Feature

សម្ដេចធិបតី ណែនាំអាណាព្យាបាល តាមដានការប្រើប្រាស់បច្ចេកវិទ្យារបស់កូនចៅ ឱ្យបានសមស្រប ក្នុងបរិបទឌីជីថល

ភ្នំពេញ ៖ ក្នុងបរិបទឌីជីថល ! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃចក្រកម្ពុជា បានណែនាំមាតាបិតា និងអាណាព្យាបាលគ្រប់រូប តាមដានការប្រើប្រាស់បច្ចេកវិទ្យា និងបណ្តាញសង្គមរបស់កូនចៅខ្លួន ឱ្យបានសមស្រប មានសុវត្ថិភាព និងផ្តល់ប្រយោជន៍ដល់ការសិក្សា និងការអភិវឌ្ឍ។

តាមរយៈសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា ២០២៦-២០២៧ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចធិបតី បានឱ្យដឹងថា មាតាបិតា និងអាណាព្យាបាលគ្រប់រូប យកចិត្តទុកដាក់ជំរុញ និងគាំទ្រកូនចៅឱ្យចុះឈ្មោះចូលរៀនជាប្រចាំ ព្រមទាំងចូលរួមតាមដានការសិក្សា អត្តចរិត សីលធម៌ សុជីវធម៌ និង ឥរិយាបថរបស់កូនចៅ ទាំងនៅក្នុងគ្រួសារ និងសហគមន៍។

សម្ដេចធិបតី គូសបញ្ជាក់ថា «សូមបង្កើតបរិយាកាស សិក្សាល្អនៅក្នុងគ្រួសារ ជួយកូនចៅរៀនសូត្របន្ថែមនៅផ្ទះ និងលើកទឹកចិត្តឱ្យមានទម្លាប់អាន សៀវភៅជាប្រចាំ ដោយចំណាយពេលអាន និងពិភាក្សាជាមួយកូនចៅ ដើម្បីពង្រឹងចំណេះដឹង ជំនាញគិត និងទម្លាប់សិក្សាដោយខ្លួនឯង។ ក្នុងបរិបទឌីជីថល សូមចូលរួមណែនាំ និងតាមដាន ការប្រើប្រាស់បច្ចេកវិទ្យា និងបណ្តាញសង្គមរបស់កូនចៅឱ្យបានសមស្រប មានសុវត្ថិភាព និង ផ្តល់ប្រយោជន៍ដល់ការសិក្សា និងការអភិវឌ្ឍ»។

លើសពីនេះ សម្ដេចធិបតី ក៏បានណែនាំសិស្សានុសិស្ស យុវជន និងយុវនារីទាំងអស់ បន្តខិតខំរៀនសូត្រ ស្រាវជ្រាវ និងអភិវឌ្ឍខ្លួនជាប្រចាំ ដោយផ្តោតលើការអភិវឌ្ឍវិជ្ជាសម្បទា បំណិនសម្បទា កាយសម្បទា និង ចរិយាសម្បទា ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសមត្ថភាព និងទំនួលខុសត្រូវ។

សម្ដេច នាយករដ្ឋមន្ដ្រី ថា «សូមក្មួយៗស្រឡាញ់ និងថែរក្សាខ្លួន ស្រឡាញ់គ្រួសារ មានវិន័យ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន អំពើអបាយមុខ និងអំពើអវិជ្ជមានគ្រប់រូបភាព ដើម្បីកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់ខ្លួនឯង គ្រួសារ និងប្រទេសជាតិ»៕

To Top