ញុំពីរ​ជំនាន់​មក​ហើយ​សុទ្ធ​តែមាន​មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ចំពោះប្រជាជនចិន ​។ ​ចាប់តាំងពីឪពុក​ម្តាយ​ខ្ញុំ​ រហូតដល់ខ្លួនខ្ញុំផ្ទាល់ ​អារម្មណ៍បែបនេះបានបន្តអស់រយៈពេលជាង ​១០០ ​ឆ្នាំមក​ហើយ" ​។​នៅក្នុងដួងចិត្តរបស់លោក ​David ​Plymire ​បុរសវ័យចំណាស់ជនជាតិ​អាមេរិក​ដែល​មាន​អា​យុ ​៩៥ ​ឆ្នាំ ​ស្រុក ​Huangyuan ​ដែលស្ថិត​នៅក្រុង ​Xining ​ខេត្ត ​Qinghai ​ប្រទេស​ចិន​មាន​អត្ថ​ន័យ​ពិសេស​ដែល​មិនអាចជំនួសបានឡើយ ​។

នេះគឺជារឿងរ៉ាវដ៏ល្អប្រពៃនៃមិត្តភាព​រវាងប្រជាជន​ចិន​និង​អាមេរិក​ដែល​ធ្វើដំណើរ​ឆ្លង​កាត់​ភ្នំ​និងសមុទ្រ​៖​នៅដើមទសវត្សរ៍ឆ្នាំទី ​១៩៣០ ​លោក ​David ​Plymire ​ដែលមាន​អាយុ​ទើប​តែ​ជាង​មួយឆ្នាំ​បានមកដល់ស្រុក ​Huangyuan ​ជាមួយ​ឪពុក​ម្តាយ​របស់គាត់ ​ហើយបាន​រស់​នៅ​ទី​នោះ​អស់​រយៈពេល ​១៧ ​ឆ្នាំ ​។ ​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ ​១៩៨៧ ​លោក ​David ​Plymire ​បាន​ត្រឡប់ទៅស្រុក ​Huangyuan ​វិញ​បន្ទាប់ពី​រំលង​អស់​រយៈ​ពេល ​៣៨ ​ឆ្នាំ ​។ ​ខណៈ​ពេល​ចុះ​សួរសុខទុក្ខនៅមន្ទីរពេទ្យ​ស្រុកនេះ ​លោក​បាន​ឃើញ​បរិក្ខារពេទ្យ​មាន​ភាព​ចាស់​ទ្រុឌ​ទ្រោម ​ហើយ​លោកបានសម្រេចចិត្តថា ​"ខ្ញុំត្រូវ​ធ្វើអ្វីម្យ៉ាង​ដែល​មានអត្ថន័យ​សម្រាប់​ស្រុក ​Huangyuan ​"។

អស់រយៈពេលជាង ​១០ ​ឆ្នាំ​ក្រោយមក ​លោក ​David ​Plymire ​បានធ្វើដំណើរ​ទៅមក​រវាង​ចិន​និង​សហរដ្ឋអាមេរិក​ជាង ​២០ ​លើក​ដោយ​បាន​បរិច្ចាគ​បរិក្ខារវេជ្ជសាស្ត្រ​ដែលមាន​តម្លៃ​សរុប​ជាង ​៦ ​លានយាន់ប្រាក់ចិន​ដល់មន្ទីរពេទ្យក្នុងស្រុក ​។ ​ក្នុងសម័យកាល​ដែល​កង្វះ​ខាត​​យ៉ាងខ្លាំងធន​ធាន​វេ​ជ្ជ​សាស្រ្តនៅលើខ្ពង់រាបភាគខាងលិច ​បរិក្ខារវេជ្ជសាស្ត្រ​ទាំង​នេះ​បាន​ជួយ​លើកកម្ពស់យ៉ាងលេចធ្លោ​នូវ​ការ​ព្យាបាលជំងឺ​សម្រាប់​ប្រជាជន​នៅស្រុក ​Huang​yuan ​និង​តំបន់ជុំវិញ ​។ ​មិនត្រឹមតែប៉ុណ្ណោះទេ ​លោក ​David ​Plymire ​ក៏​បាន​បរិច្ចាគ​ប្រាក់​ស​ម្រាប់​គូបង្រៀន​និង​សិស្សនិស្សិត​ក្នុងស្រុកផងដែរ ​ដោយបាន​ដើរតួនាទីជាស្ពាន​សម្រាប់​បញ្ចូន​គ្រូប​ង្រៀនភាសាអង់គ្លេសក្នុងស្រុក​ទៅ​បណ្តុះបណ្តាលនៅសហរដ្ឋអាមេរិក ​ហើយ​បាន​បរិច្ចាគរូបថតចាស់ៗដ៏មានតម្លៃចំនួន​ជាង ​៤០០ ​សន្លឹក​ដែលថត​ដោយ​ឪពុក​របស់គាត់​ជូន​ទៅ​រដ្ឋបាល​ក្នុងតំបន់ដោយឥតគិតថ្លៃផងដែរ ​។

