ព័ត៌មានជាតិ

ពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ ប្រព្រឹត្តិទៅដោយរលូន និងភាពសប្បាយរីករាយ

ស្វាយរៀង៖​ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព្រឹទ្ធសភា និង អធិការកិច្ច និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង បានអញ្ជើញជាអធិបតី បើកពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹក ឆ្នាំ ២០១៩ នៅទន្លេវ៉ៃគោ (ទំនប់តាណេង) ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងថា នៅឆ្នាំនេះមិនខុស ពីបណ្ដាឆ្នាំ កន្លងទៅនោះទេ ហើយក្នុងឆ្នាំ២០១៩នេះ ពិធីប្រណាំងទូកនៅខេត្តស្វាយរៀង មានការចូលរួមពីប្រតិភូ និងកីឡាករ កីឡាការិនីមកពីគ្រប់បណ្ដា រាជធានីខេត្ត នៅទូទាំងប្រទេស ដោយមានទូកមកចូលរួមប្រណាំងសរុប ចំនួន៥៤គ្រឿងមាន កីឡាករ សរុបចំនួន ១.២៨៣នាក់ (នារី ០៩នាក់) ក្នុងនោះ កីឡាករពេញសិទ្ធិ ៩៩៦នាក់ និងកីឡាករបម្រុង ២៨៧នាក់ និង មានប្រតិភូដឹកនាំទូក ២១២នាក់ រួមមាន ៖ប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិ ចំណុះ២២នាក់ មាន ៤៤គ្រឿង រួមមានទូក នៅក្នុងខេត្ត ស្វាយរៀង ១៤គ្រឿង ទូករបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជ អាវុធហត្ថ រាជធានី-ខេត្ត ២៦គ្រឿង ទូកខេត្តព្រៃវែង ១គ្រឿង ទូកខេត្តកណ្ដាល១គ្រឿង ទូករបស់កងពលតូចថ្មើរជើងលេខ ៥១ ខេត្តបន្ទាយមានជ័យ១គ្រឿង និងទូករបស់រដ្ឋបាល ខេត្តព្រះវិហារ ១គ្រឿង។

ប្រភេទទូកក្ដារបីសន្លឹក ចំណុះ៣នាក់ មានចំនួន ១០គ្រឿង ក្នុងនោះ ប្រភេទទូកបុរស ៨គ្រឿង និងប្រភេទទូកនារី ២គ្រឿង រួមមាន ទូកក្នុងខេត្ត៤គ្រឿង ទូករបស់កង រាជអាវុធហត្ថ ខេត្តកណ្ដាល ១គ្រឿង ទូករបស់សមាគមទូកខេត្តកណ្ដាល ២គ្រឿង ទូកខេត្តបន្ទាយមានជ័យ ១គ្រឿង និងទូករបស់វត្តស្លាកែត ខេត្តកណ្ដាល ២គ្រឿង ។

លោកអភិបាលខេត្តបានបញ្ជាក់ថា តាងនាមគណៈកម្មការរៀបចំពិធីប្រណាំងទូក ឆ្នាំ២០១៩ នៅខេត្តស្វាយរៀង មានជំនឿជាក់យ៉ាងមុតមាំថា ក្រោមការសហការ ជួយរៀបចំលើការងារបច្ចេកទេសពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តនឹងធ្វើឲ្យ ពិធីប្រណាំងទូកនៅខេត្តស្វាយរៀងយើងឆ្នាំនេះ ប្រព្រឹត្តទៅបានដោយរលូន ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងមានភាពសុក្រឹត្យ យុត្តិធម៌ សម្រាប់កីឡាករ កីឡាការិនីទូកទាំងអស់ និងសូមស្នើដល់គណៈកម្មការគ្រប់គ្រងទូក និងកីឡាករ កីឡាការិនី សូមខិតខំប្រឹងប្រែងយកអស់កម្លាំង កាយចិត្តបញ្ចេញឲ្យអស់លទ្ធភាព ដោយឈរលើស្មារតីមិត្តភាព ភាតរភាព និងសាមគ្គីភាព ដើម្បីទទួលបានលទ្ធផល ឈ្នះ-ឈ្នះទាំងអស់គ្នា៕

To Top