ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ពាក់ព័ន្ធឃាតកម្ម ម្នាក់ ទៅតុលាការ!

ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ម្នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ លើករណីឃាតកម្មគិតទុកជាមុន យកដុំថ្មគប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសបែកក្បាល ហូរឈាមធ្ងន់ធ្ងរ រហូតស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ មិ ភៀន ហៅស្កូវ ភេទប្រុស អាយុ ២៩ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋាន អាវុធហត្ថមូលដ្ឋានខណ្ឌព្រែកព្នៅ សហការជាមួយ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៦:០០នាទី នៅចំណុចភូមិសែខសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពយកដុំថ្ម គប់ទៅលើជនរងគ្រោះ ឈ្មោះ ម៉ុន រតនៈ ហៅកាមុត ភេទប្រុស អាយុ ១៧ឆ្នាំ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៩:០០នាទី ត្រូវចំក្បាលបណ្តាល់ឲ្យរងរបួស បែកក្បាលហូរឈាមធ្ងន់ធ្ងរ រហូតស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។

ផ្ទាំងពាណិជ្ជកម្ម

ក្រោយពេលឃាត់ខ្លួន បានរូបគេបានសារភាព ប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា គឺពិតជាបានយកដុំថ្មគប់ ទៅលើជនរងគ្រោះពិតប្រាកដមែន តែពុំដឹងថា បណ្តាលឲ្យជនរងគ្រោះស្លាប់នោះទេ ។ មុនពេលធ្វើសកម្មភាព រូបខ្លួន បានអង្គុយផឹកស្រា ជាមួយមិត្តភក្តិ ឈ្មោះ អ៊ឹម វីរៈ ហៅញ៉ាញ់ ភេទប្រុស នៅក្នុងរោងលក់សាំង ទល់មុខកន្លែង ផ្ទេរសំរាមស៊ិនទ្រី ផ្លូវបេតុង ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ លុះផឹកបានមួយសន្ទុះ រូបគេបានចេញមកក្រៅរោង ដោយកាន់ដុំថ្មប៉ុនកំភួនជើង ជាប់និងដៃ បន្ទាប់មករូបគេ បានឃើញមានអ្នកជិះម៉ូតូធ្វើដំណើរ តាមបណ្តោយផ្លូវបេតុង ក៏គប់ទៅលើអ្នកធ្វើដំណើរនោះតែម្តង ។

ជនសង្ស័យ ខាងលើ បានបញ្ជាក់បន្ថែមទៀតថា រូបគេ និងជនរងគ្រោះពុំមានទំនាស់គំគួន ឬប្លន់យកទ្រព្យសម្បត្តិអ្វីនោះទេ តែដោយសារតែរូបគេ ប្រើប្រាស់គ្រឿងញៀនផង ផឹកស្រាស្រវឹងផង និងមានទំនាស់ជាមួយប្រពន្ធផង ក៏កើតចិត្តកំហឹងបែបនឹងតែម្តង រីឯឈ្មោះ អ៊ឹម វីរៈ ហៅញ៉ាញ់ ពុំមានជាប់ពាក់ព័ន្ធជាមួយករណី ខាងលើនោះទេ ៕

To Top