ទឹកចិត្តសប្បុរសធម៌​របស់​លោក ​David ​Plymire ​បានធ្វើឱ្យ​ប្រជាជននៅស្រុក ​Huangyuan ​រំភើ​ប​ចិត្ត​យ៉ាងខ្លាំង ​។ ​មន្ទីរពេទ្យក្នុងស្រុក​បាន​សរសេររឿងរ៉ាវ​របស់គាត់​ចូល​ក្នុង​ប្រវត្តិ​សា​ស្ត្រ​របស់​មន្ទីរពេទ្យ ​ហើយនៅក្នុងតំបន់នោះ​ក៏មាន​បទចម្រៀងកុមារ​ដែល​ច្រៀង​រៀប​រាប់​អំពី​រូប​លោក​ផងដែរ​។ ​បច្ចុប្បន្ន​នេះ ​លោក ​David ​Plymire ​លែងមាន​កម្លាំង​កាយ​គ្រប់​គ្រាន់​ក្នុង​ការធ្វើដំណើរ​ហោះ​ហើរ​ឆ្លង​កាត់​មហាសមុទ្រ​ដ៏វែងឆ្ងាយទៀតហើយ ​ប៉ុន្តែ​រាល់​លើក​ដល់​ថ្ងៃបុណ្យសែនលោកខែ​និង​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន ​លោក​បាន​ហៅ​ទូរស័ព្ទ​ទៅ​មិត្ត​ភក្តិ​ចាស់ៗរបស់គាត់នៅ​ស្រុក ​Huangyuan ​ដើម្បីសម្តែង​ការជូនពរ​និង​សួរ​សុខទុក្ខ​ទៅ​វិញ​ទៅមក​ដោយប្រើគ្រាមភាសាក្នុងតំបន់ ​។

ទំនាក់ទំនង​រវាងប្រទេសនិងប្រទេស ​គឺឈរលើមូលដ្ឋាននៃការរាប់អានគ្នារវាងប្រជាជន​និង​ប្រជាជន ​ហើយ​ការរាប់អានគ្នារវាងប្រជាជន​និង​ប្រជាជន ​គឺឈរ​លើ​មូលដ្ឋាន​នៃ​​ការ​ផ្សារ​ភ្ជាប់​ដួង​ចិត្ត​ជាមួយគ្នា ​។ ​តាំងពីចូល​ឆ្នាំនេះមក ​ការស្ទង់មតិជាច្រើន​នៅសហ​រដ្ឋ​អា​មេ​រិក​បង្ហាញថា ​ទស្សនៈរបស់ប្រជាជន​នៅសហរដ្ឋអាមេរិក​ពាក់ព័ន្ធនឹងប្រទេសចិន​ត្រូវបាន​កែ​លម្អ​ជា​បន្ត​បន្ទាប់ ​។ ​ឧទាហរណ៍ដូចជា ​ការស្ទង់មតិរបស់​មជ្ឈមណ្ឌលស្រាវជ្រាវ ​Pew​របស់​អាមេរិក​បាន​បង្ហាញ​ថា ​អត្រានៃការពេញចិត្តចំពោះប្រទេសចិនមានការកើនឡើង​ក្នុង​រយៈ​ពេល ​៣ ​ឆ្នាំ​ជាប់​ៗ​គ្នា ​។ ​តាមរបាយការណ៍ស្ទង់មតិមួយ​ដែល​ចេញផ្សាយ​ដោយ​ក្រុម​ប្រឹក្សា​កិច្ចការ​សកល​ទីក្រុង​ឈីកាហ្គោសហរដ្ឋអាមេរិក​បានបញ្ជាក់ថា ​ប្រជាជនអាមេរិក ​៥៧ ​ភាគរយ​សម្គាល់​ឃើញ​ថា ​សហរដ្ឋអាមេរិក​គួរ​ធ្វើ​កិច្ចសហប្រតិបត្តិការ​និង​ការ​ប្រា​ស្រ័យ​ទាក់​ទង​ដ៏​មេត្រីភាព​​ជាមួយ​ប្រទេស​ចិន ​។

ពិភពលោកកំពុងអភិវឌ្ឍ ​យុគសម័យកំពុងប្រែប្រួល ​ក៏ប៉ុន្តែ​តក្កវិជ្ជាប្រវត្តិសាស្ត្រ​នៃ​ការរួម​រស់​នៅ​ដោយ​សន្តិសហវិជ្ជមាន​រវាងចិននិងអាមេរិកមិនដែលប្រែប្រួលនោះទេ ​គោល​បំណ​ង​ដ៏​ល្អ​ប្រសើរ​នៃ​ការប្រាស្រ័យទាក់ទងដោយមេត្រីភាព​រវាងប្រជាជន​និងប្រជាជន​នៃ​ប្រ​ទេស​ទាំង​ពីរ ​គឺមិនបានផ្លាស់ប្ដូរឡើយ ​ហើយ​ការរំពឹង​ទុក​ជាទូទៅ​នៃ​សហគមន៍អន្តរជាតិ​ចំពោះ​ចិន​និង​អាមេរិក​ក៏មិន​បាន​កែ​ប្រែ​ដែរ​។

​ការប្រាស្រ័យទាក់ទង​រវាងប្រជាជន​និង​ប្រ​ជា​ជន​នៃប្រទេស​ទាំង​ពីរ​កំពុង​ប្រមូលផ្តុំគ្នាប្រៀបដូចជា​ប្រភពទឹក​សម្រាប់​ស្រោច​ស្រពដើម​ឈើ​ចំណង​មិត្តភាព​រវាងចិននិងអាមេរិក​ដែលបាន​បំពេញបន្ថែម​នូវ​កម្លាំងចលករ​កាន់​តែ​ច្រើន​សម្រាប់​ក​សាង​ទំនាក់ទំនងចិន-អាមេរិក​ប្រកបដោយស្ថិរភាពជាយុទ្ធសាស្ត្រ​ដែល​មាន​លក្ខណៈ​ស្ថាបនា​ដោយឈរលើមូលដ្ឋាននៃការគោរពគ្នា ​ភាពយុត្តិធម៌និងសមភាព ​៕

To Top