នយោបាយ

រដ្ឋមន្ត្រី​មហាផ្ទៃ ​អំពាវនាវដល់អ្នកនយោបាយ និងជនរួមជាតិត្រូវរួបរួមគ្នាប្រឆាំងគម្រោង ផែនការចលនាឧទ្ទាមក្រៅច្បាប់ នៅថ្ងៃ៩វិច្ឆិកា​

ភ្នំពេញ​: សម្ដេច​ក្រឡា​ហោម​ ស​ខេង​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បានអំពាវនាវដល់អ្នកនយោបាយនិងបងប្អូនជនរួមជាតិទាំងអស់ ត្រូវរួបរួមគ្នាប្រឆាំងចំពោះគម្រោងផែនការនៃ ចលនាឧទ្ទាមក្រៅច្បាប់នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមិនត្រូវចូលរួមក្នុងសកម្មភាពណាមួយរនៃផែនការនេះ ហើយជំនួសមកវិញដោយការចូលរួមអបអរសាទរ ពិធីបុណ្យឯករាជ្យជាតិការចូលរួមសប្បាយរីករាយក្នុង ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប  សំពះព្រះខែ និង អកអំបុក ហើយនិងចូលរួមពិសារអំបុក ឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី៩ វិច្ឆិកា ដើម្បីរួបរួមគ្នាការពារ រដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារសុខសន្តិភាព និងឯកភាពជាតិ ។ 

សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​សរសេរ​លើ​បណ្ដាញ ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​នៅថ្ងៃទី​២៦ តុលា​នេះក្នុង​ន័យ​ដេីមថា ថ្មីៗនេះមានការរិះគន់ពី មជ្ឈដ្ឋានខ្លះចំពោះការចាត់វិធានការច្បាប់របស់អាជ្ញាធរ មានសមត្ថកិច្ចក្នុងការចាប់ខ្លួនជនសង្ស័យដែលបានចូលរួម ក្នុងសកម្មភាពនៃការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដោយជ្រកក្រោមគម្រោងផែនការ នៃការវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា  ឆ្នាំ ២០១៩ របស់អតីតថ្នាក់ដឹកនាំមួយចំនួន នៃអតីតគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី នោះថាជាទង្វើរំលោភសិទ្ធិមនុស្ស  ។ 

ក្នុងនាមជាថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលមួយរូប ខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់ជូនជនរួមជាតិ ជាថ្មីម្តងទៀតថាការចាត់វិធានការច្បាប់ចំពោះសកម្មភាពទាំងឡាយណាដែលប៉ុនប៉ងបំផ្លាញ សុខសន្តិភាព ស្ថេរភាព នយោបាយ ការញុះញង់ឲ្យមានអំពើហិង្សា ចលនាបំបែកបំបាក់ផ្ទៃក្នុងជាតិ ឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាល គឺពុំមែនជាសកម្មភាពរំលោភសិទ្ធិមនុស្សក្នុងសង្គម ប្រជាធិបតេយ្យនោះឡើយ ។

