ព័ត៌មានជាតិ

ប្តីប្រពន្ធមួយគូ ជិះម៉ូតូឌុបគ្នា ត្រូវរថយន្តបុកពីក្រោយ ស្លាប់ទាំងពីរនាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើង ដោយរថយន្ត១គ្រឿង បើកបុកម៉ូតូ បណ្តាលឲ្យប្តីប្រពន្ធមួយគូ ស្លាប់នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង៤និង៤៥នាទីទៀបភ្លឺថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះទាំងពីរនាក់៖១-ឈ្មោះ ម៉ាក រស់ ភេទប្រុស អាយុ៤៧ ឆ្នាំត្រូវជាប្តី,២-ឈ្មោះ ប៉ុក ង៉ែត ភេទស្រីអាយុ៤៥ឆ្នាំត្រូវជាប្រពន្ធ ទាំងពីរនាក់នេះ មានទីលំនៅស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវស្លាប់ទាំងពីរនាក់ ។

សមត្ថកិច្ចបន្តទៀតថា ករណីខាងលើនេះ បង្កឡើងដោយរថយន្តម៉ាក LEXUS RX300 ពាក់ស្លាកលេខ ភ្នំពេញ2M-6291 មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ ។ លុះមកដល់ចំណុចកើតហេតុបានបុកម៉ូតូ HONDA C125 ពាក់ស្លាកលេខ ភ្នំពេញ1BU-0932 អ្នកបើកបរមានឈ្មោះ ម៉ាក រស់ ភេទ ប្រុស អាយុ ៤៧ឆ្នាំ មុខរបរ កម្មករសំណង់ ដឹកប្រពន្ធឈ្មោះ ប៉ុក ង៉ែត អាយុ ៤៥ឆ្នាំ មុខរបរ នៅផ្ទះ ទាំងពីរនាក់នេះមានទីលំនៅស្រុកព្រៃកប្បាស ខេត្តតាកែវ ។ បានធ្វើដំណើរស្របទិសគ្នា ។

ក្រោយកើតហេតុ រថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល បានបន្សល់ទុកនូវស្លាកលេខរថយន្ត សមត្ថកិច្ចបានយកវត្ថុតាងមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងស្វែងរកម្ចាស់រថយន្តបង្ក ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។ ចំណែកសាកសពជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ សមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុម គ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ៕

To Top