ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីជប៉ុន ទូលថ្វាយព្រះមហាក្សត្រថា នឹងបន្តគាំទ្រកម្ពុជា យ៉ាងពេញទំហឹង

ភ្នំពេញ៖ លោក Shinzo Abe នាយករដ្ឋមន្រ្តីជប៉ុន បានទូលថ្វាយព្រះមហាក្សត្រកម្ពុជា ថាជប៉ុននឹងនៅតែបន្តការគាំទ្រ ដល់ការអភិវឌ្ឍកម្ពុជា ក្រោមការឯកភាពរបស់ប្រជាជន ។

នាឱកាសលោក Shinzo Abe ចូលទូលថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ លោកថាជប៉ុនឥ-កម្ពុជា មានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ ក្នុងនាមជាដៃគូរយុទ្ធសាស្រ្ត ចាប់តាំងពីឆ្នាំ២០១៣ ហើយជប៉ុន​ តែងតែឈរនៅជាមួយកម្ពុជា លើការអភិវឌ្ឍប្រជាធិបតេយ្យ ។ ជប៉ុន នឹងបន្តគាំទ្រយ៉ាងពេញទំហឹង ចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិ ក្រោមការឯកភាពរបស់ប្រជាជន ។ ជប៉ុន ក៏បានគាំទ្រដល់ការអភិរក្សប្រាសាទអង្គរ អស់រយៈពេលជាច្រើនឆ្នាំ ហើយនឹងបន្តគាំទ្រ ការផ្លាស់ប្តូរលើវិស័យវប្បធម៌ និងពង្រឹងទំនាក់ទំនងទ្វេភាគី ឲ្យកាន់តែរីកចម្រើន។

ចំណែកព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក៏បានសម្តែង ការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់ប្រទេសជប៉ុន សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក និងបានអបអរសាទរ ចំពោះចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដែលកំពុងឈានទៅមុខ ពីមួយឆ្នាំទៅមួយឆ្នាំ។

ក្នុងពេលកម្ពុជាបានប្រារព្ធខួបទី៧ឆ្នាំ នៃការយាងចូលព្រះទីវង្គិត នៃព្រះករុណា ព្រះបរមរតនកោដ្ឋ លោក Shinzo Abe បានលើកឡើងថា ព្រះអង្គមិនត្រឹមតែ បាននាំមកជូនកម្ពុជា នូវសន្តិភាព និងការអភិវឌ្ឍតែប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គ បានបង្កើតឡើងនូវទំនាក់ទំនងសាមគ្គីភាព រវាងប្រទេសយើងទាំងពីរ កម្ពុជា-ជប៉ុន៕

To Top