ព័ត៌មានជាតិ

ឥទ្ធិពលព្យុះណាគ្រី នឹងមកដល់កម្ពុជា ថ្ងៃ១១វិច្ឆិកា បង្កឲ្យមានភ្លៀងធ្លាក់

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ឥទ្ធិពលព្យុះណាគ្រី នឹងឆ្លងចូលមកដល់កម្ពុជា នាម៉ោង១រសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ដែលបង្កឲ្យមានភ្លៀង ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងបានឲ្យដឹងថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានលើស្ថានភាពអាកាសធាតុជាប្រចាំទាំងក្នុងតំបន់និងដោយឡែកសម្រាប់កម្ពុជា គឺព្យុះទី ២៤ ឈ្មោះថា ណាគ្រី បច្ចុប្បន្នបាននិងកំពុង ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង ក្បែរប្រទេសវៀតណាម ។ លុះនេះ នឹងធ្វើដំណើរចូលវៀតណាម នៅវេលាម៉ោងប្រមាណ១០យប់ ឆ្លងចូលថ្ងៃទី ១១ ខែវិច្ឆិកា នៅចំណុចក្បែរខេត្តញ៉ាត្រាង ។

តាមការព្យាករនេះ នឹងថមថយឥទ្ធិពលទៅជាវិសម្ពាធ (TD) រួចទៅជាសម្ពាធទាប(Low) នៅពេលធ្វើដំណើរចូលមកដល់កម្ពុជាវេលាម៉ោងប្រមាណ ១ រសៀល នាថ្ងៃទី ១១ ខែវិច្ឆិកានៅតំបន់កន្ទុយនាគ ខ្ពង់រាបភាគឦសានកម្ពុជា ដែលធ្វើឲ្យមានភ្លៀង ក្នុងកម្រិតពីមធ្យមទៅច្រើនបង្គួរ ។ ជាទូទៅក្នុងក្របខណ្ឌទូទាំងប្រទេស កម្រិតទឹកភ្លៀង នឹងចុះខ្សោយ លើកលែងបណ្តាខេត្ត នៅតំបន់ខ្ពង់រាបតែប៉ុណ្ណោះ ។

ដោយឡែក តាមការព្យាករចាប់ពីថ្ងៃ៩-១២ វិច្ឆិកា ដែលជាឱកាស នៃពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅរាជធានីភ្នំពេញ អាកាសធាតុមានស្ថានភាព ដូចខាងក្រោម ៖ ថ្ងៃ ៩ វិច្ឆិកា ពេលព្រឹក-ថ្ងៃត្រង់-យប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហភាពអប្បបរមា ២៤ VC , សីតុណ្ហភាពអតិបរមា ៣០ °C ខ្យល់បក់ពីទិសឦសានមានល្បឿនពី ២-៤ m/s ។

ថ្ងៃ ១០ វិច្ឆិកា ឆ្នាំ ២០១៩ ៖ ពេលព្រឹក-ថ្ងៃត្រង់-យប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហភាពអប្បបរមា ២៣ °C តុណ្ហភាពអតិបរមា ៣១ °c ខ្យល់បក់ពីទិសឧត្តរមានល្បឿនពី ២-៤ m/s ។

ថ្ងៃ ១១ វិច្ឆិកា ពេលព្រឹក-ថ្ងៃត្រង់-យប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហភាពអប្បបរមា ២២ °C , សីតុណ្ហភាពអតិបរមា ៣០ °C ខ្យល់បក់ពីទិសឧត្តរមានល្បឿនពី ១-៣ m/s និងថ្ងៃ ១២ វិច្ឆិ ពេលព្រឹក-ថ្ងៃត្រង់-យប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហភាពអប្បបរមា ២១ °C , សីតុណ្ហភាពអតិបរមា ២៧ °c ខ្យល់បក់ពីទិសឧត្តរមានល្បឿនពី ១-៣ m/s ៕

To Top