ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី អះអាងថា កម្ពុជា-កូរ៉េ នៅមានសក្ដានុពល ជាច្រើន អាចសហការជាមួយគ្នាបាន

ភ្នំពេញ៖ សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងជំនួបជាមួយលោក ផាក ហ៊ីង ឃ្យុង (Park Heung Kyeong) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋកូរ៉េថ្មី ប្រចាំនៅកម្ពុជានៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអះអាងថា កម្ពុជា-កូរ៉េ នៅមានសក្ដានុពលជាច្រើន អាចសហការជាមួយគ្នាបាន ។ នេះបើយោងតាមហ្វេសប៊ុក សម្ដេចតេជោ នាយករដ្ឋមន្រ្តី។

នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការអបអរសាទរ ចំពោះលោកឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋកូរ៉េ ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា។ អ្វីដែលសំខាន់ នៅក្នុងជំនួបនេះ ក្រោយពីបានតែងតាំង ជាឯកអគ្គរដ្ឋទូត សាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា រួចហើយ គឺមាន ១)កិច្ចប្រជុំកុំពូលរម្លឹកខួបអនុស្សាវរីយ៍ អាស៊ាន-កូរ៉េ និង ២)កិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ ដែលកន្លងមកភាគីកូរ៉េ ក៏បានទទួលយក នូវគំនិតផ្តួចផ្តើមនេះ ដែលកាលពីមុនគឺ មានត្រឹមតែកម្រិតរដ្ធមន្រ្តី តែប៉ុណ្ណោះ ប៉ុន្តែពេលនេះ គឺកម្រិតប្រមុខដឹកនាំរដ្ធាភិបាលចូលរួម។

សម្ដេចតេជោ ហ៊ុន សែន ពិតជាមានក្តីសមោនស្សរីករាយ ដែលភាគីកូរ៉េ ក៏ដូចជាប្រទេសមេគង្គ៤ផ្សេងទៀត បានទទួលយកគំនិតផ្តួចផ្តើម បង្កើនកម្រិតប្រមុខដឹកនាំ ប្រទេសអោយបានចូលរួម នៅក្នុងកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំ កំពូលទាំងពីរខាងលើនេះ នៅសាធារណរដ្ឋកូរ៉េ នៅថ្ងៃអាទិត្យ ទី២៤ វិច្ឆិកា នេះ។

ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ រំលឹកពីទំនាក់ទំនង កូរ៉េនិងកម្ពុជា ដែលមានរូបសម្ដេចផ្ទាល់ ជាស្ថាបនិកនៃទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរ ដែលមកដល់ពេ លនេះ គឺមានការរីកចម្រើនយ៉ាងច្រើន លើគ្រប់វិស័យ រួមទាំងវិស័យការងារ សំរាប់ពលករខ្មែរ ជាង៥ម៉ឺននាក់ ដែលកំពុងធ្វើការនៅ សាធារណរដ្ឋកូរ៉េនាបច្ចុប្បន្ន ដែលនាំមកនូវប្រាក់ចំណូលរាប់រយលានដុល្លារមកកម្ពុជា។ សម្ដេចតេជោ គ្រោងនឹងជួបជាមួយបងប្អូនពលករខ្មែរនៅកូរ៉េ នៅថ្ងៃទី២៤ ខែវិច្ឆិកា ខាងមុខនេះ។

លោក Park Heung Kyeong ក៏បានអរគុណ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហើយបានបញ្ជាក់ជូន សម្ដេចតេជោ ថា ក្នុងនាមលោក ជាឯកអគ្គរដ្ឋទូតថ្មី នឹងបន្តធ្វើ យ៉ាងណាឲ្យ កិច្ចសហប្រតិបត្តិការទ្វេភាគី បន្តមានភាពរីកចម្រើន ថែមទៀត ជាពិសេសនឹងជំរុញ ធ្វើយ៉ាងណាអោយបន្ត លើការអភិវឌ្ឍលើវិស័យផ្សេងៗ ដូចជាវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវិស័យផ្សេងៗទៀត។ ពាក់ព័ន្ធនឹងការដំឡើង កម្រិតនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស មេគង្គ កូរ៉េ ឲ្យទៅជាកម្រិតកិច្ចប្រជុំកំពូល រវាងមេដឹកនាំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមេគង្គកូរ៉េនោះ អគ្គរដ្ឋទូតក៏បានកោតសរសើរ សម្តេចតេជោនាយករដ្ឋមន្ត្រី នូវគំនិតផ្តួចផ្តើម ដ៏ឈ្លាសវៃរបស់ សម្តេចនាយករដ្ឋមន្រ្តី។

នៅក្នុងកិច្ចពិភាក្សាគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ដល់កូរ៉េដែលបានជួយដល់កម្ពុជា រួមទាំងភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូ រ៉េដែលនឹងផ្ដល់ជំនួយ១០ លានដុល្លារ ដល់វិស័យដោះមីននៅកម្ពុជា។

សម្ដេចតេជោបានប ញ្ជាក់ផងដែរថា កម្ពុជានិងកូរ៉េគឺនៅមានសក្កានុពលជាច្រើន ដែលយើងអាចសហការជាមួយគ្នាបាន។ ប៉ុន្តែសហប្រតិបត្តិការមួយដ៏សំខាន់ ដែលសម្តេចតេជោ ចង់បានឆាប់បំផុតនោះ គឺចង់អោយមាន “ កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងកម្ពុជា-កូរ៉េ” ដើម្បីធ្វើយ៉ាងណាបើកទីផ្សារ នៅកូរ៉េឲ្យបានច្រើន សម្រាប់ការនាំចេញ កសិផលកម្ពុជាទៅកាន់នោះ។

សម្តេចតេជោ បានជូនពរអោយ លោកឯកអគ្គរដ្ឋទូត Park Heung Kyeong ទទួលបានជោគជ័យ នៅក្នុងបេសកកម្មការទូតនៅកម្ពុជា៕ដោយ បាន ធារ៉ូ

To Top