ព័ត៌មានជាតិ

បើករថយន្តប្រជែងមិនប្រយ័ត្ន បណ្តាលឲ្យបុកម៉ូតូស្លាប់ ២នាក់

ភ្នំពេញ៖ រថយន្ត១គ្រឿង បើកប្រជែងនិងរថយន្ត១គ្រឿងទៀត ដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យបុកម៉ូតូស្លាប់២នាក់ នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង ៥និង៣០នាទីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅចំណុចភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

នគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា សពជនរងគ្រោះទាំងពីរនាក់៖១-ឈ្មោះ បេង លុច ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិចាន់ត្រក ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ,២-ឈ្មោះ សែន សុខខឿន ភេទស្រី អាយុ ២៤ឆ្នាំ រស់នៅភូមិចំបក់ប្រសាទ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ជនរងគ្រោះទាំងពីរនាក់នេះ ត្រូវជាប្តីប្រពន្ធនឹងគ្នា ។

នគរបាលខាងលើបន្តទៀតថា នៅមុនពេលកើតហេតុ មានរថយន្តបង្កម៉ាក SSANGYONG ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2N-5893 មានទិសដៅពីជើងទៅត្បូង ។ លុះពេលមកដល់ចំណុចកើតហេតុ រថយន្តបានបើកប្រជែង និងរថយន្តមួយគ្រឿងទៀត ដោយមិនស្គាល់ម៉ាក ក៏ជ្រុលចង្កូត ទៅបុកម៉ូតូជនរងគ្រោះម៉ាក Suzuki Smash ពណ៌ក្រហម ពាក់ស្លាកលេខព្រៃវែង 1C-6299 ដែលមានទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យប្តីប្រពន្ធមួយគូ ស្លាប់នៅនឹងកន្លែង ។ រីឯម្ចាស់រថយន្តបង្ក បានចុះរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្ត នៅកន្លែងកើតហេតុ ។

វត្ថុតាងត្រូវបាននគរបាល យកមករក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកកំពង់ត្រឡាច ដើម្បីស្រាវជ្រាវស្វែងរកម្ចាស់រថយន្តបង្ក យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ បានប្រគល់ទៅឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

To Top