ព័ត៌មានជាតិ

កម្ពុជាកំពុងពង្រីកវិសាលភាព តំបន់ទេសចរណ៍គ្មានផ្សែងបារី ឲ្យកាន់តែធំទូលាយ

ភ្នំពេញ៖លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងអះអាងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំ ពង្រីកវិសាលភាព តំបន់ទេសចរណ៍គ្មានផ្សែងបារី ឲ្យកាន់តែធំទូលាយ សំដៅរួមចំណែកធ្វើឲ្យបរិស្ថាន មានភាព ស្រស់បំព្រង គួរជាទីរមនាដល់ភ្ញៀវទេសចរជាតិ ក៏ដូចជាអន្តរជាតិ។

ក្នុងពិធីបើកកិច្ចប្រជុំ ថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៧ ស្តីពីទីក្រុងគ្មានផ្សែងបារី ធ្វើឲ្យទេសចរណ៍កាន់តែល្អប្រសើរ និងអភិរក្សបេតិកភណ្ឌយើង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ថោង ខុនបាន ជំរុញក្រសួង-ស្ថាប័ន និងអ្នកពាក់ព័ន្ធទាំងអស់ ពិសេសរដ្ឋបាលខេត្តសៀមរាប ខិតខំប្រែក្លាយ មណ្ឌលកម្សាន្ត «Pub Street» នៅក្នុងក្រុងសៀមរាប ទៅជាតំបន់ទេសចរណ៍គ្មានផ្សែងបារី និងមានបរិស្ថានស្អាត។

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ជា «មាសបៃតង» ក្នុងការរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ព្រមទាំងការពារបរិស្ថាន និងអភិរក្សវប្បធម៌ ប្រពៃណី ប្រាង្គប្រាសាទនានា ដែលជាសម្បត្តិបេតិកភណ្ឌ មិនអាចកាត់ថ្លៃបាន។

លោកឲ្យដឹងទៀតថា បរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ គឺជាគោលការណ៍មួយ ដែលក្រសួងទេសចរណ៍ បានប្រកាន់ខ្ជាប់ ដើម្បីចូលរួមលើកកម្ពស់ ក្នុងការទប់ស្កាត់ផលប៉ះពាល់សុខភាព និងបរិស្ថានដែលកើតឡើង ពីផលិតផលថ្នាំជក់។

លោកបន្ថែមថា “ជាក់ស្តែងរាជរដ្ឋាភិបាល បានបង្កើតក្រុមការងារបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ ដើម្បីធ្វើការងារដោយផ្ទាល់ ជាមួយផ្នែកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ក្នុងន័យធានាឲ្យបានថា កម្ពុជាកំពុងអភិវឌ្ឍន៍ វិស័យទេសចរណ៍មួយ ដែលគ្មានផ្សែងបារី សក្តិសមជាមាសបៃតង ដែលបានចូលរួម កសាងសេដ្ឋកិច្ចបៃតង និងសហគមន៍បៃតង”។

លោករដ្ឋមន្ត្រី បន្ថែមទៀតថា ដើម្បីជំរុញគាំទ្រ ឲ្យទីក្រុងគ្មានផ្សែងបារី រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ នៅឆ្នាំ២០១៥ ព្រមទាំងអនុក្រឹត្យ ប្រកាស សារាចរ និងសេចក្តីណែនាំនានា ក្នុងការជំរុញឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសមួយ ដែលគ្មានផ្សែងបារី ។

លោកសង្កត់ធ្ងន់ថា ការបង្កើតទីក្រុងទេសចរណ៍គ្មានផ្សែងបារី ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍បៃតង នៅតាមសហគមន៍ទេសចរណ៍ តាមតំបន់ប្រាង្គប្រាសាទ និងតំបន់អេកូទេសចរណ៍ធម្មជាតិនានា៕ ដោយ៖ធី លីថូ

To Top
×