នយោបាយ

សម្តេចតេជោ ឧបត្ថម្ភអ្នកស្លាប់ ក្នុងឧបទ្ទេវហេតុ បាក់សាលាឆាន់ នៅសៀមរាបម្នាក់ៗ ២០លានរៀល និងរងរបួស៣លានរៀល

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឧបត្ថម្ភចំពោះអ្នកស្លាប់ ក្នុងឧបទ្ទេវហេតុបាក់រលំអគារ សាលាឆាន់នៅខេត្តសៀមរាប ក្នុងម្នាក់ៗចំនួន២០លានរៀល និងរងរបួសចំនួន៣លានរៀល។ នេះបើតាមហ្វេសប៊ុក របស់រដ្ឋបាលសាលាខេត្តសៀមរាប ។

ការឧបត្ថម្ភ របស់សម្តេចនេះ ក្រោយពីវេលាម៉ោង ១៤៖១៥នាទីរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ មានករណីបាក់រលំអគារការដ្ឋាន សាងសង់សាលាធម្មសភា នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។ ក្រោយកើតហេតុក្រុមការងារ ក៏បានជួយសង្គ្រោះបានទាន់ពេលវេលា ដោយរុករកបានជនរងគ្រោះ សរុបចំនួន ១៦នាក់ ក្នុងនោះស្លាប់ ៣នាក់ របួសធ្ងន់ ៣នាក់ និងស្រាល ១០នាក់។

ក្រោយពីទទួលបានព័ត៌មាន ដ៏សោកសង្រេងនេះរួចមក សម្តេចតេជោបានចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះឧបទ្ទេវហេតុ ដែលបានកើតឡើងនេះ ព្រមទាំងបានឧបត្ថម្ភថវិកា ដល់គ្រួសារសព និងជនរងគ្រោះទាំង ១៦នាក់ នេះផងដែរ តាមរយៈប្រតិភូគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរខេត្តដែលដឹកនាំដោយលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ក្នុងនោះជនរងគ្រោះចំនួន ១៣នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន ៣លានរៀល ចំណែកគ្រួសារសពចំនួន ៣នាក់ ក្នុងមួយគ្រួសារទទួលបានថវិកា ២០លានរៀល។

ក្នុងនោះដែរ អ្នកឧកញ៉ា សៀង ណាំក៏បានឧបត្ថម្ភជនរងគ្រោះ ក្នុងម្នាក់ៗទទួលបានថវិកា ១០០ដុល្លារ និងជនរងគ្រោះម្នាក់ដែលបានធ្វើការព្យាបាលនៅរាជធានីភ្នំពេញ ទទួលបានថវិកា ៣០០ដុល្លារ និងគ្រួសារសពក្នុងមួយគ្រួសារទទួលបានថវិកា ៣០០ដុល្លារ ផងដែរ៕

To Top