ព័ត៌មានជាតិ

មន្ត្រី ប.ស.ស កម្ពុជា ចូលរួមវគ្គបណ្តុះបណ្តាល ថ្នាក់តំបន់ ស្តីពីការវិភាគ ហានិភ័យហិរញ្ញវត្ថុ ផ្នែកមូលនិធិធានារ៉ាប់រង សុខភាពសង្គម នៅវៀតណាម

វៀតណាម៖ មន្ត្រីជំនាញ ៤រូប នៃ ប.ស.ស. កម្ពុជា ត្រូវបានចាត់តាំង ពីសំណាក់លោកប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុក ជានាយក ប.ស.ស. ឱ្យទៅចូលរួមវគ្គបណ្តុះបណ្តាល ថ្នាក់តំបន់ស្តីពី ការវិភាគហានិភ័យ ហិរញ្ញវត្ថុផ្នែកមូលនិធិ ធានារ៉ាប់រង សុខភាពសង្គម (Regional Training on Actuarial Analysis of Social Health Insurance Fund) នៅទីក្រុងហាណូយ ប្រទេសវៀតណាម ។

គោលបំណងសំខាន់ ក្នុងការចូលរួមវគ្គបណ្តុះបណ្តាលខាងលើ គឺដើម្បីទទួលបាន ការបណ្តុះបណ្តាលបន្ថែម អំពីជំនាញការវិភាគហានិភ័យហិរញ្ញវត្ថុ ផ្នែកមូលនិធិធានារ៉ាប់រង សុខភាពសង្គម ដែលបណ្តាប្រទេសជិតខាង និងប្រទេសកំពុង អភិវឌ្ឍន៍នានា បាននឹងកំពុងមានការគិតគូរ យ៉ាងខ្លាំង ដោយសារវាជាផ្នែកមួយ ដ៏សំខាន់ននៃរបប សន្តិសុខសង្គម ដែលជាវិស័យមួយ កំពុងទទួលបានការយកចិត្តទុកដាក់ អំពីរាជរដ្ឋាភិបាល នៅក្នុងគោលនយោបាយនានា ក៏ដូចជាមានចែង នៅក្នុងយុទ្ធសាស្រ្ត ចតុកោណអាណត្តិទី៤ផងដែរ នៅក្នុងការកាត់បន្ថយ ភាពក្រីក្រ និងលើកកម្ពស់ សុខុមាលភាពសង្គម។

ការបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលខាងលើ គឺជាការឆ្លើយតបទៅនឹងត្រូវការ នៃការបង្កើន សមត្ថភាពរបស់អ្នកជំនាញ បច្ចេកទេសថ្នាក់ជាតិ ទាក់ទងទៅនឹងជំនាញ ស្តីពីការវិភាគហានិភ័យ ហិរញ្ញវត្ថុផ្នែកមូលនិធិធានារ៉ាប់រង សុខភាពសង្គម ក៏ដូចជាការប្រើប្រាស់ ចំណេះដឹងមួយនេះ សម្រាប់ការងារ រដ្ឋបាលនានា ក៏ដូចជាការផ្តល់ ជាអនុសាសន៍ នៅក្នុងការកសាងគោលនយោបាយ ពាក់ព័ន្ធនានា ដែលសកម្មភាពចម្បងៗ រួមមានដូចខាងក្រោម៖
➤ បង្កើនការចាប់អារម្មណ៍របស់ភាគីពាក់ព័ន្ធទៅលើសារសំខាន់ នៃការបង្កើតការវិភាគហានិភ័យហិរញ្ញវត្ថុផ្នែកមូលនិធិធានារ៉ាប់រងសុខភាពសង្គម ដើម្បីទទួលបានការត្រួតពិនិត្យទៅលើស្ថានភាពហិរញ្ញវត្ថុ នៃគោលនយោបាយធានារ៉ាប់រងសុខភាព
➤ ធ្វើការផ្តល់ការយល់ដឹងអំពីទស្សនៈមូលដ្ឋាន គោលការណ៍ និងធាតុសំខាន់នានានៃការប៉ាន់ស្មានការវិភាគហានិភ័យហិរញ្ញវត្ថុផ្នែកមូលនិធិធានារ៉ាប់រងសុខភាពសង្គម
➤ ផ្តល់ការណែនាំទៅដល់ផ្នែកធានារ៉ាប់រងសុខភាពនៅក្នុងការរក្សារនិងស្វែងរកទិន្នន័យសម្រាប់ធ្វើការគ្រប់គ្រងដើម្បីធ្វើការប៉ាន់ស្មានការទូរទាត់ការធានារ៉ាប់រងហានិភ័យការងារ និងបង្កើតជាអនុសាសន៍នានាសម្រាប់បង្កើនូវគុណភាពគុណភាពទិន្នន័យទទួលបាន
➤ សម្របសម្រួលការយល់ដឹងអំពីការពិនិត្យឡើងវិញនៃការប៉ាន់ស្មានការការវិភាគហានិភ័យហិរញ្ញវត្ថុផ្នែកមូលនិធិធានារ៉ាប់រងសុខភាពសង្គម អំពីសំណាក់អាជ្ញាធរជាតិ និងធ្វើការបកស្រាយចំណុចនានានៃការប៉ាន់ស្មានការទូរទាត់ការធានារ៉ាប់រងហានិភ័យការងារប្រកបដោយសក្ខីកម្មជាក់លាក់នៅក្នុងការអភិវឌ្ឍគោលនយោបាយរដ្ឋបាលនានា។
➤ ជម្រុញអោយមានការផ្លាស់ប្តូរនូវបទពិសោធន៍ និងការអនុវត្តនានាក្នុងចំណោមប្រទេសចូលរួមទាំងអស់នៅក្នុងវគ្គបណ្តុះបណ្តាលនេះ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលខាងលើ ប្រព្រឹត្តចំនួន ៥ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ មានការរៀបចំដោយអង្គការអន្តរជាតិខាងការងារ (ILO) ក្រោមការឧបត្ថម្ភគាំទ្រដោយអង្គការអន្តរជាតិស្តីពីការងារ (ILO) និងអង្គការកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដែលមានសិក្ខាកាមចូលរួមមកពី ៥ ប្រទេសរួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងប្រទេសវៀតណាមជាម្ចាស់ផ្ទះ ៕

To Top