នយោបាយ

នាយករដ្ឋមន្រ្តី​ ប្រាប់ក្រុមកីឡាករ អុំទូក កុំនាំជំងឺ អេដស៍ចូលផ្ទះ

ភ្នំពេញ ៖ ខណៈនៅសល់ តែ៣ថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យអុំទូក នឹងចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើក៏ដូចជាការ សំណូមពរ ដល់ក្រុមកីឡាករអុំទូកទាំងអស់ ធ្វើយ៉ាងណាជៀសវាង ការនាំជំងឺអេដស៍ចូលផ្ទះ ដែលនាំទុក្ខដល់ប្រពន្ធ នៅស្រុកកំណើត ក្រោយអុំទូកហើយ ។

ក្នុងពិធីប្រកាសផ្សព្វផ្សាយ ប្រើប្រាស់ជាផ្លូវការនូវផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ បានប្រកាសអំពាវនាវ កីឡាករអុំទូក ក៏ដូចជាចំណុះទូកទាំងអស់ ក្នុងពេលមកចូលរួមប្រណាំងទូក ចាប់ពីថ្ងៃទី១០-១២ វិច្ឆិកា ត្រូវមានការយល់ដឹង និងប្រយ័ត្នប្រយែងខ្ពស់អំពីជំងឺ ឆ្លងកាចសាហាវអេដស៍ (Aids) ។

សម្តេចបន្តថា “គឺសូមកុំនាំជំងឺអេដស៍ ពីភ្នំពេញត្រឡប់ទៅឲ្យប្រពន្ធនៅផ្ទះ” ។

ទន្ទឹមនឹងនេះ សម្តេចឲ្យគណៈកម្មការគ្រប់គ្រង ក្រុមកីឡាករអុំទូករបស់ខ្លួន យកចិត្តទុកដាក់ផ្តល់ការអប់រំទូន្មាន រំលឹកបន្ថែមជៀសវាងកុំឲ្យកីឡាករ សប្បាយលង់ខ្លួននាំជំងឺ អេដស៍ដល់ប្រពន្ធកូន និងក្រុមគ្រួសារ ។

ជាមួយគ្នានេះដែរ សម្តេចតេជោក៏បានស្នើអាជ្ញាធរ និងគណៈគ្រប់គ្រងគ្រប់លំដាប់ថ្នាក់ទាំងអស់ ទទួលខុសត្រូវខ្ពស់ ចំពោះសុខទុក្ខរបស់នកីឡាករអុំទូក ក៏ដូចជាចំណុះទូកទាំងអស់។

សម្តេចក៏បានជួយដាស់តឿន រំលឹកដល់កីឡាករ ដែលមកចូលរួមប្រណាំងទូក ត្រូវពិនិត្យមើលចំណុះទឹកស្រែ និងរៀបចំទុកដាក់ស្រូវ ស្រែឲ្យបានល្អ មុនពេលចេញមកចូលរួម កំសាន្តសប្បាយ ក្នុងពិធីបុណ្យអុំទូក ចៀសវាងពេលវិលត្រឡប់ទៅវិញ ផលស្រូវជួបនឹងបញ្ហាកង្វះទឹក៕

To Top