នយោបាយ

នាយករដ្ឋមន្ត្រីថៃ ប្រកាសដាច់ខាត មិនអនុញ្ញាត ឲ្យក្រុម សម រង្ស៊ី ប្រើប្រាស់ទឹកដីថៃ ឆ្លងមកកម្ពុជា

ភ្នំពេញ ៖ នេះជាលើកដំបូងហើយ ដែលនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសដាច់ណាត់ មិនអនុញ្ញាតឲ្យក្រុមទណ្ឌិត សម រង្ស៊ី ប្រើប្រាស់ទឹកដីថៃ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ឆ្លងដែនចូលមកកម្ពុជាឡើយ ក្រោយពីមន្រ្តីរបស់លោកប្រកាសជារឿយ នាពេលកន្លងមក ។ នេះបើតាមការចេញផ្សាយរបស់ BTV ។

នាយករដ្ឋមន្ត្រីថៃ បានប្រាប់អ្នកសារព័ត៌មាន រយទ័ររបស់អង់គ្លេសនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា “ថៃមិនលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិកអាស៊ានឡើយ ហើយថៃក៏មិនឲ្យអ្នកនយោបាយប្រឆាំង ណាប្រើប្រាស់ទឹកដីរបស់ខ្លួនបានឡើយ” ។

មុនការប្រកាសមួយថ្ងៃ របស់នាយករដ្ឋមន្រ្តីថៃ គឺនាថ្ងៃ៥ វិច្ឆិកា ទាហានឈុតខ្មៅថៃ បានបិទរូបលោក សម រង្ស៊ី និងកូនចៅជំនិតជាច្រើននាក់ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីចាប់ខ្លួននៅពេលឃើញ វត្តមានពួកគេ ៕

ដោយ ៖ អេង ប៊ូឆេង

To Top