ព័ត៌មានជាតិ

ច្រឹក សុខនីម ចាត់ទុកកិច្ចប្រជុំ NAR គឺជាឱកាសរៀនសូត្រ និងផ្សព្វផ្សាយ សក្ដានុពលវិស័យអចលនទ្រព្យ នៅកម្ពុជា

ភ្នំពេញ៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បានដឹកនាំប្រតិភូចំនួន ២៣នាក់ ចូលរួមកម្មវិធីសន្និសីទ និងពិព័រណ៌ប្រចាំឆ្នាំ របស់សមាគមជាតិអ្នកវាយតម្លៃ អចលនទ្រព្យសហអាមេរិក (NAR) ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកាខាងមុខ ។ លោកបានចាត់ទុកកិច្ចប្រជុំនេះ គឺជាឱកាសដ៏ល្អ សម្រាប់សមាជិករៀនសូត្រ និងផ្សព្វផ្សាយអំពីសក្ដានុពល វិស័យអចលនទ្រព្យកម្ពុជាផងដែរ ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន មុនឡើងយន្ដហោះ កាលពីរាត្រីថ្ងៃទី០៥ ខែវិច្ឆិកាម្សិលមិញ ប្រធានសមាគមខាងលើ បានបញ្ជាក់ថា បេសកកម្មលើកនេះ លោករំពឹងនឹងទទួលបានទាំងចំណេះដឹង និងទាក់ទាញការវិនិយោគ ដ្បិតកម្មវិធីខាងលើ នឹងផ្តោតលើអនាគតកាល នៃការរកស៊ីវិស័យដីធ្លីលើពិភពលោក ដែលជាឱកាសដ៏ល្អ សម្រាប់អ្នករកស៊ីដីធ្លី លើពិភពលោកជួបជុំគ្នា និងរៀនសូត្រពីគ្នាទៅវិញទៅមក ពិសេសពាក់ព័ន្ធនឹងបច្ចេកវិទ្យា ក្នុងវិស័យអចលនទ្រព្យតែម្ដង ។

លោកបន្ដថា គោលបំណងយើងទៅលើកនេះ ទី១ គឺដើម្បីរៀនសូត្រពាក់ព័ន្ធនឹង Technology ក៏ដូចជាផ្នែកអ្នកវាយតម្លៃ ដែលគេបានធ្វើរាប់សិបឆ្នាំ ហើយចែករំលែកព័ត៌មានបច្ចុប្បន្នភាព និងសក្ដានុពល នៃវិស័យអចលនទ្រព្យកម្ពុជា ដើម្បីទាក់ទាញការវិនិយោគផងដែរ ។ មួយទៀត យើងចង់បង្កើនទំនាក់ទំនងអន្ដរជាតិ ព្រោះ CVEA គឺជាសមាជិករបស់ NAR ដើម្បីទទួលបាននូវចំណេះដឹងថ្មីៗ ពីបណ្ដាប្រទេសជឿនលឿន និងពង្រឹងអាជីវកម្ម និងការធ្វើជំនួញដីធ្លីជាដើម» ។

ទន្ទឹមជាមួយការត្រៀមពាំនាំ នូវភាពរីកចម្រើន នៃវិស័យអចលនទ្រព្យកម្ពុជា ទៅចែករំលែកក្នុងព្រឹត្តិការណ៍ដ៏ខាងលើ CVEA ក៏ត្រៀមចុះអនុស្សារណយោគយល់គ្នា ជាមួយសមាគម ៣ នាឱកាសផងដែរ ក្នុងនោះមានសមាគម ២ នៅសហរដ្ឋអាមេរិក និងមួយទៀត គឺសមាគមមកពីអឺរ៉ុប ដើម្បីបើកជើងមេឃថ្មី ក្នុងការពង្រីកសក្ដានុពល និងទីផ្សារវិស័យអចលនទ្រព្យកម្ពុជា ទៅកាន់សហគមន៍អឺរ៉ុបថែមទៀតផង ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោក ច្រឹក សុខនីម ។

គួរបញ្ជាក់ថា កម្មវិធីសន្និសីទ និងពិព័រណ៌ប្រចាំឆ្នាំ របស់សមាគមជាតិ អ្នកវាយតម្លៃអចលនទ្រព្យសហអាមេរិក (NAR) ប្រចាំឆ្នាំ២០១៩ នេះ គឺមានប្រទេសជាសមាជិក ៦៨ប្រទេសលើពិភពលោក ចូលរួមស្មើនឹងប្រមាណ ២ម៉ឺននាក់ឯណោះ ៕

To Top