បងប្អូនជនរួមជាតិយើង បានជ្រាបស្រាប់ហើយថាការប្រកាសជាសាធារណៈនិង ជាបន្តបន្ទាប់របស់ ទណ្ឌិត សម រង្ស៊ី អំពីគំរោងផែនការដែលគេហៅថា ការវិលមកកម្ពុជាវិញ នាថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩ ដោយបានធ្វើការអំពាវនាវម្តងហើយម្តងទៀត ឲ្យកងទព័ជាតិផ្ដាច់ខ្លួនដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាល ការបង្កើតមូលនិធិសំរាប់ទ្រទ្រង់កងទ័ពខុសច្បាប់របស់ខ្លួន ការញុះញង់ប្រជាពលរដ្ឋឲ្យបះបោរផ្តួលរំលំរាជរដ្ឋាភិបាល ការថ្លែងជាសាធារណៈប្រមាថមាក់ងាយ ព្រះមហាក្សត្រជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតនៃជាតិយើង និងទាមទារឲ្យព្រះអង្គដាក់រាជ្យ នោះគឺពិតជាពុំមែនជាសកម្មភាព ដែលត្រូវប្រត្តិបត្តិជាធម្មតាក្នុងសង្គមប្រជាធិបតេយ្យនោះឡើយ ។ហេតុនេះគំរោងផែនការវិលចូលកម្ពុជាវិញបស់ទណ្ឌិត សម រង្ស៊ី និងបក្សពួកគឺជាគំរោងនៃចលនាឧទ្ទាមសុទ្ធសាធ ហើយដែលនឹងនាំទៅដល់ការបំផ្លាញសុខសន្តិភាព និងការបំបែកបំបាក់ជាតិដែលអាចបង្កនូវគ្រោះមហន្តរាយ ធ្ងន់ធ្ងរមិនអាចប៉ាន់ស្មានបានចំពោះជាតិ និងប្រជាជនកម្ពុជាយើង ។ 

ខ្ញុំព្រះករុណាខ្ញុំ សូមរំលឹកជូនជនរួមជាតិថាសកម្មភាពនៃការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី នាពេលនេះគឺខុសស្រឡះពីសកម្មភាពនៃការ វិលត្រឡប់មកកម្ពុជាវិញរបស់ សម រង្សីកាលពីឆ្នាំ២០១៣ ដែលនៅពេលនោះគាត់ជាប្រធានគណបក្សនយោបាយស្របច្បាប់ និង ទទួលបានការប្រោសព្រះរាជទានលើកលែងទោស ពីព្រះមហាក្សត្រ ហើយការវិលត្រឡប់របស់គាត់នៅពេលនោះគឺដើម្បីមកចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។ហេតុដូច្នេះហើយនៅពេលនោះអ្នកដែលមាន សមានចិត្តអាចមានសិទ្ធិចូលរួមហែរហមគាត់គឺ ពុំមែនជាសកម្មភាពខុសច្បាប់នោះឡើយ ។ ប៉ុន្តែការវិលត្រឡប់ មកកម្ពុជានាពេលនេះគឺ សម រង្សី ស្ថិត ក្នុងស្ថានភាពជាទណ្ឌិត ហើយជាអ្នកដឹកនាំគំរោងចលនាឧទ្ទាមក្រៅច្បាប់ថែមទៀតផង ។ ទន្ទឹមនេះគំរោងផែនការវិលមកកម្ពុជាវិញនាពេលនេះ គឺជាការប៉ុនប៉ងបង្កការអុកឡករំខានដល់ការរៀបចំពីបុណ្យឯករាជ្យជាតិយើងក៏ដូចការចូលរួមសប្បាយរីករាយ របស់ប្រជាជនយើងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែនិងអកអំបុក ដែលព្រះករុណាព្រះមហាក្សត្រ នៃយើងព្រះអង្គតែងតែយាងជាព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបុណ្យទាំងនេះជារៀងរាល់ឆ្នាំ ។

ជាចុងក្រោយនេះខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវដល់អ្នកនយោបាយ និងបងប្អូនជនរួមជាតិទាំងអស់ ត្រូវរួបរួមគ្នាប្រឆាំងចំពោះគំរោងផែនការ នៃចលនាឧទ្ទាមក្រៅច្បាប់នាថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមិនត្រូវចូលរួមក្នុងសកម្មភាពណាមួយរនៃផែនការនេះ ហើយជំនួសមកវិញដោយការចូលរួមអបអរសាទរ ពិធីបុណ្យឯករាជ្យជាតិ ការចូលរួមសប្បាយរីករាយ ក្នុងព្រះរាជពីធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ហើយនិងចូលរួមពិសារអំបុក ឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី៩ វិច្ឆិកា ដើម្បីរួបរួមគ្នាការពារ រដ្ឋធម្មនុញ្ញការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារសុខសន្តិភាព និង ឯកភាពជាតិ ៕

To Top
×