ព័ត៌មានជាតិ

កម្ពុជាស្វាគមន៍គម្រោង វិនិយោគលើគ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យាកសិកម្មវៃឆ្លាតរបស់ចិន

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទស្វាគមន៍គម្រោងវិនិយោគ លើវិស័យគ្រឿងយន្តកសិកម្មរបស់ចិននៅកម្ពុជា។ នេះបើយោងតាម ហ្វេសប៊ុកក្រសួងកសិកម្ម ។

លោក Chunxin Zhan នាយកក្រុមហ៊ុនវិទ្យសាស្រ្ត ឧស្សាហកម្មធន់ធ្ងន់ និងបច្ចេកវិទ្យា Zoomlion ប្រទេសចិន ក្នុងជំនួបជាមួយរដ្ឋមន្រ្តីកសិកម្ម ដើម្បីពិភាក្សាការងារជម្រុញការស្រាវជ្រាវ ការប្រើប្រាស់គ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យាកសិកម្មវៃឆ្លាតនៅកម្ពុជា នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកមើលឃើញពីការវិវឌ្ឍ ជាវិជ្ជមានយ៉ាងលឿនគួរឲ្យកត់សម្គាល់របស់កម្ពុជាដែលជាហេតុផល ទាក់ទាញក្រុមហ៊ុនសិក្សាស្វែងយល់ បន្ថែមអំពីស្ថានភាព សក្តានុពលនៃវិស័យកសិកម្មកម្ពុជា និងការប្រើប្រាស់ គ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យាទាក់ទងសំខាន់ៗ មួយចំនួនទៀត។ 

លោក វេង សាខុន ស្វាគមន៍ និងលើកទឹកចិត្តចំពោះក្រុមហ៊ុន ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួង និងផែនការ វិនិយោគរយៈពេលវែង លើវិស័យគ្រឿងយន្តកសិកម្ម នៅកម្ពុជា ស្របពេលក្រសួងកំពុងជំរុញ និងយកចិត្តទុកដាក់ ក្នុងការអនុវត្តទំនើបកម្ម កសិកម្មតាមរយៈប្រើប្រាស់ បច្ចេកវិទ្យាទំនើបទាន់សម័យ ប្រព័ន្ធឌីជីថល និងយន្តូបនីកម្មកសិកម្ម ដើម្បីបង្កើនតម្លៃបន្ថែម លើការផលិត កាត់បន្ថយពេលវេលា ពលកម្ម ធានាប្រសិទ្ធភាពការងារ គុណភាព និងសុវត្ថិភាពផលិតផល៕

To Top