ព័ត៌មានជាតិ

«សេដ្ឋកិច្ចកម្ពុជា មិនដួលរលំទេ ទោះជាគ្មាន EBA»

នៅថ្ងៃទី ១២ កុម្ភៈ ឆ្នាំ ២០២០ នេះ សហភាពអឺរ៉ុប បានសម្រេចព្យួរផ្នែកខ្លះតែប៉ុណ្ណោះ នៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ហើយការព្យួរនេះក៍មិនបាន ធ្វើឲ្យប៉ះពាល់អ្វីជាសំខាន់ដល់សេដ្ឋកិច្ចកម្ពុជា នោះឡើយ។ ម៉្យាងវីញទៀត ទំនិញកម្ពុជាទាំងនេះក៍នឹងត្រូវចាប់ អនុវត្កការបង់ពន្ធនេះនៅខែសីហា ២០២០ឯណោះ។ 

តាមពិតទៅ រដ្ឋាភិបាលដឹកនាំដោយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានគិតគូររៀបចំការត្រៀមខ្លួន រួចរាល់បាត់អស់ទៅអស់ហើយ តាំងពី៤~៥ឆ្នាំមុននេះ មកម៉្លេះដើម្បីធ្វើឲ្យ សេដ្ឋកិច្ចរបស់ខ្លួនអាច រស់ដោយកម្លាំងខ្លួនឯងបាន ដោយមិនបាច់ពឹងពាក់លើភាព អាណិតអាសូរ ឬភាពអនុគ្រោះរបស់បរទេស ទៀតនោះឡើយ។ 

ប្រភពពីផ្ទៃក្នុងរបស់ក្រសួងហិរញ្ញវត្ថុបានបញ្ជាក់ យ៉ាងច្បាស់ថា «រដ្ឋាភិបាលបានត្រៀមខ្លួនជាច្រើនឆ្នាំមកហើយក្នុងការចាក់គ្រឹះសេដ្ឋកិច្ចជាតិ ពីព្រោះរដ្ឋាភិបាលបានដឹងច្បាស់ណាស់ថា ប្រព័ន្ធអនុគ្រោះពន្ធនឹងត្រូវបាត់បង់ជាស្វ័យប្រវត្តិក្នុងពេលឆាប់ៗខាងមុខ ដោយសារកម្ពុជាយើងបានចាកចេញពីស្ថានភាពជាប្រទេសក្រីក្រហើយ និងទទួលបានឋានៈជាប្រទេសដែល មានចំណូលមធ្យមកំរឹតទាបកម្រិតនិងកំពុងត្រៀមខ្លួនក្លាយជាប្រទេសដែល មានចំណូលមធ្យមកំរឹតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០ »។ 

ខ្ញុំកត់សំគាល់ឃើញដែរថា លោក ហ៊ុន សែន ពិតជាបានគិតគូរ ហ្មត់ចត់ក្នុងការៀបចំចាត់ចែងការគ្រប់គ្រងសេដ្ឋកិច្ចតាំងពីយូរ មកហើយមែន។ ដោយសារតែការត្រៀមខ្លួនជាមុននេះហើយបានជាមកដល់ពេលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន មានភាពហ្នឹងនរក្នុងចិត្ត ហើយជំហររបស់គាត់កាន់តែរឹងមាំម៉ឺងម៉ាត់ដាច់ខាតចំពោះមុខការគំរាមដាក់សម្ពាធទណ្ឌកម្មនិងការព្យួរ EBA នេះ។ ខ្ញុំក៏កត់សំគាល់ឃើញដែរថា ការត្រៀមខ្លួនរបស់ រដ្ឋាភិបាលពិតជាបានទទួលលទ្ធផលផ្លែផ្កាជាច្រើន និងលឿនជាងការរំពឹងទុកទៅទៀត។ 

ជាក់ស្តែង នៅឆ្នាំ២០១៩ កន្លងទៅនេះ ចំណូលបានកើន ទៅដល់ ២៥% នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងនោះ ជាង ២២% បានមកពីពន្ធដារ។ នេះគឺជាចំណូលខ្ពស់មិនធម្មតា សម្រាប់ប្រទេសតូចមួយដូចកម្ពុជា។ នេះក៏ជាចំណុចខ្លាំងរបស់កម្ពុជាដែលធ្វើការងារសេដ្ឋកិច្ចបានល្អ និងទទួលបានការកោតសរសើរពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិជាច្រើន។ 

