នយោបាយ

ប្រធានាធិបតីហុងគ្រី នឹងអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា លេីកដំបូង​ ពីថ្ងៃទី២៧-៣០ តុលា

ភ្នំពេញ៖​ តបតាមការអញ្ជើញ របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក យ៉ាណូស អាឌ័រ ប្រធានាធិបតីនៃ ប្រទេសហុងគ្រី និងភរិយា នឹងអញ្ជើញ មក បំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះ រាជាណាចក្រ កម្ពុជា ពី ថ្ងៃទី២៧-៣០ ខែតុលា ឆ្នាំ២០១៩ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន​ របស់ក្រសួងការបរទេសខ្មែរ​ នៅថ្ងៃទី២៥​ តុលាបានឲ្យដឹងថា​ ក្នុងអំឡុងពេល ទស្សនកិច្ចនេះ លោកប្រធានាធិបតី នឹងចូលគាល់ព្រះ ករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះ បរមរាជវាំង។

លោកប្រធានាធិបតី នឹងទទួលការចូល ជួបសម្ដែងការគួរ សម ដាច់ដោយឡែកពីគ្នា ជាមួយសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

លោកប្រធានាធិបតី នឹងមានជំនួបពិភាក្សាការងារ ជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា ដែលនៅក្នុងជំនួបនោះ កិច្ច សហប្រតិបត្តិការទ្វេភាគី លើវិស័យជាច្រើន រួមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួម នឹងត្រូវ បានលើកយកមក ពិភាក្សា។

ក្រៅពីនេះលោកប្រធានាធិបតី និងភរិយា នឹងអញ្ជើញ ទៅ ទស្សនាប្រាសាទនានានៅក្នុង ឧទ្យានអង្គរ និងកន្លែងសំខាន់ៗមួយចំនួន នៅក្នុងខេត្តសៀមរាប។

ទស្សនកិច្ចលើកដំបូងមក កាន់កម្ពុជា របស់លោកប្រធានាធិបតី នឹងក្លាយជាព្រឹត្តិការណ៍ ដ៏សំខាន់មួយ ក្នុង ទំនាក់ទំនងទ្វេភាគីកម្ពុជា-ហុងគ្រី ហើយនឹងរួមចំណែកយ៉ាងសំខាន់ដល់ការ ពង្រឹងបន្ថែម ទៀតនូវចំណងមិត្តភាព និងសាមគ្គីភាព ក៏ដូចជាបង្កើនវិសាលភាព និងជម្រៅនៃ កិច្ច សហប្រតិបត្តិការ រវាងប្រទេសទាំងពីរ៕

To Top