ភ្នំពេញ ៖ បន្ទាប់ពីសហភាពអឺរ៉ុប (EU) បានចេញរបាយការណ៍បឋម ស្តីពីការផ្អាកប្រព័ន្ធអនុគ្រោះពន្ធ គ្រប់ប្រភេទ លើកលែងតែអាវុធ (EBA) ដោយទុកពេល១ខែ ឲ្យកម្ពុជា ដើម្បីប្រតិកមម្មឆ្លើយតប ភ្លាមៗ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងអះអាងថា នេះជាសញ្ញាមួយដែលបានបញ្ជាក់ ភាពជាដៃគូសន្ទានាគ្នា រវាងកម្ពុជា-EU ក្នុងកិច្ចពិភាក្សាពាក់ព័ន្ធជាមួយ EBA ។
គណៈកម្មការអឺរ៉ុប (EU) ទុកពេលឲ្យកម្ពុជា១ខែ ដើម្បីបញ្ចេញប្រតិកម្មតប ក្រោយបញ្ចប់របាយការណ៍បឋម ស្តីពីការផ្អាក EBA បណ្តោះអាសន្ន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ យោងតាមគេហទំព័របស់គណៈកម្មការអឺរ៉ុប បានឲ្យដឹងថា “អនុលោមតាមវិធានមានចែងក្នុងបទប្បញ្ញត្តិ ស្តីពីគម្រោងអនុគ្រោះពន្ធទូទៅ របស់សហភាពអឺរ៉ុប បច្ចុប្បន្នកម្ពុជា មានរយៈពេល១ខែ ដើម្បីប្រតិកម្ម ចំពោះរបាយការណ៍បឋមនេះ ។ បន្ទាប់មកគណៈកម្មការ នឹងបញ្ចប់របាយការណ៍ និងធ្វើការសំរេចចិត្តនៅខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីថាតើ ត្រូវដកការអនុគ្រោះពន្ធរបស់កម្ពុជា ជាបណ្តោះអាសន្ន ឬយ៉ាងណា?” ។
គោលបំណងនៃនីតិវិធីនេះ ដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារនៅកម្ពុជា ស្របពេល សហភាពអឺរ៉ុប នៅតែប្តេជ្ញាធ្វើការជាមួយអាជ្ញាធរកម្ពុជា កែលម្អពិតប្រាកដ និងគួរឲ្យទុកចិត្តលើបញ្ហា ដែលត្រូវព្រួយបារម្ភ គឺការចាំបាច់ចៀសវាងការដក EBA ។
លោក ផៃ ស៊ីផាន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅថ្ងៃ១៣ វិច្ឆិកា ថា “នេះជាសញ្ញាមួយដែលប្រាប់ថា ភាពជាដៃគូ នៅក្នុងកិច្ចពិភាក្សាស្ដីពីរបាយការណ៍ របស់សហភាពអឺរ៉ុប ពាក់ព័ន្ធជាមួយEBA នេះឯង” ។
លោកបញ្ជាក់ថា សភាពអឺរ៉ុបជាមួយកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាគ្នាក្នុងនាមជាដៃគូសន្ទនា អស់រយៈពេលជាយូមកហើយ ទើបបានជាសហភាពអឺរ៉ុបចេញជាការវាយតម្លៃមួយ បកមកឲ្យកម្ពុជា ដើម្បីឲ្យ ពិចារណា ។
លោកសង្កត់ធ្ងន់ថា បើសិនជាកម្ពុជាមើលឃើញមានចំណុចណា ដែលមិនសមស្របជាមួយ ស្ថានការណ៍ជាក់ស្ដែង គឺកម្ពុជានឹងធ្វើការតវ៉ាវិញភ្លាមៗ ។
EU បានលើកឡើងទៀតថា កម្ពុជាគឺជាអ្នកទទួលផលធំជាងគេទី ២ នៃ EBA ដែលមានជាង ១៨% នៃការនាំចូលទាំងអស់មកទីផ្សារអឺរ៉ុប ក្រោមគម្រោង EBA ក្នុងឆ្នាំ២០១៨ ។ ការនាំចូលទៅសហភាពអឺរ៉ុបពីកម្ពុជាមានចំនួន ៥,៣ ពាន់លានអឺរ៉ូនៅឆ្នាំ ២០១៨ ដែល ៩៥% នៃទំនិញរួចពន្ធទាំងនោះ បានចូលសហភាពអឺរ៉ុប ទាញយកផល ប្រយោជន៍ពីការអនុគ្រោះពន្ធ EBA ។ សម្លៀកបំពាក់ និងវាយនភ័ណ្ឌមានប្រហែល ៣ ភាគ៤ នៃការនាំចូល របស់សហភាពអឺរ៉ុបពីកម្ពុជា (៤ ពាន់លានផោន) ៕ ដោយ៖ធី លីថូ