Feature

អ៊ុយក្រែន​ បេីកការវាយប្រហារលេីមជ្ឈមណ្ឌលទិន្នន័យ និងទីតាំងនានារបស់រុស្ស៊ីទុកជាការសងសឹក

គៀវ៖ យោងតាមសេចក្តីថ្លែងការណ៍របស់អ៊ុយក្រែន​ បានឧ្យដឹងថា​ កងកម្លាំងអ៊ុយក្រែន​ បានវាយប្រហារទៅលើមជ្ឈមណ្ឌលទិន្នន័យមួយ និងទីតាំងមួយចំនួននៅក្នុងប្រទេសរុស្ស៊ី ដែលមានទំនាក់ទំនងជាមួយហេដ្ឋារចនាសម្ព័ន្ធបាញ់បង្ហោះមីស៊ីល និងការផលិតឥន្ធនៈរ៉ុក្កែត។ 

ក្រុមហ៊ុនការពារជាតិអ៊ុយក្រែនឈ្មោះ Fire Point បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើក ប្រភេទ FP-1 របស់ខ្លួនបានវាយប្រហារមជ្ឈមណ្ឌលទិន្នន័យ Yandex ដែលស្ថិតនៅក្នុងតំបន់ឧស្សាហកម្ម Grabtsevo ក្នុងតំបន់ Kaluga របស់ប្រទេសរុស្ស៊ី ដោយធ្វើឱ្យផ្នែកមួយចំនួននៃមជ្ឈមណ្ឌលនេះលែងដំណើរការ។

ក្រុមហ៊ុន Fire Point បានបញ្ជាក់នៅក្នុងការបង្ហោះលើបណ្តាញ Telegram ថា ទីតាំងនេះគឺជាមជ្ឈមណ្ឌលទិន្នន័យដ៏ធំបំផុតរបស់ក្រុមហ៊ុន Yandex ដែលមានសមត្ថភាពរចនាដល់ទៅ ៦៣ មេហ្គាវ៉ាត់។

អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានឱ្យដឹងថា ការវាយប្រហារក៏បានកំណត់គោលដៅទៅលើវិទ្យាស្ថានស្រាវជ្រាវ V.P. Barmin សម្រាប់ប្រព័ន្ធបាញ់បង្ហោះ​ និងមជ្ឈមណ្ឌលកម្ទេចមីស៊ីលផ្លោងអន្តរទ្វីប ដែលទីតាំងទាំងពីរនេះស្ថិតនៅក្នុងតំបន់ Nizhny Novgorod របស់រុស្ស៊ី ព្រមទាំងរោងចក្រពិសោធន៍ Redkino ក្នុងតំបន់ Tver ដែលជាកន្លែងផលិតគ្រឿងផ្សំឥន្ធនៈសម្រាប់ប្រើប្រាស់ក្នុងមីស៊ីលប្រភេទ Kh-55 និង Kh-101 ផងដែរ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top