ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ជួនសុវណ្ណ ៖ តំបន់ត្រីកោណមាស នៅតែជាប្រភព ផ្គត់ផ្គង់គ្រឿងញៀន យ៉ាងសកម្ម

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា តំបន់ត្រីកោណមាស នៅតែជាប្រភពគ្រោះថ្នាក់ផ្គត់ផ្គង់ គ្រឿងញៀន ក្នុងតំបន់ របស់ហើយក្រុមឧក្រិដ្ឋជន នៅតែអាចមានលទ្ធភាព លួចដាំដុះផលិតកែច្នៃចរាចរគ្រឿងញៀន និងសារធាតុគីមីផ្សំ នៅក្នុងតំបន់ ដែលប្រជាជន នៅតែទទួលរងនូវគ្រោះថ្នាក់ ពីការប្រើប្រាស់ និងការចរាចរគ្រឿងញៀន ពិសេសការកើនឡើង ការប្រើប្រាស់សារធាតុញៀន ប្រភេទថ្មី ដែលប៉ះពាល់ប្រព័ន្ធសរសៃប្រសាទ (NPS) និងការសំអាតប្រាក់ របស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀនផងដែរ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ក្នុងឱកាសដឹកនាំប្រតិភូ នៃស្ថាប័នត្រួតពិនិត្យគ្រឿងញៀនកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី នៃប្រទេសហត្ថលេខីអនុស្សារណៈ នៃការយោគយល់គ្នា (MOU) ឆ្នាំ១៩៩៣ ស្តីពីការត្រួត ពិនិត្យគ្រឿ ងញៀនក្នុងមហាអនុតំបន់ទន្លេមេគង្គ នៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី១៥ ខែវិច្ចិកា ឆ្នាំ២០១៩ បានថ្លែងបន្តទៀតថា ដើម្បីឆ្លើយតបទៅនឹងស្ថានភាព ដ៏ស្មុគស្មាញកម្ពុជា បានខិតខំប្រឹងប្រែងបង្កើនប្រសិទ្ធភាព នៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងនៅក្នុងប្រទេសរបស់ខ្លួន និងនៅក្នុងអនុតំបន់ ចូលរួមអនុវត្តផែនការសកម្មភាព អនុតំបន់ ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ការផលិត និងការចរាចរគ្រឿងញៀន គ្រប់ប្រភេទចេញពីតំបន់ត្រីកោណមាស ទៅកាន់ប្រទេសផ្សេងៗ ទាំងក្នុងតំបន់និងជុំវិញពិភពលោក។

ជាមួយគ្នានេះកម្ពុជា ក៏បាននិងកំពុងដំណើរការយ៉ាងសកម្ម ក្នុងការអនុវត្តន៍យុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤ ជាពហុវិស័យ សំដៅលើកកម្ពស់ សុខុមាលភាព ប្រជាពលរដ្ឋ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សង្គមទប់ស្កាត់ ការផលិតនិងការ ចរាចរគ្រឿងញៀនខុសច្បាប់ នៅក្នុងតំបន់យើងទាំងមូល ហើយកម្ពុជាបានបង្រ្កាប និងទប់ស្កាត់ការចរាចរ គ្រឿងញៀនឆ្លងកាត់ទៅកាន់ ប្រទេសនានា ជាច្រើនករណី និងក្នុងបរិមាណច្រើន រាប់រយគីឡូក្រាម រួចមកហើយ ។

ជាមួយគ្នានេះដែរ ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាព នៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងតំបន់របស់យើងទាំងមូលកម្ពុជា យល់ឃើញថា ៖

  • គួរយកចិត្តទុកដាក់ពង្រឹងយន្តការ ដែលមានស្រាប់ និងការបង្កើតបន្ថែមយន្តការថ្មីៗមួយចំនួន ថែមទៀត ឲ្យស្របទៅនឹងស្ថានភាពថ្មី នៃបញ្ហាគ្រឿងញៀន នៅក្នុងតំបន់របស់យើង។
    -គួរជំរុញនិងលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែសកម្មថែមទៀត នូវការងារត្រួតពិនិត្យបទល្មើសគ្រឿងញៀន ជាពិសេសនៅតាមតំបន់ និងតាមច្រកព្រំដែននីមួយៗ ។
  • គួរផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការទប់ស្កាត់ការផលិត និងការ ចរាចរគ្រឿងញៀន ចេញពីតំបន់ត្រីកោណមាស ។ យើងគួរបន្តខិតខំប្រឹងប្រែង បន្ថែមទៀត ក្នុងការគៀងគរ ប្រភពគាំទ្រហិរញ្ញវត្ថុ និងបច្ចេកទេសពីបណ្តា ប្រទេសផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រផែនការ សកម្មភាពអនុតំបន់ របស់យើងឱ្យកាន់តែល្អប្រសើរ ថែមមួយកម្រិតទៀត ។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះ ប្រទេសសមាជិក នៃអនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីការត្រួតពិនិត្យគ្រឿងញៀន បានសម្តែងនូវការព្រួយបារម្ភ ចំពោះការកើនឡើង នៃការផលិតនិងការជួញដូរគ្រឿងញៀន សំយោគដោយក្រុមឧក្រិដ្ឋជន ដែលមានអង្គការចាត់តាំងដែលភាគច្រើន អាចធ្វើឡើងដោយសារការបង្វែរ សារធាតុគីមីផ្សំ ពីប្រភពស្របច្បាប់ ទៅផលិតគ្រឿងញៀន សំយោគខុសច្បាប់ ហេតុនេះដើម្បីឆ្លើយតបទៅនិងបញ្ហានេះ ក៏ដូចជានិន្នាការ នៃបញ្ហាគ្រឿងញៀន នាពេលបច្ចុប្បន្ន អង្គប្រជុំបាន សម្រេចចេញ នូវសេចក្តីប្រកាសទីក្រុងបាងកក ស្តីពីការឆ្លើយតបប្រកប ដោយប្រសិទ្ធភាព និងអនុម័តនូវផែនការ សកម្មភាពអនុតំបន់ទី១១ ដោយក្នុងនោះផ្តោតសំខាន់ ទៅលើកិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យគ្រឿងញៀន ឆ្លងដែន ការទប់ស្តាត់ និងបង្ក្រាបការផលិត ការជួញដូរ និងការចរាចរគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ និងសារធាតុគីមីផ្សំ តាមផ្លូវគោក ផ្លូវអាកាស និងផ្លូវសមុទ្រ ព្រមទាំងការពង្រឹង កិច្ចខិតខំប្រឹងប្រែង ក្នុងការព្យាបាលអ្នកញៀនគ្រឿងញៀន កៀងគរជំនួយផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុ ៕

To Top