ព័ត៌មានជាតិ

វិស័យឯកជនចិន ចូលរួមអបអរសាទរ បុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនៅកម្ពុជា

ភ្នំពេញ ៖ ដោយមើលឃើញ ពីសុខសន្តិភាព និងការអភិវឌ្ឍ របស់កម្ពុជា ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល វិស័យឯកជនអចលនទ្រព្យដ៏ធំ របស់ចិន បានចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលជាពិធីបុណ្យជាតិ ប្រពៃណីធំមួយ និងចុងក្រោយគេសម្រាប់ឆ្នាំនេះ ដែលនឹងចាប់ផ្តើមពីថ្ងៃ១០-១២ វិច្ឆិកា ។

កម្ពុជាប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ជារៀងរាល់ឆ្នាំ នៅថ្ងៃពេញបូណ៌មី ពោលគឺថ្ងៃ១៥កើត ខែកក្តិក (ខែវិច្ឆិកានៃគ.ស) ស្របពេលនឹងបញ្ចប់នូវរដូវ វស្សាក្នុងមួយឆ្នាំនេះ និងរដូវនេសាទត្រី បានឈានមកដល់តំណាង ឲ្យសុភមង្គល ភាពសម្បូណ៍សប្បាយ និងសុខដុម រមនាពេញមួយឆ្នាំ ។

ប្រជាជនកម្ពុជាអបអរសាទរ និងប្រារព្ធធ្វើពិធីបុណ្យជាតិដ៏ធំមួយនេះ ព្រមទាំងសម្ដែងការស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះការអញ្ជើញចូលរួមពីសំណាក់ ប្រិយមិត្តមកពីប្រទេសនានាទូទាំង សកលលោកផងដែរ ។ ស្របពេលជាមួយគ្នានេះ នៅទូទាំងរាជធានីភ្នំពេញ បានធ្វើការតុបតែងយ៉ាងស្រស់ស្អាត តាមដងវិថីតូច-ធំនានា ប្រកបដោយភាពសប្បាយរីករាយ និងសុខដុមរមនា ។ ព្រឹត្តិការណ៍ប្រណាំងទូករៀបចំឡើង លើដងទន្លេមេគង្គមុខព្រះបរមរាជវាំង ដោយមានសភាពអ៊ូអរបំផុត ។

ដើម្បីចូលរួមអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែក្រុមហ៊ុន អ & អេហ្វ ជាក្រុមហ៊ុនអចលនទ្រព្យមាន ម៉ាកសញ្ញាលំដាប់លេខមួយនៅកម្ពុជា នឹងរៀបចំកម្មវិធីសប្បុរសធម៌មួយ នៅមាត់ទន្លេមុខព្រះបរមរាជវាំង ។ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងមកពីបណ្តាខេត្ត អាចចូលរួមតាមរយៈការលេងល្បែងកម្សាន្តសប្បាយៗ គ្រប់ប្រភេទ ដើម្បីឈ្នះរង្វាន់ទឹកបរិសុទ្ធ កាដូ និងរង្វាន់ជាច្រើនទៀត ។

តំណាងក្រុមហ៊ុនបានលើកឡើងថា ស្របពេលអបអរពិធីបុណ្យអុំទូក ដើម្បីបួងសួងសុំសេចក្ដីសុខសប្បាយនេះ ក៏មានការថែមបញ្ចូលសកម្មភាព និងកម្មវិធីប្លែកៗ ពីបទេសផងដែរ ដូចជាការសម្ដែង និងការបាញ់កាំជ្រួចខ្នាតធំ ការប្រគំតន្ត្រី ដែលមានការចូលរួមពីតារាល្បីៗ កម្មវិធីបណ្តែតប្រទីប នៅពេលរាត្រី ផ្សាររាត្រីដ៏អ៊ូអរ ។ ទាំងនេះបាននាំមកនូវ ភាពសប្បាយរីករាយ ដ៏អស្ចារ្យជូនពលរដ្ឋរាប់លាននាក់ ដែលបានប្រមូលផ្តុំគ្នា នៅមុខព្រះបរមរាជវាំង សួនច្បារមុខទន្លេ សួនច្បារវិមានឯករាជ្យ កោះពេជ្រ។

សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៩ មានទូកចូលរួមប្រណាំងប្រមាណជិត៣០០ទូក កើនជាងឆ្នាំមុន ដែលនឹងធ្វើឲ្យពិធីបុណ្យនេះ កាន់តែមានភាពអ៊ូរអរ សប្បាយរីករាយដែមទៀត ។

លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ទូកចូលរួមប្រកួតប្រជែងមានចំនួន២៩៧ទូក កើនឡើងច្រើនជិត៨០ទូក ខណៈកាលពីឆ្នាំ ទៅមានទូក ចូលរួមតែ២១៨ទូក ។ ចំនួនទូកបានចូលរួមទាំង២៩៧ទូកនេះ មកពីខេត្តក្រុងចំនួន១៩ ហើយក៏មានស្ថាប័នរដ្ឋ ចូលរួមផងដែរ ដូចជា ៖ ក្រសួងការពារជាតិ អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងទីស្ដីការគណៈរដ្ឋមន្ត្រី ។ ក្នុងចំណោមទូកទាំង២៩៧ទូកនេះ មានក្រុមកីឡាករ កីឡាការិនីបរិមាណជាង១ម៉ឺន៩ពាន់នាក់ ៕

ស.សំណាង

To Top