ព័ត៌មានជាតិ

លោកតាវ័យចំណាស់ម្នាក់ ឡើងកាប់ធាងត្នោត ធ្វើអំបោសលក់ បណ្តាលឲ្យធ្លាក់ស្លាប់

ភ្នំពេញ៖ លោកតាវ័យចំណាស់ម្នាក់ បានឡើងកាប់ធាងត្នោត យកក្បាបធ្វើអំបោសលក់ ដើម្បីដោះស្រាយជីវភាពខ្វះខាត បណ្តាលឲ្យធ្លាក់ស្លាប់ នៅកន្លែងកើតហេតុ ករណីនេះកើតឡើងកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិថ្មី ឃុំគ្រាំងលាវ ស្រុករលាល្អៀរ ខេត្តកំពង់ឆ្នាំ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ នួន ថូ ភេទប្រុស អាយុ៨២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ នៅមុនពេលកើតហេតុ គេតែងឃើញ ជនរងគ្រោះ ប្រកបមុខរបរកាប់ធាងត្នោត យកក្បាបធ្វើអំបោសលក់ជារៀងរាល់ថ្ងៃ បានផលកម្រៃបន្តិចបន្តួច ដើម្បីដោះស្រាយជីវភាពដែលខ្វះខាត ។ តែជាគ្រោះអកុសលនៅថ្ងៃកើតហេតុ លោកតាបានឡើងដើមត្នោតមួយដើមមានកម្ពស់១០ម៉ែត្រ បណ្តាលឲ្យធ្លាក់បាត់បង់នូវអាយុជីវិត ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យមើល សាកសពជនរងគ្រោះ ក្រោយពីពិនិត្យរួចបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ធ្លាក់ពីលើចុងត្នោត ស្លាប់ ពិតប្រាកដមែន ។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់សពជនរងគ្រោះទៅសាច់ញាតិ រៀបចំធ្វើបុណ្យតាមប្រពៃណី ៕

To Top