ព័ត៌មានជាតិ

រុស្ស៊ី ចង់សហការ ជាមួយកម្ពុជា លើវិស័យជាច្រើន

ភ្នំពេញ ៖ លោក ឌីមីទ្រី មីដវីដេវ ( Dmitry Medvedev) នាយករដ្ឋមន្រ្តី នៃប្រទេសរុស្ស៊ី ក្នុងជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្រៅពីការចូល រួមកិច្ចប្រជុំអាស៊ាននៅថៃ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបង្ហាញចំណាប់អារម្មណ៍ ចង់សហការជាមួយកម្ពុជា លើវិស័យជាច្រើន។ នេះបើតាមហ្វេសប៊ុក របស់សម្តេចតេជោ។

វិស័យជាច្រើនដែលលោក ឌីមីទ្រី មីដវីដេវ បង្ហាញនោះរួមមាន ៖ វិស័យថាមពល ដូចជា ប្រេង ទូរគមនាគមន៍ និងខាងជលផលជាដើម។

នាយករដ្ឋមន្ត្រីរុស្ស៊ី បានថ្លែងថា “រុស្សី ចង់សហការជាមួយកម្ពុជាលើវិស័យជាច្រើនរួមទាំងវិស័យឧស្សាហកម្ម ហើយយើងចង់ បន្តផ្ដល់ការគាំទ្រ ទៅដល់កម្ពុជា នៅក្នុងកិច្ចសហការ លើវិស័យថាមពល ដូចជាវិស័យប្រេង វិស័យទូរគមនាគមន៍, ខាងជលផល និងការបង្កើត កិច្ចសហប្រតិបត្តិការផ្សេងៗទៀតនៅកម្ពុជា” ។

ជាមួយគ្នានេះដែរ ពាក់ព័ន្ធនឹងការចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី កម្ពុជាស្នើសុំឲ្យរុស្ស៊ីគាំទ្រចំពោះការស្នើសុំជាផ្លូវការ របស់កម្ពុជាទៅដល់គណៈកម្មការសេដ្ឋកិច្ចអឺរ៉ាស៊ី ដែលកន្លងទៅនេះបានស្នើសុំរួចមកហើយ។

ចំពោះពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី នាយករដ្ឋមន្រ្តីរុស្ស៊ី បានគូសបញ្ជាក់ថា នេះជាកិច្ចការមានសារៈសំខាន់ ហើយជាគំនិតផ្ដួចផ្ដើម ដ៏ល្អដែលអាចចុះកិច្ចព្រមព្រៀងនៅពេលខាងមុខ ក្រោយពីការចរចារួចហើយ។ លោកអាចមានកិច្ច សហការយ៉ាងល្អ លើវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត និងវិស័យផ្សេងៗទៀតជាពិសេសនៅក្នុងការដោះមីនក្នុងវិស័យការពារជាតិដែលរុស្ស៊ីចង់បន្ត បណ្ដុះបណ្ដាលផ្នែកមន្ត្រីយោធាកម្ពុជា ៕

To Top