រីឯការចំណាយវិញគឺតិចជាងការគ្រោងទុកជានិច្ច។ បញ្ហានេះសបញ្ជាក់ឲ្យឃើញថា វិន័យថវិការបស់រដ្ឋាភិបាលគឺគ្រប់គ្រងបានល្អពីព្រោះចាយមិនដែលលើស ប៉ុន្តែ ការរកចំណូលវិញគឺតែងតែលើសផែនការរហូតដែលធ្វើឲ្យប្រាក់សន្សំកើនឡើងជានិច្ច។ 

ឆ្នាំ២០១៩កន្លងទៅនេះ អតិរេកចរន្តបានឡើងដល់ ៨% នៃ GDP គឺលើសពីការគ្រោងទុកដែលមានត្រឹមតែ ២ ឬ៣% នៃ GDP តែប៉ុណ្ណោះ។ ចំណែកឯឱនភាពទូទៅនៃថវិកាជាតិសឹងតែស្មើសូន្យ (០)ក្នុងឆ្នាំ ២០១៩ ខណៈដែលរាល់ឆ្នាំឱនភាពនេះស្ថិតក្នុងរង្វង់ ៣%។ 

ក្នុងឆ្នាំ២០១៩នេះដែរ កំណើន សេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងរង្វង់ ៧% ដែលជាកំណើនខ្ពស់ជាងគេ មិនត្រឹមតែក្នុងអាស៊ានទេ ប៉ុន្តែ គឺ ខ្ពស់ជាងគេក្នុងពិភពលោកតែម្តង។ ជាពិសេសគឺឆ្នាំ២០១៩ ដែលសេដ្ឋកិច្ចពិភពលោកធ្លាក់ទាំងអស់ ប៉ុន្តែសេដ្ឋកិច្ចកម្ពុជាមិនត្រឹមតែមិនធ្លាក់បែរជាកើនឡើងទៅវិញ។ ក្នុងន័យដូចបាន លើកឡើងខាងដើមនេះ ហើយដែលខ្ញុំយល់ថា លោក ហ៊ុន សែនបានរំពឹងទុកជាមុន រួចស្រេចប្រកបដោយភាពជឿជាក់ថា បើទោះបីជាបាត់EBAទាំងស្រុង ក៏សេដ្ឋកិច្ចកម្ពុជាមិនដួលរលំដែរ យ៉ាងច្រើនបំផុតគឺអាចត្រឹមតែបន្ថយល្បឿននៃសន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជាតែប៉ុណ្ណោះ។

ឥឡូវនេះ EBA ត្រូវបានព្យួរតែមួយផ្នែកតូចប៉ុណ្ណោះ ! ដូច្នេះ កង្វល់និងការព្រួយបារម្មអំពីផល ប៉ះពាល់ក៏ស្ថិតនៅក្នុងរង្វង់ដែលរដ្ឋាភិបាលភ្នំពេញអាចគ្រប់គ្រងបានទាំងស្រុង ពីព្រោះវិធានការ ដោះស្រាយទុកជាមុនត្រូវបាន រៀបចំរួចទៅហើយ។

ម្យ៉ាងទៀត ការបាត់បង់ រឺ ព្យួរ EBA មិនមែនជាការបាត់បង់ទីផ្សារនោះទេពោលគឺ ទំនិញគ្រប់យ៉ាងពីស្រុកខ្មែរយើង នៅតែអាចបន្តនាំចូលទៅទីផ្សារអឺរ៉ុបបានដូចធម្មតា ដោយគ្រាន់តែត្រូវបង់ពន្ធដូចគេឯងតែប៉ុណ្ណោះ។ ក្នុងន័យនេះការបាត់បង់ EBA មួយផ្នែកតូច នេះអាចបំពេញមកវិញបាន ដោយមិនចាំបាច់ប្រើកញ្ចប់ថវិកាត្រៀមបម្រុងរបស់រដ្ឋាភិបាលក៏ថាបានដែរដោយគ្រាន់តែបង្កើនភាពប្រកួតប្រជែងឲ្យបានខ្លាំងគឺអាចរក្សាទីផ្សារបានហើយ។ ជាក់ស្តែង ទីផ្សារអង្ករកម្ពុជាទៅ សហភាពអឺរ៉ុបនៅតែអាចរក្សា ហើយកើនឡើងថែមទៀតបានក្រោយពេលដែលអឺរ៉ុបសម្រេចឲ្យយើងបង់ពន្ធ។ 

ដូច្នេះ គេរំពឹងថា ទីផ្សារផលិតផលសម្លៀកបំពាក់ និងស្បែកជើងពីស្រុកខ្មែរយើងក៏នៅតែអាចនាំចូលទៅអឺរ៉ុបបាន ដដែលទោះជាត្រូវបង់ពន្ធក៏ដោយ។

To Top
×