ភ្នំពេញ ៖ ក្រោយពីសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះទីវង្គត ស្ថានទូតប្រទេសមហាអំណាច៣ប្រចាំកម្ពុជា បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត។
ទូតទាំង៣ប្រទេសនោះរួមមាន៖ ចិន ជប៉ុន និងបារាំង។
សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយទិវង្គតក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២៖៣០នាទីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យប្រទេសថៃ ដោយជរាពាធ ។ សម្ដេចរាជបុត្រី ព្រះប្រសូត្រ នៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។
សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី មានចិត្តស៊ូប្តូរខ្លួន ចំពោះរបាំព្រះរាជទ្រព្យ រហូតបានក្លាយទៅជាតួអង្គអវតា តំណាងរបាំនេះយ៉ាងល្បីរន្ទឺ ដែលបាននាំឲ្យពិភពលោកស្គាល់ពីកម្ពុជា កាន់តែច្បាស់ឡើង ។
ក្រោយសោយព្រះទីវង្គតបានមួយថ្ងៃ ទូតចិនបានសម្តែងនូវព្រះរាជមរណទុក្ខនេះយ៉ាងក្រៀមក្រំបំផុត។ ទូតបានលើកពីស្នាព្រះហស្តព្រះអង្គថា សម្តេចព្រះរៀម ព្រះអង្គទ្រង់ បានលះបង់ព្រះកាយពលយ៉ាងធំធេង ក្នុងការផ្សព្វផ្សាយរបាំព្រះរាជទ្រព្យកម្ពុជា ព្រមទាំងការផ្សព្វផ្សាយមរតកបន្ត និងការអភិវឌ្ឍ នៃមិត្តភាពរវាងចិន-កម្ពុជា ដែលទាំងនេះ នឹងត្រូវបានកត់ត្រាចូលក្នុងប្រវត្តិសាស្រ្តជានិរន្តរ៍ ។
ចំណែកទូកស្ថានទូតជប៉ុនវិញ នៅល្ងាចថ្ងៃ១៨ វិច្ឆិកា បានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ព្រមទាំងព្រះរាជវង្សានុវង្ស និងប្រជាជនកម្ពុជាទាំងអស់ចំពោះការយាងសោយទិវង្គត របស់សម្ដេចព្រះរៀម នរោត្តម បុប្ផាទេវី។
ឯកអគ្គរាជទូតជប៉ុនបានលើកឡើងថា “ខ្ញុំមានទុក្ខជាទម្ងន់ក្រោយ ពីបានទទួលដំណឹងថា សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុបា្ជទេវី បានយាងសោយព្រះពិរាល័យ ដោយព្រះរោគាពាធ។ ព្រះអង្គបានលះបង់ពេញមួយជីវិត របស់ទ្រង់ ថែរក្សាប្រពៃណីវប្បធម៌កម្ពុជា ជាពិសេសគឺរបាំព្រះរាជទ្រព្យ។ ព្រះអង្គបានដឹកនាំ «Secred Dancers of Angkor» យាងទៅកាន់ប្រទេសជប៉ុន ដើម្បីបង្ហាញពីរបាំប្រពៃណីដ៏ល្អឥតខ្ចោះរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់អ្នកចូលរួមទស្សនាទាំងអស់កាលពីឆ្នាំ២០១៦។ព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់របស់ទ្រង់ក្នុងកម្មវិធីវប្បធម៌ផ្សេងៗរបស់ស្ថានទូតជប៉ុនរៀបចំ ពិតជាផ្តល់នូវកម្លាំងចិត្តយ៉ាងមោះមុត សម្រាប់ក្រុមការងារយើងខ្ញុំ”។
ដោយឡែកស្ថានទូតបារាំង ក៏បានផ្ញើសារសម្តែងមរណៈទុក្ខដ៏ក្រៀមក្រំបំផុតផងដែរ ។ គេហទំព័រហ្វេសប៊ុក របស់ស្ថានទូតបារាំងប្រចាំកម្ពុជា បានសរសេរថា “សូមសម្តែងមរណៈទុក្ខដ៏ក្រៀមក្រំ បំផុតថ្វាយព្រះញាតិវង្សរបស់ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី អតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាដួងព្រលឹងនៃរបាំព្រះរាជទ្រព្យកម្ពុជា” ។
ស្ថានទូតបារាំងបញ្ជាក់ថា ក្នុងនាមជាមិត្តដ៏ជិតស្និទ្ធរបស់បារាំង សម្ដេចព្រះរៀម នរោត្តម បុប្ផាទេវី ទទួលបានគ្រឿងឥស្សរិយយសសិល្បៈ និងអក្សរសាស្រ្ត ថ្នាក់ធិបឌិន្ទ ពីបារាំងផងដែរ ៕