ព័ត៌មានជាតិ

លោក អុិត សំហេង៖ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៩ ជាវេទិកាការងារដ៏ធំជាងគេបំផុតនៅកម្ពុជា

ភ្នំពេញ៖ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ពីមួយឆ្នាំទៅមួយឆ្នាំ ពិព័រណ៍ការងារ និងផលិតភាពជាតិកាន់តែទទួល បានការគាំទ្រខ្លាំងឡើងៗ ប្រែក្លាយទៅជាវេទិកាការងារដ៏ធំជាងគេបំផុតនៅកម្ពុជាសម្រាប់ផ្តល់ឱកាសនៅមួយកន្លែងងាយស្រួលដល់អ្នកស្វែងរកការងារធ្វើ សិស្ស និស្សិត និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នកជំនាញ អ្នកស្រាវជ្រាវ និងអ្នករៀបចំគោលនយោបាយជួបទាក់ទងផ្តោះប្តូរព័ត៌មានពីគ្នាទៅវិញទៅមកដោយផ្ទាល់។

ក្នុងនោះក៏ធ្វើសកម្មភាពភ្លាមៗនៅនឹងកន្លែង ចែករំលែក បទពិសោធន៍ ចំណេះដឹង ផ្តល់មតិយោបល់និងអនុសាសន៍ ល្អៗ ពាក់ព័ន្ធនឹងការងារ អាជីព ជំនាញ ធនធានមនុស្ស និងផលិតភាពការងារ។

លោករដ្ឋមន្ត្រីលើកឡើងបែបនេះ ក្នុងពិធីបើក «ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៩» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២ ខែតុលា។

នេះជាពិព័រណ៍លើកទី៩ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ក្រុមហ៊ុន សហគ្រាស នាំមុខគេសំខាន់ៗ រួមទាំង ក្រសួង-ស្ថាប័នរដ្ឋ និងអង្គការជាតិ-អន្តរជាតិ ចំនួន១៥០ នៅតាមបញ្ជរចំនួន៣០០ ហើយត្រូវបានប៉ាន់ស្មានថានឹងមានអ្នកចូលរួមទស្សនាចំនួនប្រមាណ ៣ម៉ឺននាក់។

លោកមានប្រសាសាន៍ថា “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩ រយៈពេលពីរថ្ងៃនេះ នឹងផ្តល់ឱកាសជួបជុំគ្នាដោយផ្ទាល់នៅមួយកន្លែងងាយស្រួលសម្រាប់ភាគីពាក់ព័ន្ធទាំងអស់នៃទីផ្សារការងារក្នុងការផ្តោះប្តូរព័ត៌មាន ស្រង់យក បទពិសោធន៍ចាំបាច់ ស្វែងរកឱកាសល្អៗនិងធ្វើសកម្មភាព ភ្លាមៗនៅនឹងកន្លែងផ្ទាល់ ជាពិសេស ផ្តល់ឱកាសដ៏កម្រដល់ ក្មួយទាំងអស់ ក្នុងការចាប់ផ្តើមគិតគូររៀបចំផែនការអាជីព របស់ខ្លួនម្នាក់ៗ ដោយធ្វើការស្វែងយល់និងប្រមូលព័ត៌មានដោយផ្ទាល់អំពីឱកាសការងារនិងតម្រូវការជំនាញ ឱកាស សម្រាប់ផ្គូផ្គងជំនាញទៅនឹងតម្រូវការការជ្រើសកម្លាំងពលកម្មរបស់ក្រុមហ៊ុនល្បីៗ ឱកាសក្នុងការជួបពិភាក្សា ដកស្រង់បទពិសោធន៍ផ្ទាល់ពីនិយោជក”។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩នេះ ត្រូវបានរៀបចំរួមបញ្ចូលគ្នានូវព្រឹត្តិការណ៍ធំៗពីរជាប់គ្នា ដែលបំពេញឲ្យគ្នាទៅវិញទៅមកគឺ៖
ទី១. ពិព័រណ៍ការងារ ដែលរួមមាន៖ ការតាំងផ្សព្វផ្សាយដោយក្រុមហ៊ុន គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ក្រសួង-ស្ថាប័ន និងអង្គការជាតិ-អន្តរជាតិ ដែលនឹងផ្តល់ឱកាសដ៏កម្រដល់សិស្ស-និស្សិត និងអ្នកស្វែងរកការងារ ក្នុងការជួបដោយផ្ទាល់និងដាក់ពាក្យសម្ភាសន៍រកការងារភ្លាមជាមួយនិយោជកដែលកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្មចំនួនជាង២ម៉ឺនកន្លែង ។

ទី២. យុទ្ធនាការលើកកម្ពស់ផលិតភាពការងារជាតិ ដែលរួមមាន៖សន្និសីទស្ដីពី «យុទ្ធសាស្រ្តផលិតភាពសម្រាប់កម្ពុជា៖ ការត្រួសត្រាយផ្លូវសម្រាប់ការប្រកួតប្រជែងជាសកល» ដែលអ្នកជំនាញជាតិ-អន្តរជាតិ នឹងធ្វើការចែករំលែកនូវគំនិត ចំណេះដឹង បទពិសោធន៍ ទស្សនវិស័យនៃការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ជាពិសេសបដិវត្តន៍ឧស្សាហកម្មទី៤ និងសារៈសំខាន់នៃការលើកកម្ពស់ផលិតភាព ក្នុងការរក្សាភាពប្រកួតប្រជែងនិងកំណើនរយៈពេលវែង ៕

To Top