នយោបាយ

សម្ដេចតេជោ ឲ្យអាជ្ញាធរពាក់ព័ន្ធ គ្រប់គ្រងសំរាម ឲ្យបានត្រឹមត្រូវ នាថ្ងៃអុំទូក

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអំពាវនាវឲ្យ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ ទៅលើការគ្រប់គ្រង សំរាមឲ្យបានល្អ ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១០-១២ វិច្ឆិកា ខាងមុខ ។

ក្នុងពិធីប្រកាសផ្សព្វផ្សាយ ឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ សម្តេចតេជោមានប្រសាសន៍ថា “អភិបាលរាជធានីភ្នំពេញ ក្រសួងបរិស្ថាន សហភាព សហព័ន្ធយុវជន និងដៃគូមួយចំនួនទៀត ត្រូវយកចិត្តទុកដាក់គ្រប់គ្រងសំរាមឲ្យបានហ្មត់ចត់ នៅតាមទីតាំងគោលដៅនានា ជាពិសេសក្នុងរយៈពេល៣ទៅ៤ថ្ងៃ ក្នុងអំឡុងពេលបុណ្យ ឯករាជ្យជាតិ៩វិច្ឆិកា ដែលបន្តដល់ថ្ងៃបុណ្យអុំទូក” ។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ អំពាវនាវដល់ពលរដ្ឋ ត្រូវចូលរួមថែរក្សាបរិស្ថាន អនាម័យល្អ ទទួលទានចំណីអាហារទុកសំរាមក្នុងធុង ព្រោះពលរដ្ឋខ្មែរ ជាម្ចាស់ប្រទេស ដែលត្រូវជាគំរូ ឲ្យមានបរិស្ថានល្អ និងអនាម័យស្អាតទាំងអស់គ្នា ៕ ដោយ ៖ អេង ប៊ូឆេង

To Top