នយោបាយ

រដ្ឋសភានឹងបន្តសម័យប្រជុំ លើកទី៣ នីតិកាលទី៦ នៅថ្ងៃទី៤ វិច្ឆិកា ពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់មួយចំនួន

ភ្នំពេញ៖ រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី៣ នីតិកាលទី៦ នៅព្រឹកថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះដើម្បីពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់មួយចំនួន។ នេះបើតាមការសម្រេចរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែតុលាឆ្នាំ២០១៩នេះ ដែលដឹកនាំកិច្ចប្រជុំដោយ សម្តេចហេង សំរិន ប្រធានរដ្ឋសភា។ 

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានអនុម័តរបៀបវារៈសម្រាប់សម័យប្រជុំរដ្ឋសភានៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកានោះ មាន៖

១-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញា បំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥និងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

២-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធ នឹងពន្ធលើប្រាក់ចំណូល។

៣-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី២ ស្តីពីការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់នៃកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចកិច្ចសម្របសម្រួលការ ដឹកជញ្ចូនទំនិញឆ្លងកាត់។

៤-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រម ព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។

៥-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ។

ជាមួយគ្នានេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ ចំនួនពីរទៀត ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ពិនិត្យសិក្សា ផងដែរ។ សេចក្តីព្រាងច្បាប់ទំាងពីរនោះមាន សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ និងសេចក្តីព្រាងច្បាប់ស្តីពីការ ទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ៕

ដោយ៖ ស សំណាង

To Top