ព័ត៌មានជាតិ

រាជរដ្ឋាភិបាល អនុញ្ញាតឲ្យវិទ្យុខ្មែរប៉ុស្តិ៍របស់ មាជ សុវណ្ណារ៉ា បើកការិយាល័យ នៅកម្ពុជាឡើងវិញ

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានយល់ព្រមអនុញ្ញាត ឲ្យវិទ្យុខ្មែរប៉ុស្តិ៍ (KPR) ដែលមានមូលដ្ឋាននៅអាមេរិក បើកការិយាល័យនៅកម្ពុជាឡើងវិញ ។

វិទ្យុខ្មែរប៉ុស្តិ៍ (KPR) ត្រូវបានគេដឹងថា ជារបស់លោក មាជ សុវណ្ណារ៉ា អតីតសកម្មជនគណបក្សសង្រ្គោះជាតិ។ វិទ្យុខ្មែរប៉ុស្តិ៍ ត្រូវបានផ្អាកការផ្សាយរបស់ខ្លួន តាមរលកធាតុអាកាស FM ១០៥ នៃវិទ្យុសំបុកឃ្មុំនៅកម្ពុជា តាំងពីឆ្នាំ២០១២ ។

ការអនុញ្ញាតឲ្យវិទ្យុនេះ ផ្សាយវិញធ្វើឡើង ក្នុងជំនួបពិភាក្សារវាង លោក មាជ សុវណ្ណារ៉ា ស្ថាបនិកនៃមជ្ឈមណ្ឌលព័ត៌មានខ្មែរប៉ុស្តិ៍ (វិទ្យុខ្មែរប៉ុស្តិ៍) ជាមួយលោក ខៀវ កាញារីទ្ធ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា “ក្នុងនាមតំណាងឲ្យរដ្ឋាភិបាលកម្ពុជា បានយល់ព្រមអនុញ្ញាតច្បាប់ ឲ្យវិទ្យុខ្មែរប៉ុស្តិ៍ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បើកទ្វារការិយាល័យឡើងវិញនៅកម្ពុជា” ។

បើតាមលោក មាជ សុវណ្ណារ៉ា បន្ទាប់ពីមានទំនាក់ទំនងការទូត ល្អប្រសើរឡើងវិញ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក បានអនុញ្ញាតឲ្យវិទ្យុសម្លេងសហរដ្ឋអាមេរិក VOA , វិទ្យុអាស៊ីសេរី RFA , និងវិទ្យុខ្មែរប៉ុស្តិ៍ KPR បើកការិយាល័យ នៅកម្ពុជាឡើងវិញ៕ ដោយ៖ អេង ប៊ូឆេង

To Top