Feature

ជម្លោះនៅយេម៉ែន​ បន្ដកើនឡើងខ្លាំងនៅតាមតំបន់ប្រយុទ្ធជាច្រើន ខណៈអង្គការសហប្រជាជាតិ​ ព្រមានអំពីសង្គ្រាមពេញរូបរាង

រីយ៉ាដ៖ មានសេចក្តីរាយការណ៍អំពីការស្លាប់ និងរបួសបន្ថែមទៀតនៅក្នុងប្រទេសយេម៉ែន​និងអារ៉ាប៊ីសាអូឌីត​ កាលពីថ្ងៃសុក្រ ខណៈដែលបេសកជនអង្គការសហប្រជាជាតិប្រចាំនៅយេម៉ែន​ បានព្រមានថា ប្រទេសនេះបានធ្លាក់ចូលទៅក្នុង “សង្គ្រាមពេញទំហឹង” វិញហើយ ដោយអរិភាពបានរីករាលដាលពាសពេញតំបន់ប្រយុទ្ធជាច្រើន។

មនុស្ស ៣ នាក់បានស្លាប់នៅព្រលានយន្តហោះទីក្រុងរីយ៉ាដ​ អាជ្ញាធរទូទៅផ្នែកអាកាសចរណ៍ស៊ីវិល (GACA) របស់អារ៉ាប៊ីសាអូឌីត​ បានឧ្យដឹងថា​ ពលរដ្ឋអារ៉ាប៊ីសាអូឌីតចំនួន ៣ នាក់ រួមទាំងអ្នកបើកបរយន្តហោះម្នាក់ផងដែរ បានស្លាប់ និងមនុស្សមួយចំនួនទៀត​ ដែលមានសញ្ជាតិផ្សេងៗគ្នាបានរងរបួស នៅក្នុងការវាយប្រហារចំនួនពីរលើកដែលកំណត់គោលដៅលើព្រលានយន្តហោះអន្តរជាតិ King Khalid ក្នុងទីក្រុងរីយ៉ាដ កាលពីថ្ងៃព្រហស្បតិ៍។

GACA បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារលើកទីមួយបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធនៅព្រលានយន្តហោះ ខណៈដែលការវាយប្រហារលើកទីពីរបានវាយប្រហារទៅលើយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Saudia។

ប្រភព បានបញ្ជាក់ថា ប្រតិបត្តិការព្រលានយន្តហោះ និងចរាចរណ៍ផ្លូវអាកាសបានដំណើរការឡើងវិញហើយ។ ក្រុមហ៊ុនអាកាសចរណ៍នានា រួមទាំង Qatar Airways, flydubai និង Etihad Airways បានប្រកាសលុបចោលជើងហោះហើរមួយចំនួនទៅ និងមកពីទីក្រុងរីយ៉ាដ​ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

នៅក្នុងការណែនាំរបស់ខ្លួនពាក់ព័ន្ធនឹងដែនអាកាសអារ៉ាប៊ីសាអូឌីត ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុបបានបន្ថែមថា មាន “ហានិភ័យកើនឡើងនៃការកំណត់អត្តសញ្ញាណខុសលើយន្តហោះស៊ីវិល ក៏ដូចជាហានិភ័យដែលទាក់ទងនឹងការហោះហើរឆ្លងកាត់នៃមីស៊ីល និងយន្តហោះគ្មានមនុស្សបើក សកម្មភាពស្ទាក់ចាប់ និងការធ្លាក់នៃបំណែកផ្សេងៗ”៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top