ព័ត៌មានជាតិ

ចិនប្ដេជ្ញាជំរុញអ្នកវិនិយោគ មកពីហ្វូជាន ចូលមករកស៊ីនៅព្រះសីហនុ

ភ្នំពេញ ៖ ស្របជាមួយ នឹងគោលនយោបាយ ផ្លូវមួយខ្សែក្រវាត់មួយ របស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង និងចំណងទំនាក់ទំនងដ៏រឹងមាំ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរចិន គួបផ្សំសក្តានុពល របស់ខេត្តព្រះសីហនុផងនោះ ភាគីចិនតាមរយៈ លោក Liu depei អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តហ្វូជាន បានប្ដេជ្ញាជំរុញវិនិយោគិនមកពីហ្វូជាន ចូលមករកស៊ី នៅខេត្តព្រះសីហនុច្រើនថែមទៀត ។ នេះបើយោងតាម ហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ ។

ក្នុងឱកាសចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ លោក Liu depei និយាយថា ភូមិសាស្ត្រខេត្តព្រះសីហនុ ប្រហាក់ប្រហែលគ្នា នឹងខេត្តហ្វូជាន កាលពី២០ឆ្នាំមុនដែរ គ្រាហ្វូជាន ទើបមានការចាប់ផ្តើមដំបូង នៃកំណែទំរង់សេដ្ឋកិច្ច។

លោកគូសបញ្ជាក់ថា “គោលបំណងសំខាន់ នៃជំនួបលើកនេះ គឺចង់មកធ្វើការសិក្សាស្វែងយល់ ពីឱកាសវិនិយោគ បង្កើតចំណងមិត្តភាព រវាងខេត្តហ្វូជាន និងខេត្តព្រះសីហនុ និងចង់ឲ្យមានកិច្ចសហប្រតិបត្តិការ ស៊ីជម្រៅចែករំលែក នូវបទពិសោធន៍ សក្កានុពលនៅខេត្តព្រះសីហនុ បានទូលំទូលាយ” ។

លោកបន្តថា នឹងជំរុញឲ្យមានវិនិយោគិនមកពីហ្វូជាន ចូលមករកស៊ីនៅព្រះសីហនុ។ ស្របទៅតាមគោលនយោបាយ”ផ្លូវមួយខ្សែក្រវាត់មួយ” និង “ទំនាក់ទំនងដ៏ស៊ីជម្រៅ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន” រួមទាំងសក្តានុពល របស់ខេត្តព្រះសីហនុ អ្នកវិនិយោគនឹងសម្លឹងមកខេត្តនេះ ដើម្បីស្វែងយល់ និងធ្វើការបណ្ដាក់ទុន រកស៊ីនៅទីនេះកាន់តែច្រើនថែមទៀត។

លោក គួច ចំរើន ស្នើប្រតិភូខេត្តហ្វូជាន ជួយជម្រុញអ្នកជំនាញ ផ្នែកកសិកម្មមកធ្វើការសិក្សា ដើម្បីធ្វើការវិនិយោគ ផ្នែកវិស័យកសិកម្មផងដែរ។ ប្រសិនជាមានការវិនិយោគ លើវិស័យកសិកម្មនោះ នឹងធ្វើឲ្យស្ថានភាពកសិករ កាន់តែមានភាពប្រសើរឡើង ៕ ដោយ៖ បាន ធារ៉ូ

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×