ព័ត៌មានជាតិ

តំណាង ប.ស.ស ២រូប ចូលរួមកិច្ចប្រជុំ “អភិបាលកិច្ចល្អ លើការវិនិយោគ ប្រកបដោយចីរភាព និងនិរន្តរភាព ការអភិវឌ្ឍន៍សង្គម និងបរិស្ថាន” នៅឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី ៖ មន្រ្តីជំនាញ ២រូប នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា ក្រោមការចាត់តាំងពីសំណាក់ លោក អ៊ុក សមវិទ្យាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិ សន្តិសុខសង្គម បានចូលរួមកិច្ចប្រជុំ ពិភាក្សា ASEAN Pension Funds and Social Security  System  Summit (APIC) លើប្រធានបទ “អភិបាលកិច្ចល្អលើការវិនិយោគ ប្រកបដោយចីរភាព និងនិរន្តរភាពការអភិវឌ្ឍន៍សង្គម និងបរិស្ថាន” នៅ Mandarin Oriental Hotel ក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ។

លោក គាត ពុធណារិទ្ធិ ប្រធានការិយាល័យ សោធន តំណាង ឱ្យបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា បានប្រាប់ឱ្យដឹងថា៖ គោលបំណង នៃកិច្ចប្រជុំពិភាក្សាខាងលើ គឺផ្តោតសំខាន់ ទៅលើការវិនិយោគ មូលនិធិសោធន, Environmental Social and Governance (ESG) និង Sustainable Development Goal (SDG) ដើម្បីការពារផលប្រយោជន៍ របស់និយោជិត។ 

លោក បានឱ្យដឹងបន្ថែមថា ៖ ក្នុងកិច្ចប្រជុំពិភាក្សានេះ តំណាងបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) កម្ពុជា ត្រូវបានអង្គប្រជុំអនុញ្ញាត ឱ្យបង្ហាញអំពីវឌ្ឍនៈភាព នៃការអនុវត្តរបបសន្តិសុខសង្គម របស់កម្ពុជា ក៏ដូចជាបទពិសោធន៍កន្លងមកដែលកម្ពុជា អនុវត្តលើវិស័យដ៏ល្អមួយនេះ បានជោគជ័យ និងប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ទៅកាន់សិក្ខាកាម នៃបណ្តាប្រទេសជាច្រើន ដែលបានចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ខាងលើផងដែរ ។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តិទៅចំនួន ២ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដោយមានសិក្ខាកាមចូលរួម មកពីបណ្តាប្រទេសចំនួន ១២ រួមមាន ៖ កម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ាអូស្ត្រាលី សាំងហ្គាពូ ជប៉ុន អង់គ្លេស កូរ៉េ ចិន កាណាដា ហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ី សរុបប្រមាណជាង ៤០ រូប ៕

To Top