ព័ត៌មានជាតិ

មូលនិធិ និងក្រុមហ៊ុនបារាំង ជួយឲ្យសាលាដាច់ស្រយាល នៅលើភ្នំគូលែន មានការរីកចម្រើន

ភ្នំពេញ៖ លោក គាម អំណត់នាយក សាលាបឋមសិក្សា សង្កែឡាក់បានឲ្យដឹងថា កាលពីមុនសាលា មិនទាន់មានភាពល្អប្រសើឡើយ តែបន្ទាប់ពីមានការជួយពីអង្គការមូលនិធិបុរាណវិទ្យា និងការអភិវឌ្ឍរបស់បារាំង និងក្រុមហ៊ុន Kulara Water(អូ គូលែន)របស់បារាំង រួចមកឃើញថា សាលាមានភាពល្អប្រសើច្រើន ជាងមុនតែទោះជាយ៉ាងណា នៅតែមានការខ្វះខាតមួយចំនួនដែលតម្រូវឲ្យមានការជួយ ពីសប្បុរសជនបន្ថែមទៀត។ សាលាបឋមសិក្សាសង្កែឡាក់ មានទីតាំងស្ថិតនៅក្នុងភូមិ សង្កែឡាក់ស្ថិតក្នុងភូមិខ្ពង់ភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប (លើភ្នំគូលែន) ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីពេលថ្មីៗនេះ លោក គាម អំណត់បានរំលឹកថា កាលពីលោកគ្រូចូលមកគ្រប់គ្រងសាលាដំបូង គឺសាលាមិនទាន់មានអ្វីទាំងអស់ សូម្បីតែក្លោងទ្វាក៏មិនមានដែរ ហើយសាលានេះមុនដំបូង ខាងអង្គការហេឡូត្រាស ហើយនឹងសហគមន៍ធ្វើ។

លោកបន្តថា “នៅពេលនោះសាលាខ្ញុំអត់មានជំនួយអីទាំងអស់ ហើយពេលនោះខ្ញុំ បានចាប់ដៃគូជាមួយអង្គការ ADF ព្រោះគាត់ជួយបានច្រើន ទាក់ទងជាមួយអនាម័យ ពាក់ព័ន្ធការលាងដៃ ដុះធ្មេញអី អង្គការជួយទាំងអស់ “។

លោកនាយកសាលាបន្តថា បើទោះបីជាមានការជួយពី ADF យ៉ាងណា ក៏នៅតែមានការខ្វះខាត នូវសំភារៈមួយចំនួន ផងដែរ ដែលតម្រូវឲ្យ មានការជួយពីសប្បុរសជនបន្ថែមទៀត។

លោកក៏បានអំពាវនាវដល់ស្ថាប័នរដ្ឋ ក៏ដូចជាសប្បុរសជននានា ឲ្យជួយជាសំភារៈសិក្សាបន្ថែម បូករួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ(ផ្លូវ) និងការកសាងអគារសិក្សានៅក្នុងសាលាបន្ថែមទៀត ដោយសារសព្វថ្ងៃសាលាមានតែអគារសិក្សាតែ១អគារ(បែកចែកជាពីរបន្ទប់)។

ក្នុងឱកាសនោះលោកគ្រូ បានសម្ដែងភាពរីករាយសប្បាយចិត្តពេលឃើញ សាលាមានការរីកចម្រើនល្អប្រសើរជាងមុន សិស្សមានការខិតខំប្រឹងប្រែងរៀនសូត្រ និងបានឃើញស្នាមញញឹម របស់ពួកគេផងដែរ។

សូមបញ្ជាក់ថា អង្គការមូលនិធិបុរាណវិទ្យា និងការអភិវឌ្ឍរបស់បារាំង (ADF)បានចំណូលពីការលក់កូនឈើ យកមកជួយឧបត្ថម្ភទំនុកបម្រុងដល់ សាលាទាំងបីដែលស្ថិតនៅ តំបន់ដាច់ស្រយាលនៅលើភ្នំគូលែន៕

ដោយ៖ ធី លីថូ

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top