នយោបាយ

ត្រៀមកម្លាំង ២ម៉ឺននាក់ ខណៈ សម រង្ស៊ី បង្ហាញលិខិតឆ្លងដែន និងសំបុត្រយន្តហោះ ថា មកដល់ថៃ៨ វិច្ឆិកា

ភ្នំពេញ ៖ កងកម្លាំងប្រមាណ ជា២ម៉ឺននាក់ ត្រូវបានឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ អះអាងថា ត្រៀមដាក់ពង្រាយ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក និងបុណ្យឯករាជ្យ ក៏ដូចជាត្រៀមស្វាគមន៍លោក សម រង្ស៊ី ដែលមានគម្រោងវិលមកវិញ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខេះ ។

លោកថា កងកម្លាំងស្វាគមន៍លោក សម រង្ស៊ី គឺបានដាក់ពង្រាយគ្រប់ច្រកល្ហក់គឺថា ឲ្យតែឃើញវត្តមានអតីតមេបក្សប្រឆាំង ដែលរាជរដ្ឋាភិបាល ចាត់ទុកជាមេឧទ្ទាមក្រៅច្បាប់នោះ នឹងចាប់ភ្លាមៗតែម្តង ។

ក្នុងពេលត្រៀមកងកម្លាំង រហូតប្រមាណជា២ម៉ឺននាក់នេះ លោក សម រង្ស៊ី តាមរយៈបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន បានបង្ហាញសំបុត្រយន្តហោះ ក៏ដូចជាលិខិតឆ្លងដែន របស់លោកផងដែរ ។

លោក សម រង្ស៊ី នាថ្ងៃទី៥ វិច្ឆិកា បានបង្ហាញសំបុត្រយន្ត ដោយប្រកាសថា នឹងចេញដំណើរពីទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃ៧ វិច្ឆិកា ហើយនឹងទៅដល់ប្រទេសថៃ៨ វិច្ឆិកា ដើម្បីត្រៀមទៅដល់ប្រទេសកម្ពុជា ថ្ងៃ៩ វិច្ឆិកា ។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នាថ្ងៃ៦ វិច្ឆិកា ថា ពង្រាយកងកម្លាំង មានសមត្ថកិច្ចគ្រប់លំដាប់ ថ្នាក់ប្រមាណជាជិត២ម៉ឺននាក់ ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ទូទៅនាថ្ងៃពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ជាពិសេសត្រៀមស្វាគមន៍ ទណ្ឌិតសម រង្ស៊ី ។

លោកថា “បានត្រៀមកងកម្លាំង ប្រមាណជិត២ម៉ឺននាក់ ដោយមានគោលដៅ ចំនួនជាង២០០ចំណុច ។ ត្រៀមចំណុចខ្ពស់ចាប់ពីពេលនេះតទៅ” ។

ចំពោះដំណើរមាតុភូមិនិវត្តន៍ របស់លោក សម រង្ស៊ី លោកថា បានត្រៀមគ្រប់ច្រកល្ហក់ អស់ហើយចាប់ពីថ្ងៃ៦ វិច្ឆិកា នេះ ។ លោកបញ្ជាក់ថា “ចំពោះការត្រៀមស្វាគមន៍ សម រង្ស៊ីមក គឺបានពង្រាយកម្លាំងគ្រប់ច្រកទាំងលើគោក ទឹក និងអាកាសរួចរាល់ហើយ” ។

មុនប្រកាសចូលស្រុកវិញរបស់លោក សម រង្ស៊ីតែ៤ថ្ងៃទៀតប៉ុណ្ណោះ ក្រុមសមត្ថកិច្ចចម្រុះបានចុះឃាត់ខ្លួនអ្នកយាមអតីតទីស្នាក់ការគណបក្សសង្រ្គោះជាតិ១០នាក់ នៅល្ងាចថ្ងៃទី៥ វិច្ឆិកា ស្ថិតនៅចំណុចផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ ក្រុមទី១៣ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ព្រមជាមួយនឹងការចាប់ខ្លួនមនុស្ស១០នាក់ខាងលើនេះ សមត្ថកិច្ចខេត្តកំពង់ស្ពឺក៏បានចាប់ខ្លួនអតីតជំទប់ទី២បក្សប្រឆាំងម្នាក់ទៀតដែរ នៅឃុំកាហែង ស្រុកសំរោងទង ពីបទ «រួមគំនិតក្បត់» ប្រព្រឹត្តនៅក្នុងកាលពីអំឡុងខែសីហា ដល់ខែវិច្ឆកា ។

ករណីនេះអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្ដិភាព បានបញ្ជាក់ថា សមត្ថកិច្ចនៅទូទាំងប្រទេស កំពុងអនុវត្តន៍យ៉ាងតឹងរឹងបំផុតទៅលើមុខសញ្ញាក្រុមឧទ្ទាម សម រង្ស៊ី ដែលមានផែនការប៉ុនប៉ងរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់លោក គឹម សន្ដិភាព បានសរសេរថា “សមត្ថកិច្ចកម្ពុជាកំពុង និងបន្តអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុត ទៅលើមុខសញ្ញាទាំងអស់ ដែលចូលរួមជាមួយក្រុមឧទ្ទាម ក្នុងផែនការប៉ុនប៉ងរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយម នាថ្ងៃទី៩ វិច្ឆិកា ខាងមុខនេះ”។

លោកព្រមានថា ជនទាំងឡាយណាដែលដឹងខ្លួនកំពុង ចូលរួមអនុវត្តន៍បទឧក្រិដ្ឋនេះ ត្រូវត្រឡប់មកចូលរួមសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ចល្អជាង កុំព្យាយាមរត់គេច ដែលនាំមកនូវទុក្ខទោសដល់ខ្លួន ៕

To Top