នយោបាយ

រដ្ឋមន្រ្តីឧស្សាហកម្ម អំពាវនាវអ្នកវិនិយោគចិន កុំមើលឃើញតែទីផ្សារអឺរ៉ុប និងអាមេរិក គួរងាកមកប្រទេសផ្សេងផង

ភ្នំពេញ៖ បន្ទាប់ពីសហភាពអឺរ៉ុប ព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) លើកលែងតែ គ្រឿងសព្វាវុធកម្ពុជា លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឭបានអំពាវនាវវិនិយោគគិនចិន ដែលមកបើក រោងចក្ររកស៊ីនៅកម្ពុជា តែងតែនាំចេញទំនិញ ទៅកាន់ទីផ្សារអឺរ៉ុបនិងអាមេរិកភាគច្រើន គួរឈប់សម្លឹងឃើញ តែទីផ្សារទាំងពីរនោះ គួរងាកមកសម្លឹងប្រទេសផ្សេងវិញដូចជា កាណាដា អូស្រ្តាលី ញូវហ្សេឡេន ជប៉ុន និងកូរ៉េ។

ក្នុងពិធីសម្ពោធសមាគមវាយនភណ្ឌចិននៅកម្ពុជា នា ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ក្នុងមជ្ឈមណ្ឌលទីក្រុងកោះពេជ្រ លោកចម ប្រសិទ្ធបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងស្វែងរក ដៃគូវិនិយោគជាច្រើនទៀត ដើម្បីជួយអភិវឌ្ឍន៍ប្រទេស កាន់តែមានការីកចម្រើនបន្ថែមទៀត។

លោកបញ្ជាក់ថា កាលពីឆ្នាំ២០១៨ អ្នកវិនិយោគចិនជាប់ចំណាត់ថ្នាក់លេខ១ ដែលជាអ្នកវិនិយោគនៅកម្ពុជា ច្រើនជាងគេ ហើយក្នុងឆ្នាំ២០១៩នេះ សង្ឃឹមថា អ្នកវិនិយោគចិន នៅតែជាប់ចំណាត់ថ្នាក់លេខ១ នាំមុខគេដដែល។

លោកបន្តថា បើមានរោងចក្រកាត់ដេរចិននៅកម្ពុជា មានកាន់ច្រើននោះគឺកាន់តែល្អ ដើម្បីជួយសម្រួលការងាដល់ប្រជាពលរដ្ឋ និងជួយអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែ រីកចម្រើនបន្ថែមទៀត។

លោករដ្ឋមន្រ្តីឲ្យដឹងទៀតថា “ខ្ញុំសូមអំពាវនាវដល់រោងចក្រចិន ដែលកំពុងនៅទីនេះ សូមកុំសម្លឹងមើលតែទីផ្សារអាមេរិក កុំសម្លឹងមើលតែទីផ្សារសហភាពអឺរ៉ុប យើងក៏មាន ទីផ្សារជាច្រើនទៀតដូចកាណាដា ដូចអូស្រ្តាលី ញ៉ូហ្សែលែន ជប៉ុននិងកូរ៉េ “។

លោកបញ្ជាក់ថា ក្នុងឆ្នាំនេះសមាគមអាស៊ាន ១០ប្រទេស នឹងចូលរួមចុះកិច្ចព្រមព្រៀង ភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដូច្នេះនៅពេលខាងមុខ អាស៊ាន១០ប្រទេសបូក ជាមួយចិន ជប៉ុន កូរ៉េ ឥណ្ឌា ញូវហ្សេឡេន និងអូស្រ្តាលី នឹងក្លាយទៅជាទីផ្សាររួម តែមួយដែលផលិតនាំចេញ ពីប្រទេសមួយទៅប្រទេសមួយ និងទៅពីខេត្តមួយទៅ ខេត្តមួយទៀត មិនមានការជាប់ពន្ធគយឡើយ៕

ដោយ៖ធី លីថូ

To Top
×